ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី ត្រៀមបណ្តឹងដាក់ទៅឧទ្ធរណ៍ សុំជំទាស់ការដាក់ទោស៦ឆ្នាំលើអ្នកនាង សេង ធារី
24, Jun 2022 , 11:45 am        
រូបភាព
អ្នកនាង សេង ធារី ទៅចូលរួមសវនាការ កាលពីចុងឆ្នាំ២០២០។ រូបពី AFP
អ្នកនាង សេង ធារី ទៅចូលរួមសវនាការ កាលពីចុងឆ្នាំ២០២០។ រូបពី AFP
អ្នកនាង សេង ធារី ដែលមានសញ្ជាតិអាម៉េរិក ហើយជាមេធាវីអន្តរជាតិទៀតនោះ សម្រេចឲ្យលោក ជូង ជូងី ជាមេធាវីរបស់អ្នកនាង រៀបចំបណ្តឹងដាក់ទៅសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីសុំទាស់នឹងតុលាការភ្នំពេញ ដែលដាក់ទោសអ្នកនាងឲ្យជាប់ពន្ធនាគារ៦ឆ្នាំ និងសុំឲ្យទម្លាក់បទចោទចេញពីអ្នកនាង។ លោកមេធាវី បញ្ជាក់ថា លោក គ្រោងដាក់បណ្តឹងទៅសាលាឧទ្ធរណ៍នៅសប្តាហ៍ក្រោយ ហើយបើលោក អាចរៀបចំបណ្តឹងនេះបានទាន់ពេលវេលា លោក នឹងដាក់នៅថ្ងៃច័ន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។


ក្នុងកិច្ចសម្ភាសជាមួយព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ លោកមេធាវី ជូង ជូងឺ មានប្រសាសន៍ថា លោក បានជួបអ្នកនាង សេង ធារី ចំនួន២ដង គឺជួប នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ម្តង ហើយព្រឹកឡើង ក៏បានជួបគ្នាម្តងទៀត ដើម្បីពិភាក្សាគ្នាពីផ្លូវច្បាប់។ លោក ប្រាប់ពីស្ថានភាពរបស់អ្នកនាងយ៉ាងដូច្នេះថា៖«អត់អីទេ សុខភាពគាត់ល្អ គ្រូពេទ្យ ពិនិត្យសុខភាពជូនគាត់រាល់ថ្ងៃ ហើយស្មាតីគាត់ក៏ល្អដែរ»។
 
លោកមេធាវី ត្អូញត្អែរតិចតួចពីការលំបាកក្នុងការទៅជួបអ្នកនាង សេង ធារី ដ្បិតលោក ត្រូវធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណ៣០០គីឡូម៉ែត្រ។ យ៉ាងណា លោក និងអ្នកនាង សេង ធារី ពុំបានពិភាក្សាគ្នាពីការសុំផ្ទេរអ្នកនាង ពីខេត្តព្រះវិហារ ទៅកាន់រាជធានីភ្នំពេញវិញនោះទេ។ 
 
អ្នកនាង សេង ធារី រួមទាំងអ្នកមាននិន្នាការប្រឆាំងជិត៦០នាក់ទៀត ត្រូវបានតុលាការភ្នំពេញ ប្រកាសសាលក្រម កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដាក់ទោសឲ្យជាប់ពន្ធនាគាររយៈពេលផ្សេងៗពីគ្នា រួមមាន ៥ឆ្នាំ ៦ឆ្នាំ និង៨ឆ្នាំ។ ចំពោះទោស៥ឆ្នាំ ត្រូវព្យួរ ដូច្នេះ អ្នកដែលជាប់ទោស៥ឆ្នាំនេះ មិនត្រូវជាប់ឃុំក្នុងពន្ធនាគារឡើយ។ 
 
អ្នកនាង សេង ធារី ស្ថិតក្នុងចំណោមអ្នកដែលត្រូវជាប់ទោស៦ឆ្នាំ។ ក្រោយពីត្រូវចាប់ខ្លួនយកឃុំនៅពន្ធនាគារព្រៃសបាន១ថ្ងៃ អ្នកនាង ក៏ត្រូវសមត្ថកិច្ច យកទៅឃុំនៅឯពន្ធនាគារខេត្តព្រះវិហារឯណោះវិញ ក្រោមហេតុផលថា ដើម្បីបញ្ចៀសបញ្ហានៅរាជធានីភ្នំពេញ។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ អះអាងកន្លងមកថា មានសកម្មជនមួយចំនួន គ្រោងនាំគ្នាទៅធ្វើបាតុនៅក្រៅបរិវេណពន្ធនាគារព្រៃស ទើបសមត្ថកិច្ច សម្រេចផ្ទេរអ្នកនាងចេញពន្ធនាគារព្រៃស ទៅកាន់ពន្ធនាគារខេត្តព្រះវិហារវិញ។ 
 
មនុស្សជិត៦០នាក់នោះ ត្រូវបានចោទពីបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ក្នុងសំណុំរឿងតែមួយជាមួយគ្នា។ តុលាការ រកឃើញថា ពួកគេ ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំងនៅក្រៅប្រទេស ដូច្នេះហើយ បានជាតុលាការ ដាក់បទចោទទាំង២នេះលើពួកគេ៕
              
 

Tag:
 សេង ធារី
© រក្សាសិទ្ធិដោយ thmeythmey.com