កីឡាអន្តរជាតិ
អន្តរជាតិ
អូស្តា្រលីដាក់ចំណាប់អារម្មណ៍ចង់ធ្វើម្ចាស់ផ្ទះ Asian Cup 2023 ប្រជែងកូរ៉េខាងត្បូង
21, Jun 2022 , 10:29 pm        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
អូស្ត្រាលីចាប់អារម្មណ៍ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ AFC Asian Cup 2023 ក្រោយពេលប្រទេសចិនប្រកាសបោះបង់សិទ្ធិជាម្ចាស់ផ្ទះ ព្រោះបញ្ហារីករាលដាលកូវីដ-១៩។ នេះបើតាមសហព័ន្ធបាល់ទាត់អូស្ត្រាលី (FFA) ថ្ងៃទី២១ ខែមិថុនា។


«សហព័ន្ធបាល់ទាត់កីឡាកូរ៉េខាងត្បូង (KFA) កំពុងតែជំរុញការដេញថ្លៃសម្រាប់ធ្វើជាម្ចាស់ផ្ទះ AFC Asian Cup 2023។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធ KFA ថ្ងៃទី២០ ខែមិថុនា។ ក្រោយការប្រកាសរបស់កូរ៉េខាងត្បូងមួយថ្ងៃ អូស្ត្រាលីជាប្រទេសទីពីរ ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់ដេញថ្លៃធ្វើម្ចាស់ផ្ទះ Asian Cup 2023 នេះដែរ។ 
 
ប្រទេសចិនបានបោះបង់សិទ្ធិជាម្ចាស់ផ្ទះ AFC Asian Cup 2023 ដោយសារស្ថានភាពកូវីដ-១៩ ក្នុងប្រទេសមិនទាន់ធូរស្រាល ខណៈពេលព្រឹត្តិការណ៍កីឡាធំៗផ្សេងទៀត ក៏ត្រូវបានពន្យាពេល។ 
 
ទោះជាយ៉ាងនេះក្តីសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី(AFC) ផ្ទាល់តែម្តង បានអញ្ជើញប្រទេសដែលធ្លាប់បានដេញថ្លៃ កាលពីខែឧសភាកន្លងទៅ ឱ្យមកប្រជែងដេញថ្លៃធ្វើជាម្ចាស់ផ្ទះនេះម្តងទៀត ហើយប្រទេសទាំងនោះត្រូវបញ្ជាក់ការចាប់អារម្មណ៍ដេញថ្លៃរបស់ខ្លួនឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា។
 
«យើងបានពិភាក្សាជាមួយសហព័ន្ធ AFC និងរដ្ឋាភិបាលអំពីដំណើរការ និងការបង្ហាញចំណាប់អារម្មណ៍លើការដេញថ្លៃរបស់ពួកយើង។»។ នេះបើតាមអ្នកនាំពាក្យសហព័ន្ធ (FFA)។ 
 
ក្រោយពេលកិច្ចពិភាក្សរួចរាល់មក រដ្ឋាភិបាលអូស្ត្រាលីក៏បានបញ្ចេញមតិគាំទ្រសម្រាប់ការដេញថ្លៃនេះ ។ រដ្ឋមន្ត្រីកីឡាប្រទេសនេះ ក៏អះអាងថារដ្ឋាភិបាលសម្រេចចិត្តដេញថ្លៃ ហើយសហការជាមួយសហព័ន្ធយ៉ាងស្អិតរមួតថែមទៀត។
 
ប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០២៣ ក៏នឹងត្រូវរៀបចំទទួលព្រឹត្តិការណ៍បានរង្វាន់បាល់ទាត់ពិភពលោកផ្នែកស្រ្តី ឬ Women’s World Cup ជាមួយនិងប្រទេសនូវែលសេឡង់ ដែលការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដាទៅ។ 
 
ប្រទេសស្ថិតនៅទ្វីបអាស៊ីមួយនេះក៏ធ្លាប់ឈ្នះពានរង្វាន់ Asian Cup ម្តងដែរកាលឆ្នាំ ២០១៥ ដែលជាពានលើកដំបូងប្រចាំប្រវត្តិសាស្ត្រ៕
 
 

Tag:
 AFC Asian Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com