អន្តរជាតិ
អាម៉េរិក និងសម្ព័ន្ធមិត្ត សម្ពោធគំនិតផ្តួចផ្តើមនៅតំបន់ប៉ាស៊ីហ្វិក ខណៈចិនកំពុងបង្កើនឥទ្ធិពល
25, Jun 2022 , 8:59 pm        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព៖ AFP
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព៖ AFP
អាម៉េរិក ជប៉ុន អូស្រ្តាលី អង់គ្លេស និងនូវែលសេឡង់ នៅថ្ងៃទី២៤ ខែមិថុនា បានសម្ពោធគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីបង្កើនទំនាក់ទំនងជាមួយប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលមួយរយៈចុងក្រោយ ចិនបានព្យាយាមពង្រឹងឥទ្ធិពល និងស្វះស្វែងរកកិច្ចព្រមព្រៀងជាច្រើន។

 
ក្រោមគំនិតផ្តួតផ្តើម «Partners in the Blue Pacific» អាម៉េរិក ជប៉ុន អូស្រ្តាលី អង់គ្លេស និងនូវែលសេឡង់ បានបញ្ជាក់ពីការប្តេជ្ញាស្វែងរកចំណាត់ការប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាប្រឈម នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ ក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំង ៥ បានចាត់ទុកបញ្ហាប្រឈមទាំងនោះ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិសេរី និងបើកចំហ។
 
«ដោយប្រទេសយើង...បន្តគាំទ្រវិបុលភាព ការងើបឡើងវីញនៃសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់ប៉ាស៊ីហ្វិក យើងត្រូវតែប្រើប្រាស់កម្លាំងសមូហភាពតាមរយៈកិច្ចសហប្រតិបត្តិដ៏ជិតស្និទ្ធ»។ អាម៉េរិក ជប៉ុន អូស្រ្តាលី អង់គ្លេស និងនូវែលសេឡង់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួម ចេញថ្ងៃទី២៤ ខែមិថុនាបែបនេះ។ 
 
នៅក្នុងកិច្ចសហប្រតិបត្តិការនោះ ប្រទេសទាំង៥ នឹងធ្វើឡើងជាមួយបណ្តាប្រទេសប៉ាស៊ីហ្វិកដូចជាហ្វ៊ីជី មីក្រូណេស៊ី និងតុងហ្កា ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ, ការដឹកជញ្ជូន, សន្តិសុខសមុទ្រ, សុខាភិបាល និងអប់រំជាដើម។ 
 
ការសម្ពោធគំនិតផ្តួចផ្តើមថ្មីនេះ ធ្វើឡើងបន្ទាប់ពីទស្សនកិច្ចរបស់លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ទៅប្រជុំកោះប៉ាស៊ីហ្វិក ដោយបានចុះកិច្ចប្រជុំជាច្រើនពាក់ព័ន្ធពាណិជ្ជកម្ម សេដ្ឋកិច្ច សុខាភិបាលជាមួយបណ្តាប្រទេសប្រជុំកោះនៅតំបន់ប៉ាស៊ីហ្វិក។ កន្លងមក អាម៉េរិក និងអូស្រ្តាលី បានបង្ហាញក្តីបារម្ភជុំវិញវត្តមានមូលដ្ឋានយោធានៅកោះសូឡូម៉ុង៕ 
 

Tag:
 អាម៉េរិក
  ជប៉ុន
  ចិន
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com