អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនកូកា-កូឡា ប្រគល់ធុងបែងចែកសំរាមសម្រាប់ប្រើប្រាស់​នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីព្រឹត្តិការណ៍ “FIFA WORLD CUP™ TROPHY TOUR”
24, Jun 2022 , 4:49 pm        
រូបភាព
រាជធានី​ភ្នំពេញ កាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២៖ ធុងបែងចែកសំរាម​ចំនួន​ ១០០ ដែល​ប្រើ​ប្រាស់​ក្នុង​ព្រឹត្តិការណ៍​ដំណើរ​ទេសចរណ៍​ពាន​បាល់ទាត់ពិភពលោក “FIFA WORLD CUP™ TROPHY TOUR” នាំ​មក​ជូន​ដោយ​ក្រុមហ៊ុន កូកា-កូឡា ត្រូវ​បាន​ប្រគល់​ជូន​ជា​ផ្លូវការ​ហើយ សម្រាប់​​​ប្រើ​ប្រាស់​​ក្នុង​​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ក្នុង​រាជធានីភ្នំពេញ​ ក្នុង​ពិធី​មួយ​ក្រោម​អធិបតីភាព​ដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការ​​ក្រសួងទេសចរណ៍។
                   
ធុងសំរាម​​ទាំង​នេះ​​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​​ក្នុង​ពេល​ដាក់​តាំង​បង្ហាញ​ជា​ផ្លូវ​ការ​នៃ​ពាន​បាល់​ទាត់​ពិភព​លោក​​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ក្នុង​គោល​បំណង​លើក​ទឹក​ចិត្តប្រជាពលរដ្ឋ អ្នកស្នេហាវិស័យកីឡា​ឱ្យយល់ដឹងអំពីអត្ថប្រយោជន៍ក្នុងការ​បែង​ចែក​សំរាមទៅតាម​ប្រភេទ។ ប្រភេទធុងសំរាមទាំងនេះ​រួមមាន ធុង​សម្រាប់​​ដាក់​​សំរាម​ដែល​អាច​កែច្នៃ​ឡើ​ង​វិញ​មាន​ដូច​ជា​កំប៉ុងអាលុយមីញូម ​ដប​ប្លាស្ទិក និង​ធុង​សម្រាប់ដាក់​​ ​សំណល់​អាហារ​ជាដើម។
 


ក្រុមហ៊ុន កូកា-កូឡា កម្ពុជា សង្ឃឹម​ថា តាម​រយៈ​ការ​ផ្តល់ធុងបែងចែក​​សំរាមទៅតាម​ប្រភេទ​បែប​នេះ គឺជាគំនិត​ផ្តួចផ្តើមដែល​នឹង​លើក​កម្ពស់​សក្តានុពលនៃសេដ្ឋកិច្ចវិលជុំ ដោយការលើកកម្ពស់ការ​កែច្នៃឡើងវិញ និងការ​ប្រើ​ប្រាស់​ឡើងវិញនូវដបប្លាស្ទិក។
 
ពិធី​ប្រគល់​ធុង​សំរាម​ជា​ផ្លូវការ​នេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាពរបស់​ឯកឧត្តម ជា បូរ៉ា រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍ និង​កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយក​ផ្នែក​ទំនាក់​ទំនង​កិច្ចការសាធារណៈ និងចីរភាព​ប្រចាំ​ប្រទេស​របស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា។
       
ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា៖ «នេះជាកិត្តិយសសម្រាប់ប្រទេសកម្ពុជា ដែលបានទទួល ដំណើរមកដល់ជាផ្លូវការរបស់ពានបាល់ទាត់ពិភពលោក ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ដំណើរ ទេសចរណ៍ពានបាល់ទាត់ពិភពលោក។ ហើយក៏ជាកិត្តិយសផងដែរ ក្នុងការទទួលបានធុងសំរាមទាំងនេះ ដែលបង្ហាញពីរបៀបដែលក្រុមហ៊ុន  កូកា-កូឡា កម្ពុជា កំពុងនាំមុខគេក្នុងការលើកកម្ពស់និរន្តរភាព និងគំនិតផ្តួចផ្តើម ផ្នែកបរិស្ថាន »។


