អន្តរជាតិ
ក្រុមតាលីបង់អំពាវនាវរកជំនួយ ខណៈអ្នកស្លាប់ដោយសាររញ្ជួយដីមានជាង១០០០នាក់
23, Jun 2022 , 9:46 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ក្រុមតាលីបង់ ដែលកំពុងដឹកនាំអាហ្វហ្កានីស្ថាន បានអំពាវនាវសុំជំនួយពីសហគមន៍អន្តរជាតិ ស្របពេលអ្នកស្លាប់ដោយសាររញ្ជួយដីបានកើនដល់ជាង១ពាន់នាក់ និងអ្នករបួសមានប្រមាណ ១៥០០នាក់។ ក្នុងកម្រិត៦,១រិចទ័រ ហេតុការណ៍ដ៏អាក្រក់នេះ បានបំផ្លាញផ្ទះសម្បែងប្រជាជន ផ្លូវ និងអង់តែនសេវាទូរសព្ទ។

 
ប្រតិបត្តិការស្វែងរកជនរងគ្រោះក្នុងគ្រោះរញ្ជួយដី នៅតែបន្តក្នុងខេត្ត Paktika ដែលស្ថិតនៅភាគខាងកើតនៃប្រទេស និងមានព្រំដែនជាប់ជាមួយប៉ាគីស្ថាន។ ទន្ទឹមនេះ អង្គការសហប្រជាជាតិបានផ្តល់ជំនួយអាហារ និងកន្លែងស្នាក់នៅបណ្តោះអាសន្នឱ្យប្រជាជនអាហ្វហ្កានីស្ថាន។ យ៉ាងណាមិញ ប្រតិបត្តិការជួយសង្រ្គោះ មិនបានប្រព្រឹត្តទៅដោយរលូនឡើយ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង និងខ្វះធនធាន។ ម្យ៉ាងវិញទៀត ផ្លូវជាច្រើននៅក្នុងតំបន់នោះ ត្រូវបានបំផ្លាញ។ 
 
បើតាមការផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៣ ខែមិថុនា អ្នករស់រានមានជីវិត និងក្រុមអ្នកជួយសង្រ្គោះ អះអាងថា ភូមិនៅក្នុងតំបន់មានរញ្ជួយដី ត្រូវខូតខាតទាំងស្រុង ខណៈផ្លូវ និងអង់តែនសេវាទូរសព្ទត្រូវបានបំផ្លាញ។ រញ្ជួយនេះ បានធ្វើឱ្យរដ្ឋាភិបាលអាហ្វហ្កានីស្ថានដឹកនាំដោយក្រុមតាលីបង់ ត្រូវរងបន្ទុកបន្ថែមទៀត ខណៈប្រទេសមួយនេះ កំពុងញាំញីដោយវិបត្តិសេដ្ឋកិច្ច និងមនុស្សធំ៌ក្រោយការចាកចេញរបស់អាម៉េរិក។
 
ទាក់ទិននឹងបញ្ហានេះ លោក Qahar Balkhi មន្រ្តីជាន់ខ្ពស់របស់ក្រុមតាលីបង់ បានលើកឡើងថា រដ្ឋាភិបាល មិនអាចផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រជាជន ដែលរងគ្រោះឡើយ។ មកដល់ចំណុចនេះ មន្រ្តីតាលីបង់រូបនេះ បានបន្តថា ទីភ្នាក់ងារផ្តល់ជំនួយ ប្រទេសជិតខាង និងមហាអំណាច កំពុងតែជួយ តែអាហ្វហ្កានីស្ថានត្រូវការជំនួយបន្ថែមទៀត ដោយសាររញ្ជួយដីមានការបំផ្លាញធំធេង ខណៈអាហ្វហ្កានីស្ថានមិនធ្លាប់ជួបរញ្ជួយដីជាច្រើនទសវត្សរ៍។ 
 
មកទល់ពេលនេះ អ្នកស្លាប់បានកើនដល់ជាង ១ពាន់នាក់ និងអ្នករបួសមានយ៉ាងហោចណាស់ ១៥០០នាក់។ ជនរងគ្រោះទាំងនេះភាគច្រើនមាននៅក្នុងខេត្ត Paktika។ អាជ្ញាធរអាហ្វហ្កានីស្ថានរំពឹងថា តួលេខអ្នកស្លាប់ និងអ្នករបួស នឹងមានការកើនឡើងបន្ថែមទៀត ដោយសារបេសកកម្មរុករកនៅតែបន្ត៕ 
 

Tag:
 អាហ្វហ្កានីស្ថាន
 ​ តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com