កីឡាអន្តរជាតិ
អន្តរជាតិ
Eto'o គេចផុត​ពី​ការ​ជាប់​គុគ​នៅ​អេស្ប៉ាញ​ ក្រោយ​ទទួល​ស្គាល់​ថាខ្លួនបន្លំ​ពន្ធ​៤លាន​ដុល្លារ
21, Jun 2022 , 7:29 pm        
រូបភាព
Samuel Eto'o ប្រធានសហព័ន្ធកីឡាបាល់ទាត់កាមេរូន (CFF) នៅថ្ងៃទី២០ ខែមិថុនាត្រូវបានតុលាការអេស្ប៉ាញកាត់ទោសជាប់ពន្ធនាគាររយៈពេល២២ខែ ជុំវិញការក្លែងបន្លំពន្ធ៤លានដុល្លារ អំឡុងពេលរូបគេប្រកអាជីពនៅ Barcelona។ ប៉ុន្តែក្រោយសារភាពកំហុស Eto'o រួចខ្លួនវិញ។


យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អតីតខ្សែប្រយុទ្ធ Barcelona និង Inter Milan រូបនេះ បានសារភាពពីកំហុស ប៉ុន្តែអះអាងថាខ្លួនជាជនរងគ្រោះដោយសារតែចាញ់បោកអតីតភ្នាក់ងាររបស់ខ្លួនលោក Jose Maria Mesalles។
 
ក្រោយសារភាព Eto'o បានយល់ព្រមបង់ប្រាក់ពិន័យចំនួន ១,៨៩ លានដុល្លារ និង៤លានដុល្លារថ្លៃពន្ធដែលរូបគេជំពាក់លើសិទ្ធិផ្បព្វផ្សាយយីហោ Puma នៅចន្លោះឆ្នាំ ២០០៦ និង ២០០៩។
 
នៅតុលាការ Ciudad de la Justicia ក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ Eto'o ដែលសព្វថ្ងៃជាប្រធាន CFF និយាយថា៖ «ខ្ញុំទទួលស្គាល់ការពិត ហើយខ្ញុំនឹងសងនូវអ្វីដែលខ្ញុំត្រូវបង់ ប៉ុន្តែសូមអ្នកទាំងអស់គ្នាដឹងថាកាលនោះខ្ញុំនៅក្មេង ហើយខ្ញុំតែងតែធ្វើអ្វីតាមអតីតភ្នាក់ងាររបស់ខ្ញុំគឺលោក Jose Maria Mesalles ដែលខ្ញុំចាត់ទុកដូចជាឪពុក»។ ។
 
ក្នុងសំណំរឿងនេះដែរ លោក Mesalles ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារព្យួរ​រយៈពេល​មួយ​ឆ្នាំ ខណៈ Eto'o ម្ចាស់ពានកីឡាករឆ្នើមរបស់អាហ្វ្រិក៤សម័យកាលរួចខ្លួនក្រោយសារភាពកំហុស និងសងប្រាក់គ្រប់ចំនួន។
 
អតីតខ្សែប្រយុទ្ធ Real Madrid, Inter Milan, Chelsea និង Everton វ័យ៤១ឆ្នាំរូបនេះ ជាកីឡាករចុងក្រោយបំផុតក្នុងបញ្ជីកីឡាករបរទេស និងអ្នកចាត់ការដែលត្រូវបានកាត់ទោសពីបទក្លែងបន្លំពន្ធនៅក្នុងប្រទេសអេស្ប៉ាញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បន្ទាប់ពី Cristiano Ronaldo, Lionel Messi, Neymar និងអ្នកចាត់ការ Jose Mourinho៕
 
 
 
 

Tag:
 Samuel Eto\'o
© រក្សាសិទ្ធិដោយ thmeythmey.com