ជាតិ
សហជីពណាហ្កាវើលដ៏៖ កម្មករនឹងស្នើទៅសម្ដេច​ ហ៊ុន សែន បើវិវាទការងារនៅតែគ្មានដំណោះស្រាយ
17, Jun 2022 , 9:59 pm        
រូបភាព
សន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃដំណើរការដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញនិងប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍ នាព្រឹកថ្ងៃទី ១៧មិថុនា។
សន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃដំណើរការដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញនិងប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍ នាព្រឹកថ្ងៃទី ១៧មិថុនា។
ដោយ៖ញឺក សំអូន

ភ្នំពេញ៖ កម្មករនិយោជិត និងក្រុមហ៊ុន បានចរចាគ្នា ១៣លើកហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។ កញ្ញា ឈឹម ស៊ី​ថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុនណាហ្គាវើលដ៏ បានលើកឡើងថា ពួកគេនឹងរៀបចំឯកសារដាក់ទៅប្រមុខរដ្ឋាភិបាល ដើម្បីសុំអន្តរាគមន៍រកដំណោះស្រាយតាមនីតិវិធី។




ក្រៅពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនោះ តំណាងសហជីពបាននាំគ្នាស្វែងរកអង្គការ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យជួយរកដំណោះស្រាយសមស្របមួយឱ្យពួកគេ។ នេះបើតាមកញ្ញា ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃដំណើរការដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេ ញនិងប្រើប្រាស់អំពើហិង្សា លើកូដករក្រុមហ៊ុនណាហ្គាវើលដ៍ នាព្រឹកថ្ងៃទី ១៧មិថុនា។
 
ប្រធានសហជីពរូបនេះ បន្ថែមថា ពួកគេមិនមានជំនឿទៅលើក្រសួងការងារ ក្នុងការរកដំណោះស្រាយប្រកបដោយតម្លាភាព និងយុត្តិធម៌ ដែលអាចឲ្យភាគីទាំងសងខាង អាចទទួលយកបាននោះឡើយ។
 
«ប្រសិនបើមិនមានដំណោះស្រាយទៀត ប្រហែលជាយើងរំខានទៅប្រមុខថ្នាក់ដឹកនាំប្រទេសយើង ក្នុងការជំរុញឱ្យមានដំណោះស្រាយជុំវិញរឿងនេះ»។ នេះបើតាមកញ្ញា ស៊ីថរ។
ជាមួយគ្នានេះ កញ្ញា ស៊ីថរ បានបន្តថា ក្រុមការងារកំពុងរៀបចំឯកសារដាក់ទៅសម្ដេច ហ៊ុន សែន ដើម្បីស្នើឱ្យសម្ដេចជួយអន្តរាគមន៍ រកដំណោះស្រាយវិវាទការងារនេះ។
 
ប្រធានសហជីពរូបនេះ បានបន្ថែមថា ពួកគេ ទំនងជាគ្មានជម្រើសអ្វីល្អជាងការដាក់ញត្តិទៅខុទ្ទកាល័យរបស់សម្ដេច  ដើម្បីដោះស្រាយបញ្ចប់វិវាទនោះទេ។
 
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើករណីវិវាទនេះបានទេ។
 
សូមជម្រាបថា បុគ្គលិកណាហ្កាវើលដ៍ បាននាំគ្នាចេញតវ៉ាចំពោះក្រុមហ៊ុនហ្កាវើលដ៍ ចាប់តាំងខែធ្នូ ឆ្នាំ២០២១មក ដោយមានកម្មករនិយោជិតជាង ៣០០នាក់ ។ ប៉ុន្តែបច្ចុប្បន្ននៅសល់កម្មករ ១៧០នាក់ប៉ុណ្ណោះ ដែលបន្តសកម្មភាពតវ៉ាទាមទារលក្ខខណ្ឌការងារ៕
 
 
 
 

Tag:
 វិវាទការងារ
  ណាហ្កាវើលដ៏
© រក្សាសិទ្ធិដោយ thmeythmey.com