កីឡាជាតិ
ជាតិ
AFC Cup៖ វិសាខា បើកឆាកជាមួយនឹងជ័យជម្នះ ២-១ លើ Kaya របស់ហ្វីលីពីន
24, Jun 2022 , 6:06 pm        
រូបភាព
Paulo Victor ដណ្ដើមបាល់ជាមួយ កីឡាករKaya រូបពី AFC Cup
Paulo Victor ដណ្ដើមបាល់ជាមួយ កីឡាករKaya រូបពី AFC Cup
 វិសាខា យកឈ្នះក្រុមហ្វីលីពីន Kaya FC Iloilo ដែលមានបទពិសោធប្រកួត AFC ៤លើក ខណៈ ការប្រកួតនេះ គឺជាការបង្ហាញខ្លួនលើកដំបូងក្នុងពូល G នៃការប្រកួត AFC Cup នៅថ្ងៃទី២៤ ខែមិថុនា ប្រទេសឥណ្ឌូណេស៊ី។ កែន ចាន់សុភក្ដ្រ រកបានមួយគ្រាប់ តាមស្មើ Kaya និងគ្រាប់បាល់ទី២ រកបានដោយ សារ ទី នាំឲ្យវិសាខា ឈ្នះ ២-១។


ចំពោះការប្រកួតចាប់ផ្ដើមបាន១នាទីដំបូង កីឡាករ Mohammed Faeez  ខ្សែប្រយុទ្ធវិសាខា ស្ទើរតែរកបានមួយគ្រាប់នៅនាទី១ ដោយការដណ្ដើមយកបាល់បានពីខ្សែការពាររបស់ ក្រុម Kaya។ ចូលដល់នាទី៧ Marcos ខ្សែបម្រើវិសាខា បានស៊ុតពីចម្ងាយ តែត្រូវអ្នកចាំទីរបស់ Kaya សង្គ្រោះបាន។
 
វិសាខា បានដាក់សម្ពាធយ៉ាងខ្លាំង នៅដើមតង់ទី១ ដោយមានការស៊ុតជាច្រើនលើក។ តែទោះយ៉ាងនោះក្ដី Kaya ក៏បានវាយបក់ខ្លះដែរ តែមិនមានប្រសិទ្ធភាពសោះ។ នៅពាក់កណ្ដាលតង់ទី១ វិសាខា របស់កម្ពុជា គ្រប់គ្រងបាល់ ៦០% ខណៈKaya គ្រប់គ្រង ៣០%។ នាទី២១ វិសាខា ទទួលបានបាល់ ហ្វីឃីកនៅជិតតំបន់គ្រោះថ្នាក់ តែ ធារី ចាន់ថាប៊ិន បានស៊ុតចំខ្សែការពាររបស់ Kaya។ 
 
លុះចូលដល់នាទី៣០ ខ្សែប្រយុទ្ធ Arnel Amita របស់ Kaya រកបានមួយគ្រាប់ តាមរយៈការតែតបញ្ចូលទី ដោយមានការបញ្ជូនបាល់ពីមិត្តរួមក្រុម។ ក្រោយពេល Kaya នាំមុខ វិសាខា ដាក់សម្ពាធកាន់តែខ្លាំងឡើង តែមិនអាចសម្រេចបំណងបាន ដោយមិនអាចទម្លាញសំណាញ់ទី Kaya បាន។ នាទី៣៩ កីឡាករ ទៀត គឹមហេង ខ្សែប្រយុទ្ធវិសាខា ត្រូវប្ដូចេញ ដោយជំនួសដោយ សារ ទី។ បើទោះជា វិសាខា ព្យាយាមវាយបកយ៉ាងណា ក៏មិនអាចរកគ្រាប់បាល់បាន។ 
 
ចូលដល់តង់ទី២ នាទី៤៧ វិសាខា វាយបកបានមួយគ្រាប់ ដោយការស៊ុតបញ្ចូលទី ពីកីឡាករ កែន ចាន់សុភក្ត្រ ក្រោយពីមានការបញ្ជូនបាល់ពី Lee Gae Gun ខ្សែបម្រើរបស់វិសាខា នាំឲ្យលទ្ធផល ១-១។ Kaya ទទួលបាន កាត់លឿងបី បើគិតត្រឹមនាទី៥០ ព្រោះកីឡាករក្រុមនេះ បង្រកំហុសជាច្រើន។ 
 
នាទី៦០ សារ ទី រកបាល់១គ្រាប់ទៀត ដោយបាល់ស៊ុតពីចម្ងាយ នាំឲ្យវិសាខានាំមុខ ២-១។ ក្រោយពីវិសាខា នាំមុខ Kaya មិនរក្សាទម្រង់ការពារដូចតង់ទីមួយទេ តែបែជាមានការសម្រុកយ៉ាងខ្លាំង។ ដោយឡែក វិសាខា មានឱកាសវាយបកជាច្រើន នៅពេលដែល Kaya របូតបាល់។ 
 
កីឡាករ គី រីណា បានប្ដូចូលជំនួស កីឡាករ Pualo Victor នៅនាទី៨៤ និងនាទី៨៧ រស់ សំអឿន ប្ដូជំនួស កែន ចាន់សុភក្ត្រ កីឡាករ ដែលរកគ្រាប់បាល់ដំបូងឲ្យវិសាខា។ 
 
Kaya ដាក់សម្ពាធកាន់តែខ្លាំង ដោយមិនមានការទប់ប៉ុន្មានទេ ដោយគិតត្រឹមនាទីថែម៤នាទី ហើយបានប្ដូទម្រង់លេងខាងលើ ដោយមានការបំផ្លោងបាល់ជាច្រើនលើក។
 
វិសាខា ទទួល ៣ពិន្ទុ ក្រោយ យកឈ្នះ Kaya ២-១ ។ ការប្រកួតបន្ទាប់ វិសាខា ត្រូវប្រកួតជាមួយ Bali United នៅថ្ងៃទី២៧ និង ថ្ងៃទី៣០ ប្រកួតជាមួយ Kedah។
 
 

Tag:
 បាល់ទាត់
  AFC
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com