កីឡាអន្តរជាតិ
អន្តរជាតិ
Ryan Giggs លាលែងពីតំណែងគ្រូបង្វឹកជម្រើសជាតិវែលស៍
21, Jun 2022 , 4:29 pm        
រូបភាព
លោក Ryan Giggs ថ្ងៃទី២០ ខែមិថុនា បានប្រកាសលាលែងពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិវែលស៍ ខណៈរឿងក្តីអំពើហិង្សា និងប៉ុនប៉ងរំលោភលើអតីតមិត្តស្រីមិនទាន់បញ្ចប់។



អតីតខ្សែបម្រើក្រុម Manchester United រូបនេះ បច្ចុប្បន្នកំពុងរងការកាត់ទោស​ បន្ទាប់ពីត្រូវបានចោទប្រកាន់ជុំវិញរឿងរ៉ាវប្រើប្រាស់អំពើហិង្សា និងប៉ុនប៉ងរំលោភលើអតីតមិត្តស្រី ជាមួយបងប្អូនស្រីរបស់នាងមួយរូបទៀត ដោយបង្ខិតបង្ខំ។ 
 
ទោះជាយ៉ាងនេះក្តីអតីតកីឡាករក្រុមបិសាចក្រហមរូបនេះ បានច្រានចោលការចោទប្រកាន់ទាំងនេះ ហើយត្រូវបានតុលាការផ្តល់សិទ្ធិឱ្យនៅក្រៅការឃុំខ្លួន។ រឿងរ៉ាងរបស់ Ryan Giggs ត្រូវបានតុលាការ Manchester Crown កាត់ក្តីចាប់តាំងពីថ្ងៃទី២៤ ខែមករាមកម្ល៉េះ ហើយរឿងនេះ ត្រូវបានពន្យាពេលរហូតដល់ថ្ងៃទី៨ ខែសីហា ដែលជាហេតុផលជំរុញឱ្យគ្រូបង្វឹកវ័យ ៤៨ឆ្នាំរូបនេះ សម្រេចចុះចេញពីតំណែង។ ​
 
និយាយក្នុងសេចក្តីថ្លែងការណ៍លោក ​Ryan Giggs បានអះអាងថា បញ្ហារឿងក្តីរបស់លោក មិនអាចធ្វើឱ្យប៉ះពាល់ដល់ការត្រៀមខ្លួនប្រកួត World Cup របស់ក្រុមជម្រើសជាតិវែលស៍ឡើយ។
 
«បន្ទាប់ពីមានការពិចារណាច្រើនលើក ខ្ញុំបានសម្រេចចុះចេញពីតំណែងរបស់ខ្ញុំ ក្នុងនាមជាអ្នកចាត់ការក្រុមជម្រើសជាតិវែលស៍។ ខ្ញុំពិតជារីករាយដែលបានដឹកនាំក្រុមជម្រើសជាតិប្រទេសខ្ញុំ តែរឿងដែលត្រឹមត្រូវសម្រាប់វែលស៍គឺការត្រៀម World Cup ព្រោះតែបញ្ហាខ្ញុំត្រូវបានពន្យាពេល ខ្ញុំមិនចង់ឱ្យមានផលប៉ះពាល់ដល់ប្រទេសខ្ញុំ ដែលកំពុងត្រៀមមខ្លួនសម្រាប់ World Cup ឡើយ។»។ បើតាមសម្តី Ryan Giggs បាននិយាយ។
 
ចាប់តាំងលោក Ryan Giggs ត្រូវបានចាប់ខ្លួនអំឡុងព្រឹត្តិការណ៍ Euro 2020 មក ក្រុមជម្រើសជាតិវែលស៍ បានស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកបង្គោលលោក Robert Page មកដល់បច្ចុប្បន្ន។ នាដើមខែមិថុនានេះ វែលស៍បានឈ្នះកៅអី World Cup លើកដំបូងក្នុងប្រវត្តិសាស្រ្តចាប់តាំងពីឆ្នាំ ១៩៥៨ ក្រោយយកឈ្នះលើអ៊ុយក្រែន នៅវគ្គផ្តាច់ព្រ័ត្រ Play-​Off តំបន់អឺរ៉ុប។
 
យ៉ាងណាមិញសហព័ន្ធបាល់ទាត់វែលស៍ (FAW)ក៏បានចេញសេចក្តីប្រកាសទទួលស្គាល់អំពីការលាលែងរបស់ Ryan Giggs។ សហព័ន្ធ (FAW) ក៏អះអាងបន្ថែមថា ក្រុមត្រូវការផ្តោតអារម្មណ៍ពេញលេញ លើការប្រកួតព្រឹត្តិការណ៍ World Cup នៅប្រទេសកាតានាចុងឆ្នាំនេះ៕
 
 

Tag:
 Ryan Giggs
  Wales
© រក្សាសិទ្ធិដោយ thmeythmey.com