បច្ចុប្បន្ន ទោះបីកម្ពុជារងសម្ពោធសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែទុនបម្រុងអន្តរជាតិរបស់កម្ពុជា នៅតែមានកម្រិតខ្ពស់។ នេះជាការលើកឡើងរបស់លោកស្រី ជា សិរី ឧបការី និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ដោយបញ្ជាក់ថា ទុនបម្រុងអន្តរជាតិដែលកម្ពុជាមាននោះ គឺអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បានរហូតដល់ ៨ខែ។
លោកស្រី ជា សិរី បាននិយាយថា សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនិងពិភពលោកនៅក្នុងឆ្នាំ២០២១ បានបន្តងើបឡើង បើទោះជាប្រឈមនឹងការលេចឡើងនូវប្រភេទមេរោគបំប្លែងថ្មីនៃជំងឺកូវីដ-១៩ និងការកើនឡើងនៃអត្រាអ្នកឆ្លងក៏ដោយ។ ប៉ុន្តែ ការងើបឡើងវិញនេះមានភាពខុសគ្នាទៅតាមប្រទេសនីមួយៗនិងនៅមានភាពផុយស្រួយនៅឡើយ។
ចំពោះកម្ពុជា ភាពអំណោយផលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក គួបផ្សំនឹងជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទូទាំងប្រទេស បានជំរុញដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចក្នុងទម្រង់ជាអក្សរ V ជាមួយនឹងអត្រាកំណើន៣ភាគរយ នៅឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ -៣,១ភាគរយក្នុងឆ្នាំ២០២០។ នេះជាការលើកឡើងរបស់លោកស្រី ជា សិរីបានបញ្ជាក់ថា កំណើននេះត្រូវបានគាំទ្រជាចម្បងដោយកំណើននាំចេញសម្លៀកបំពាក់និងផលិតផលកសិកម្ម និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ក៏ដូចជាពាណិជ្ជកម្មលក់ដុំនិងរាយ។
ជាមួយគ្នានេះ ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ និងអាចផ្តល់ឥណទានចាំបាច់ដើម្បីគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០២១ ទ្រព្យសកម្មកើនឡើង១៨ភាគរយ និងប្រាក់បញ្ញើនៃប្រព័ន្ធធនាគារបានកើនឡើង១៧,៧ភាគរយ។ រីឯ ឥណទានអតិថិជនវិញកើន២៣,៥ភាគរយ។
ក្នុងសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២១» នៅទីស្នាក់ការធនាគាជាតិនៃកម្ពុជា នាថ្ងៃទី១៧មិថុនា លោកស្រី ជា សិរី បានបន្តនិយាយថា៖ «ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់ ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណជាង៨ខែ ខ្ពស់ជាងកម្រិតអប្បបរមា ៣ខែដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន»។
តាមអ្នកជំនាញ ទុនបម្រុងអន្តរជាតិដែលកម្ពុជាកំពុងមានបច្ចុប្បន្ន បើធៀបនឹងស្តង់ដារអន្តរជាតិ គឺមានទំហំច្រើនមែនទែន ខណៈកន្លងមកកម្ពុជាប្រើប្រាស់ទុននេះភាគច្រើន ទៅលើការសង់ម្ចាស់បំណុលនៅតាមបណ្តាលប្រទេសផ្សេងៗប៉ុណ្ណោះ។
កាលពីថ្ងៃទី២៧ឧសភា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន បានបញ្ជាក់នៅក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្តីពី«អនាគតរបស់អាស៊ី»តាមប្រព័ន្ធអនឡាញ ថា ទំហំបំណុលរបស់កម្ពុជានៅមានក្នុងកម្រិតទាបនៅឡើយ។ សម្តចមានប្រសាសន៍យ៉ាងដូច្នេះ៖ «បើគិតមកដល់ពេលនេះ ពិដានសម្រាប់ការខ្ចីរបស់យើង ដែលគេអនុញ្ញាតឱ្យខ្ចីគឺមានរហូតទៅដល់៤០ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)ឯណោះ។ ពេលនេះ យើងខ្ញុំទើបខ្ចីគេបានតែ២៣ភាគរយ ប៉ុណ្ណោះ»។
សម្រាប់បំណុលដែលកម្ពុជាជំពាក់បរទេស គឺមានជាងពាក់កណ្តាលជាកម្ចីមានការប្រាក់ទាបក្នុងរយៈពេលវែង (Concessional Loan)។ ដូច្នេះ អ្នកជំនាញពីធនាគារជាតិនៃកម្ពុជា ជឿជាក់ថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជានៅតែមានភាពរឹងមាំក្នុងការគ្រប់ដណ្តាប់លើការនាំចូលទំនិញ និងសេវា ក្នុងគ្រាបន្ទាប់ នៃសម្ពោធសេដ្ឋកិច្ចពិភពលោក។ ក្នុងឆ្នាំ២០២១ កម្ពុជា មានទុនបម្រុងអន្តរជាតិ ២០,៥ពាន់ដុល្លារអាម៉េរិក៕