 
​កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាព​ប្រចាំ​ប្រទេស​​របស់​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា មាន​ប្រសាសន៍​ថា៖ «វា​​ជា​​កិត្តិយស​ដ៏​ធំ​​ធេង​សម្រាប់​ក្រុមហ៊ុន កូកា-កូឡា ដែល​បាន​នាំយក​ព្រឹត្តិការណ៍​ដំណើរទេសចរណ៍​ពាន​បាល់​ទាត់​ពិភព​លោក​​មក​កាន់​ប្រទេស​កម្ពុជាដើម្បីបង្កើតក្តីស្រមៃដ៏អស្ចារ្យមួយដល់អ្នកសេ្នហាកីឡាបាល់ទាត់នៅកម្ពុជា។ ហើយក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​កិច្ចការ​នេះ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​​ផ្តោតសំខាន់លើនិរន្តរភាព។​ ជាក់ស្តែងធុងដែលបានប្រគល់ជូនទៅប្រើប្រាស់នេះគឺសំដៅសម្រួលដល់ការប្រមូលសំណល់ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោដើម្បីកែច្នៃឡើងវិញ ស្របតាមសសរស្តម្ភចីរភាពរបស់ក្រុមហ៊ុនផងដែរ ហើយនាងខ្ញុំសូមលើកទឹកចិត្តដល់អ្នកគាំទ្រដែលមកចូលរួមលេងកំសាន្តនៅទីនេះឱ្យចូលរួមបោះចោលសំណល់ឱ្យបានត្រូវតាមប្រភេទរបស់វា ដើម្បីសម្រួលដល់ការងារកែច្នៃដែលមានភាពស្មុគស្មាញទៅហើយនោះ»។
 

 
ព្រឹត្តិការណ៍​ដំណើរទេសចរណ៍​​ពានបាល់ទាត់ពិភពលោក​ឆ្នាំ ២០២២ ដែល​នាំ​មក​ជូន​ដោយ​ក្រុមហ៊ុន កូកា-កូឡា មាន​បេសកម្ម​​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​និរន្តរភាព​នៅ​ក្នុង​ប្រទេស​នីមួយៗ​ដែល​ដំណើរ ទេសចរណ៍​នេះ​​បាន​ទៅ​ដល់។ នេះ​ជា​លើក​ដំបូង​ហើយ ដែល​ព្រឹត្តិការណ៍សម្រាប់អតិថិជន​​​នឹងត្រូវបាន​រៀបចំ​ដោយប្រើប្រាស់ឌីជីថលច្រើន​ ហើយក្រុមហ៊ុន កូកា-កូឡា ក៏បានកាត់​បន្ថយ​សំរាម​នៅ​គ្រប់​កន្លែង​សំចត​​នៃ​ព្រឹត្តិការណ៍​​ដំណើរទេសចរណ៍​នេះ រីឯ​សម្ភារ​ប្រើ​ប្រាស់​សម្រាប់​ព្រឹត្តិការណ៍​​នីមួយៗ (Activation material) ត្រូវ​បាន​ផលិតក្នុងស្រុក និង​​អាច​កែច្នៃ​ប្រើ​ប្រាស់​ឡើង​វិញ​បាន ព្រមទាំងបាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក ថាមពល សម្ភារៈ រួម​ទាំង​ធន​ធាន​ផ្សេងៗ​ទៀត​ឱ្យនៅត្រឹម​កម្រិត​អប្បបរមា។
 
ធុង​សំរាម​ចំនួន ​១០០​​ដែល​ប្រគល់​ឱ្យ​ក្រសួង​ទេសចរណ៍នេះ​ត្រូវ​បាន​ផលិត​ក្នុងស្រុក៕
 


(អត្ថបទពាណិជ្ជកម្ម)
       

© រក្សាសិទ្ធិដោយ thmeythmey.com