ជាតិ
មគ្គុទ្ទេសក៍៤៩រូប បញ្ចប់វគ្គ​វិក្រឹតការពិសេសមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ
18, Jun 2022 , 3:00 pm        
រូបភាព
ក្រុមមគ្គុទ្ទេសក៍ដែលជាសិក្ខាកាមវគ្គវិក្រឹតការជំនាន់ទី១ ទៅទស្សនាកិច្ចនៅតាមប្រាសាទ។ រូបភាពផ្តល់ជូនដោយ អាជ្ញាធរជាតិអប្សរា
ក្រុមមគ្គុទ្ទេសក៍ដែលជាសិក្ខាកាមវគ្គវិក្រឹតការជំនាន់ទី១ ទៅទស្សនាកិច្ចនៅតាមប្រាសាទ។ រូបភាពផ្តល់ជូនដោយ អាជ្ញាធរជាតិអប្សរា
សៀមរាប៖  មគ្គុទ្ទេសក៍ទេសចរណ៍ចម្រុះភាសា ក្នុងតំបន់អង្គរចំនួន៤៩នាក់ បានបញ្ចប់ការសិក្សាជាស្ថាពរ លើវគ្គវិក្រឹតការពិសេសមគ្គុទ្ទេសក៍ទេសចរណ៍ តំបន់សៀមរាប-អង្គរ។

 
វគ្គវិក្រឹតការពិសេស ត្រូវបានរៀបចំឡើងវិញ ក្រោយខកខានមួយរយៈ ដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩។ អាជ្ញាធរជាតិអប្សរា ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ បានបង្កើតវគ្គនេះឡើងវិញ ក្នុងបំណងដើម្បីចែករំលែកចំណេះដឹង និងបង្ហាញពីរបបគំហើយថ្មីៗ ដែលទើបប្រទះលើគម្រោងស្រាវជ្រាវ អភិរក្ស ជួសជុលនៅតំបន់រមណីយដ្ឋានអង្គរ។ មគ្គុទ្ទេសក៍៤៩នាក់ មានឱកាសចូលរួមវគ្គសិក្សាជំនាន់ទី១ ឆ្នាំ២០២២។ 
 
តំណាងសិក្ខាកាមជាមគ្គុទ្ទេសក៍ លោក សុខ វាសនា បានអរគុណ និងកោតសរសើរចំពោះអ្នករៀបចំវគ្គវិក្រឹតការនេះ ដែលផ្តល់ចំណេះដឹងដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាជួយលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា។ លោក វាសនា ក៏សំណូមពរឱ្យអាជ្ញាធរជាតិអប្សរា បន្តរៀបចំវគ្គនេះជាបន្តបន្ទាប់ទៀត ដែលនឹងជួយដុះខាត់ចំណេះដឹងថ្មីៗបន្ថែម ដល់មគ្គុទ្ទេសក៍ទេសចរណ៍ ដែលជាបុគ្គលដ៏សំខាន់មួយរូប ដើរតួជាអ្នករៀបរាប់ប្រវត្តិសាស្រ្ដតំបន់អង្គរប្រាប់ដល់ភ្ញៀវទេសចរ។
 
អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ក្នុងពិធីបិទ នារសៀលថ្ងៃទី១៦ ខែមិថុនា បានលើកឡើងថា ច្បាស់ណាស់ អាជ្ញាធរជាតិអប្សរា នឹងបន្តរៀបចំវគ្គវិក្រឹតការនេះបន្តទៀត ដែលវាជាទិសដៅនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាស្របតាមផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាបផងដែរ។ លោកបន្តថា វគ្គសិក្សានេះ ក៏​ចង់កាត់បន្ថយសកម្មភាពខុសឆ្គងមួយចំនួន របស់មគ្គុទ្ទេសក៍ទេសចរណ៍ ដែលពន្យល់ដល់ភ្ញៀវមិនត្រឹមត្រូវ ពីប្រវត្តិសាស្រ្ដតំបន់អង្គរ និងជាការពន្យល់ដែលមិនឆ្លើយតប ទៅនឹងវិទ្យាសាស្រ្ដ ដោយរឿងខ្លះគ្រាន់តែជាការនិទានតៗគ្នា។ 
 
លោក ឡុង កុសល ក៏សំណូមពរទៅកាន់មគ្គុទ្ទេសក៍ ឱ្យយកគ្នាជាដៃគូពិភាក្សា ដើម្បីប្រយោជន៍ជារួម។ លោក កុសល៖ «សូមឱ្យយកគ្នាជាដៃគូពិភាក្សា ទាំងមគ្គុទ្ទេសក៍ ក្រសួងទេសចរណ៍ អាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរា កុំឱ្យយកគ្នាក្នុងការវាយប្រហារ ដែលនាំឱ្យប៉ះពាល់ដល់ឆ្នាំងបាយ ដ្បិតថាធ្វើការខុសគ្នា តែដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ដូចគ្នា ការក្លាយជាដៃគូពិភាក្សាដើម្បីយល់ពីគ្នា ជួយគ្នា ស្ថាបនាគ្នា»។ 
 
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងសិក្សារយៈពេល១០ថ្ងៃរបស់មគ្គុទ្ទេសក៍ទេសចរណ៍គ្រប់រូប ព្រោះលោកយល់ថា ការរៀនសូត្រមិនមែនជារឿងងាយស្រួលទេ ហើយការអត់ធ្មត់ នឹងជួយឱ្យយើងសម្រេចបានអ្វីៗគ្រប់យ៉ាង។ 
 
ក្នុងនោះដែរ លោករដ្ឋលេខាធិការ បានចាត់ទុកវគ្គវិក្រឹតការនៅពេលនេះ គឺជាការខិតខំសំលៀងចំណេះដឹងបន្ថែម របស់មគ្គុទ្ទេសក៍ ក្រោយទុកចោលមួយរយៈដោយសារវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការត្រៀមខ្លួនឡើងវិញ ក្នុងការទទួលទេសចរនាពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានោះ ក៏ចង់ឃើញមគ្គុទ្ទេសក៍មួយចំនួន ដែលបានចាកចេញពីខេត្តសៀមរាប ទៅប្រកបរបរផ្សេងៗមួយរយៈ ដើម្បីដោះស្រាយជីវភាពនោះ គួរចាប់ផ្តើមត្រឡប់មកខេត្តសៀមរាបវិញ ដើម្បីជួយស្ដារ និងរៀបចំវិស័យទេសចរណ៍ជាតិជាមួយគ្នា៕
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com