អន្តរជាតិ
ប្រមុខណាតូព្រមានពីសង្រ្គាមយូរអង្វែងនៅអ៊ុយក្រែន
19, Jun 2022 , 7:29 pm        
រូបភាព
អគ្គលេខាធិការណាតូ Jens Stoltenberg ។ រូបថត AFP
អគ្គលេខាធិការណាតូ Jens Stoltenberg ។ រូបថត AFP
ប្រមុខអង្គការណាតូ Jens Stoltenberg នៅថ្ងៃទី១៩ ខែមិថុនា បានព្រមានជាថ្មីពីការអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីទីក្រុងកៀវ ទទួលដំណឹងល្អពីសហភាពអឺរ៉ុបក្នុងការចូលជាសមាជិកប្លុកមួយនេះ។ ប៉ុន្តែនៅអ៊ុយក្រែនវិញ រុស្ស៊ីបង្កើនការវាយប្រហារកាន់តែខ្លាំងតំបន់ភាគខាងកើត សំដៅគ្រប់គ្រងតំបន់មួយនេះទាំងមូល។ 
 
ក្នុងការអធិប្បាយដែលផ្សាយដោយកាសែតអាល្លឺម៉ង់ Bild am Sonntag អគ្គលេខាធិការណាតូ Jen Stoltenberg បានលើកឡើងពីភាពចាំបាច់ក្នុងការត្រៀមខ្លួនសម្រាប់សង្រ្គាមនៅអ៊ុយក្រែនដែលអាចអូសបន្លាយយូរទៅ និងការបន្តផ្គត់ផ្គង់អាវុធទំនើបៗឱ្យប្រទេសនេះ ដែលវានឹងជួយដល់ការដណ្ដើមទឹកដីមកពីវិញផងដែរ។
 
«យើងត្រូវត្រៀមសម្រាប់ការពិតដែលសង្រ្គាមអ៊ុយក្រែនអាចប្រើពេលយូរឆ្នាំ។ យើងមិនអាចបន្ធូរការគាំទ្រសម្រាប់អ៊ុយក្រែនឡើយ ទោះត្រូវចំណាយខ្ពស់ក្ដី តែក៏មិនសម្រាប់តែផ្នែកយោធាឡើយ ព្រោះក៏ត្រូវដោះស្រាយការឡើងថ្លៃទំនិញ និងថាមពលដែរ។» ប្រមុខណាតូបញ្ជាក់បែបនេះ។
 
នេះមិនមែនជាលើកទីមួយឡើយដែលក្រុមលោកខាងលិចព្រមានពីការអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែនដែលផ្ទុះឡើងក្រោយរុស្ស៊ីឈ្លានពាននៅថ្ងៃទី២៤ ខែកុម្ភៈមកនោះ។ សព្វថ្ងៃ រុស្ស៊ីកំពុងសង្រ្គប់វាយដណ្ដើមតំបន់ភាគកើតដែលមានសាធារណរដ្ឋផ្ដាច់ខ្លួនពីរ។ ទីក្រុង Sievierodonetsk នៃតំបន់ភាគខាងកើត ជាគោលដៅធំនៃប្រតិបត្តិការយោធារុស្ស៊ី ដែលចង់គ្រប់គ្រងតំបន់លូហានទាំងស្រុង។ បើតាមយោធាអ៊ុយក្រែន កាំភ្លើងធំ និងរ៉ុក្កែត ត្រូវបានបាញ់ផ្តក់ដាក់ទីក្រុងនេះ។
 
ខណៈរងការវាយប្រហារកាន់តែខ្លាំង អ៊ុយក្រែន ក៏ឈានបានមួយជំហានទៀតក្នុងការក្លាយជាសមាជិកសហភាពអឺរ៉ុប។ គណៈកម្មការអឺរ៉ុប បានផ្ដល់អនុសាសន៍ឱ្យទទួលយកអ៊ុយក្រែនជាបេក្ខភាពរួចហើយ មុនកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបនៅសប្ដាហ៍ក្រោយ។ ក្នុងករណីទទួលបានភ្លើងបៃតងទៀតនោះ អ៊ុយក្រែន អាចចាប់ផ្ដើមចរចាជាមួយសហភាពអឺរ៉ុបលើលក្ខខណ្ឌដើម្បីក្លាយជាសមាជិកតែម្ដង៕
 
 

Tag:
 ណាតូ
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com