ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ស្វ៊ីស ដ៏ធំមួយ មានបំណងបើករោងចក្រនៅកម្ពុជា
20, Jun 2022 , 10:59 pm        
រូបភាព
ដោយ​ ៖ ធន់ សេងហុង 
 
ក្រុមហ៊ុន​ ​ Nestlé មានបំណងវិនិយោគបង្កើតរោងចក្រកែច្នៃអាហារ និងភេសជ្ជៈនៅកម្ពុជា ក្រោយមើលឃើញពីសក្តានុពល និងតម្រូវការទីផ្សារនៃការប្រើប្រាស់ផលិតផលអាហាររូបត្ថម្ភ។



តំណាងក្រុមហ៊ុន Nestlé លោក Remy Ejel បានជួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាការងារ ផ្លាស់ប្ដូរព័ត៌មាន និងធ្វើបទបង្ហាញក្នុងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន លើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជា ជាពិសេសស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា។ ជំនួបភាគីទាំងពីរនេះ ប្រព្រឹត្តិទៅនាថ្ងែទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុង Vevey ប្រទេសស្វ៊ីស។ 
 
បើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានលើកឡើងពីបរិយាកាសធុរកិច្ចនៅកម្ពុជា​ រួមមានការចរចាបង្កើតទីផ្សារបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។ ជាពិសេសការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដើម្បីធានាបាននូវបរិយាកាសធុរកិច្ច និងវិនិយោគ ប្រកបដោយសុច្ចរិតភាព និងកាន់តែល្អប្រសើរបន្ថែមទៀត ។
 
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានស្នើឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ដើម្បីរួមគ្នាដោះស្រាយអំពីក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ លើបញ្ហាអាហាររូបត្ថម្ភ (Nutrition) និងការដាក់សារធាតុអាហាររូបត្ថម្ភក្នុងអាហារ (Fortifications) បញ្ហាសុវត្ថិភាពម្ហូបអាហារ និងការក្លែងបន្លំផលិតផល។
 
លោក Remy Ejel នាយកប្រតិបត្តិនៃក្រុមហ៊ុន Nestlé បានសាទរចំពោះវត្តមានគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ព្រមទាំងបានបង្ហាញពីការប្ដេជ្ញាចិត្តសហការយ៉ាងជិតស្និតជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការដោះស្រាយបញ្ហាខាងលើ ឱ្យមានប្រសិទ្ធភាពបំផុត។
  


តំណាងក្រុមហ៊ុន Nestlé ​រូបនេះបានបង្ហាញពីបំណងវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ក្នុងពេលឆាប់ៗនេះ ដោយមើលឃើញពីសក្តានុពល និងទីផ្សារនៃការប្រើប្រាស់ផលិតផល Nestlé នៅកម្ពុជាមានទំហំគួរឱ្យកត់សម្គាល់ ។ 
 
គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nestlé និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នឹងពិនិត្យលទ្ធភាពក្នុងការរៀបចំជាអនុស្សារណៈនៃការយោគយល់គ្នា (MOU) នាពេលខាងមុខផងដែរ ។ 
 
សូមជម្រាបថា ៤ខែដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងស្វ៊ីស សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ៥០៥,២៣លានដុល្លារ ​។ ទំហំនេះ បានកើនឡើងរហូតដល់៩២,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង ២៨៥លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
 

Tag:
 Nestlé ស្វ៊ីស
© រក្សាសិទ្ធិដោយ thmeythmey.com