ជាតិ
អាចារ្យ​ប្រមាណ១៥០នាក់ទៀត នឹងទទួលបាន​ការបណ្តុះពីតួនាទី ភារកិច្ច និងក្រមសីលធម៌
18, Jun 2022 , 6:59 pm        
រូបភាព
ភ្នំពេញ​៖ ក្រសួង​ធម្មការ​ និង​សាសនា​ នឹង​​​បើក​វគ្គ​បណ្ដុះ​បណ្ដាល​តួនាទី​ ភារកិច្ច​ និង​ក្រម​សីលធម៌​អាចារ្យ​ខ្មែរ​ជំនាន់​ទី​៣៨ ចំនួន​ប្រមាណ​១៥០​រូប​ នៅ​ទី​ស្ដី​ការ​ក្រសួង​ធម្មការ​និង​សាសនា​។ វគ្គ​បណ្ដុះ​បណ្ដាល​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ចន្ទទី​០៤-១០ ខែ​កក្កដា ឆ្នាំ​២០២២​។


 
លោក ញាណ​ ភឿន រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ និង​សាសនា បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ការ​បើក​វគ្គ​តួនាទី ភារកិច្ច និង​ក្រម​សីលធម៌​អាចារ្យ​ខ្មែរនេះ​ឡើង​ ​ក្នុងគោល​​បំណង​​ឱ្យ​អាចារ្យ ​ដឹងពី​​ទំនៀម​ប្រពៃណី ខ្មែរ ដោយ​​យក​ទៅ​​គោរព​ប្រតិបត្តិជា​គោល​ ក្នុង​ការ​ធ្វើ​ពិធី​ណា​មួយ​។ ទោះ​ជា​យ៉ាង​ណា លោក​ ញាណ ភឿន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​បណ្ដុះ​បណ្ដាល​នេះ ទុក​ដូច​ជា​ការ​ណែនាំ​ទៅ​អាចារ្យ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​សម្រាប់​ការ​អនុវត្តវិញ លោក​ពុំ​អាច​រំពឹង​ទុក​ថា អាចារ្យ​ទាំង​អស់​នឹង​ធ្វើ​តាម​ការ​ណែនាំ​ទាំង​ស្រុង​នោះ​​ឡើយ​។ 
 
រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ និង​សាសនា ពន្យល់​បន្ថែម​៖«វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ និង​ប្រាប់​អាចារ្យ​ពី​ការកកើត​ទំនៀម​ប្រពៃណី​របស់​ខ្មែរ​យើង​តាំង​ពី​ពេល​ណា ហើយ​គេ​ធ្វើ​អ្វី​ខ្លះ​។ យើង​ចង់​ឱ្យ​អាចារ្យ​ទាំង​អស់​ធ្វើ​តាម​ ​ទំនៀម​ប្រពៃណីល្អៗ​ និង​​កែ​ទំនៀម​ធ្វើ​តៗ​គ្នា​​ដែល​​អាក្រក់​ចេញ​។ វគ្គបណ្ដុះ​បណ្ដាល​នេះ ទុក​ដូច​ជា​ការ​ណែនាំ។ ​មិន​​​អាច​រំពឹក​ថា អាចារ្យ​ទាំង​អស់​នឹង​ធ្វើ​តាម​មួយ​រយ​ភាគ​រយ​ឡើយ ប៉ុន្តែ​យើង​នៅ​តែបន្ត​បណ្ដុះបណ្ដាល​ជា​បន្តបន្ទាប់​ទៀត​។ យើង​មិន​អាច​បង្កើត​ជា​ច្បាប់​បាន​ភ្លាម​ៗ​ទេ​ គឺ​យើង​ធ្វើ​សឹម​ៗសិន​»។​ 
 
វគ្គ​បណ្ដុះ​បណ្ដាល​តួនាទី​ ភារកិច្ច​ និង​ក្រម​សីលធម៌​អាចារ្យខ្មែរ​នេះ​​ ជ្រើស​រើស​អាចារ្យ​ស្ម័គ្រ​ចិត្ត នៅ​តាម​វត្ត​នីមួយ​ៗ ទាំង​វត្តខាង​គណៈ​មហានិកាយ និង​វត្ត​ខាង​គណៈ​ធម្មយុត្តិកនិកាយ​។ សិក្ខាកាម​ត្រូវ​ដោះ​ស្រាយ​កន្លែង​ស្នាក់​នៅ និង​អាហារ​ដោយ​ខ្លួន​ឯង​។ ទោះ​ជា​យ៉ាង​ណា ក្រសួង​ធម្មការ និង​សាសនា ស្នើ​ដល់​មន្ទីរ​ធម្មការ និង​សាសនា ស្វែង​រក​កិច្ច​សហការ​បន្ថែម​ ដើម្បី​រក​កន្លែង​សម្រាប់​សិក្ខាកាម​ តាម​រាជ​ធានី/​ខេត្ត របស់​ខ្លួន​ស្នាក់​នៅ​(ក្រសួង​មិន​មាន​កន្លែង​ សម្រាប់​សិក្ខា​កាម​ស្នាក់​នៅ​ទេ​)​៕
 
 

Tag:
 ក្រម​សីលធម៌​
  អាចារ្យ​
  សាសនា​
  វគ្គ​បណ្ដុះ​បណ្ដាល​
© រក្សាសិទ្ធិដោយ thmeythmey.com