ជាតិ
បុណ្យភ្ជុំបិណ្ឌ
វីដេអូ
អ្នកស្រី សៀវ ឡុងនី ប្រើវោហារកំប្លែង ទាក់ទាញអតិថិជនទិញការ៉េម
25, Jun 2022 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ អ្នកប្រើប្រាស់បណ្ដេញសង្គមហ្វេសប៊ុក និងTikTok ភាគច្រើនប្រាកដជាស្គាល់អ្នកលក់ការ៉េម សំឡេងពិរោះ ប៉ិនប្រសប់ខាងវោហារកំប្លែង មានរហស្សនាមថា សៀវឡុងនី ដែលមានឈ្មោះពិតគឺគីត សាន់ណា។ វោហារកោសល្យ របស់អ្នកស្រី សាន់ណា បានទាក់ទាញអតិថិជនឱ្យមកជួយទិញការ៉េម ហើយអ្នកខ្លះមកដើម្បីជួបអ្នកស្រីដោយផ្ទាល់តែម្ដង។


សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសខាងក្រោមដូចតទៅ៖
 

អ្នកស្រី គីត សាន់ណា ហៅ​ សៀវឡុងនី ជាអ្នកខេត្តតាកែវតែប្ដូរមករស់នៅសៀមរាបដោយសារជីវភាព។ ៧ឆ្នាំនៅសៀមរាប អ្នកស្រី សាន់ណា​ប្រកបរបរលក់ការ៉េមចល័តជុំវិញបរិវេណសួនច្បារមុខព្រះអង្គចេកព្រះអង្គចមក្នុងក្រុងសៀមរាប។
 
របរលក់ការ៉េមរបស់អ្នកស្រី សាន់ណា កាក់កបជារឿយៗដោយក្នុងមួយថ្ងៃអ្នកស្រី អាចលក់ការ៉េមអស់ប្រមាណ៣-៤គីឡូក្រាម ចំណែកឯចុងសប្ដាហ៍និងថ្ងៃសីល ប្រមាណ៦គីឡូក្រាមក្នុងមួយថ្ងៃ។ ការ៉េមរបស់អ្នកស្រី សាន់ណាមានច្រើនរសជាតិ។  ពេលនោះ អ្នកសារព័ត៌មានថ្មីៗ២៥បានភ្លក្សការ៉េមនោះដែរ គឺមានរសជាតិឆ្ងាញ់។
 
ការ៉េមឆ្ងាញ់ តែសំឡេងអ្នកលក់ឆ្ងាញ់ជាង ។ វោហារកំប្លែងរបស់អ្នកលក់រូបនេះ បានទាក់ទាញអតិថិជនបានច្រើនជាងរសជាតិការ៉េម។ អ្នកស្រី សាន់ណាមានទេពកោសល្យខាងបញ្ចូលសំឡេង និងពូកែនិយាយកំប្លុកកំប្លែងហើយមនុស្សភាគច្រើនមកដើម្បីជួបអ្នកលក់ជាជាងទិញការ៉េម។
 
អ្នកស្រី សាន់ណា សប្បាយចិត្ត និងរំភើបដ្បិតដឹងថាខ្លួនល្បីតាមបណ្ដាញសង្គម និងមានមនុស្សស្គាល់ច្រើន។ «បងមានអារម្មណ៍ថារំភើបរំភើបខ្លាំងណាស់ ផ្លាស់ប្តូរពីយើងមិនដែលគេស្គាល់រហូតដល់គេស្គាល់ច្រើនគឺមានមោទកភាពខ្លួនឯងមែនទែន ដែលគេស្រឡាញ់ចូលចិត្តច្រើន។​ បងនិយាយអ្វីដែលជាការពិត»។ នេះជាការលើកឡើងរបស់អ្នកស្រី សាន់ណា។
 
ទោះបីមានសំឡេងពិរោះ និងអាចបញ្ចេញសំឡេងបានច្រើនសំឡេង តែអ្នកស្រីសាន់ណា មិនអាចធ្វើការងារជាអ្នកបញ្ចូលសំឡេងឡើយ ព្រោះអ្នកស្រីមិនចេះអក្សរ។ អ្នកស្រីស្រឡាញ់ការងារបច្ចុប្បន្ន ហើយមិនគិតចង់ផ្លាស់ប្តូរឡើយ ព្រោះវាផ្គត់ផ្គង់ជីវភាពគ្រួសារនិងកូនរៀនបាន។ អ្នកស្រីថា នឹងពង្រីកមុខរបរបើសិនជាមានអតិថិជនកើនឡើងនោះ។

ងាកមក លោក ហំ សុភា ធ្វើដំណើរពីខេត្តកំពត មកសៀមរាបដើម្បីជួបនិងថតវីដេអូអ្នកស្រី សាន់ណា។ លោក សប្បាយចិត្តនៅពេលបានជួបអ្នកស្រី សាន់ណាដ្បិតកន្លងធ្លាប់តែឃើញតាមហ្វេសប៊ុក។ លោក ប្រាប់សារព័ត៌មានថ្មីៗ២៥ថា៖«មកនេះមិនទាន់បានរកកន្លែងគេងទេមកនេះមុន។ មកជួបគាត់តែម្ដងគោលដៅ មកជួបគាត់ធ្វើវីដេអូជាមួយគាត់ថតឱ្យអ្នកស្រុកខ្ញុំមើល»៕
 
 

Tag:
 សម្ភាស
 Mojo
© រក្សាសិទ្ធិដោយ thmeythmey.com