ជាតិ
ប៉មមើលទេសភាពកម្ពស់១៦ម៉ែត្រនៅអាងត្រពាំងថ្ម នឹង​ជំរុញ​វិស័យទេសចរណ៍ក្នុងតំបន់កាន់តែ​ប្រសើរ
26, Jun 2022 , 9:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ប៉មមើលទេសភាពនៅសហគមន៍តំបន់ការពារធម្មជាតិ «ទេសចរណ៍អាងត្រពាំងថ្ម» ដើរតួនាទីជំរុញវិស័យទេសចរក្នុងតំបន់ និង​ជាកន្លែងអង្កេតមើលបទល្មើស។ ប៉មដែល​មានកម្ពស់១៦ម៉ែត្រនេះ ប្រើរយៈជាងមួយខែសាងសង់ និងដាក់ឱ្យសាធារណជនប្រើប្រាស់ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ ​


ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ប៉មមើលទេសភាព​មានកម្ពស់១៦ម៉ែត្រ នៅក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម ក្នុងគោលបំណងបម្រើក្នុងវិស័យទេសចរណ៍ និងជំរុញឱ្យតំបន់នេះក្លាយជាកន្លែងដែលអាចទាក់ទាញទេសចរជិតឆ្ងាយឱ្យមកទស្សនា។ 
 
លោក ជួប ប៉ារី អគ្គលេខាធិការ​រង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​ដោយ​ចីរភាព​ នៃ​ក្រសួង​បរិស្ថាន បានឱ្យដឹងថា ប៉មថ្មីមួយនេះ ធ្វើលើទីតាំងដែលអាចបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកមកទស្សនា សត្វស្លាប និងសត្វជើងបួន នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ​ទេសចរណ៍អាងត្រពាំងថ្ម។ មួយវិញទៀតសហគមន៍ក៏អាចទាញយកផលប្រយោជន៍តាមរយៈទេសចរដែលមកកម្សាន្តនៅក្នុងតំបន់នេះផងដែរ។
  


«ពលរដ្ឋនៅក្នុងសហគមន៍ អាចស្វែងយល់ពីសក្តានុពលធនធានធម្មជាតិទីនេះ ហើយផ្ដល់សេវា ដូចជា ការលក់ដូរផលិតផលផ្សេងក្នុងសហគមន៍សម្រាប់ភ្ញៀវមកកម្សាន្ត។ ក្រៅពីនេះ ការផ្តល់សេវាចម្អិនម្ហូប និងរៀបចំផ្ទះស្នាក់ក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ការរកចំណូលបន្ថែមផងដែរ»។ នេះជាការលើកឡើងរបស់លោកជួប ប៉ារីស។
 
លោក​ តក់ ប៊ុយ អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្ម បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ក្នុង​តំបន់​នេះ មាន​ប្រភេទសត្វស្លាបអាស្រ័យនៅច្រើនប្រភេទ និង​ជាទីតាំងអភរក្សត្រីមេពូជផងដែរ។ បើតាម​លោក តក់ ប៊ុយ បន្ទាប់ពីទទួលបានប៉មកម្ពស់១៦ម៉ែត្រនេះ សហគមន៍អាចនឹងទទួលបានទេសចរច្រើនជាងមុនដែលជាកត្ដាជំរុញ​ឱ្យពលរដ្ឋក្នុងសហគមន៍ទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបន្ថែម។ មួយវិញទៀតប៉មនេះ ក៏ជាផ្នែកមួយជួយសម្រួលក្រុមការងារនៅក្នុងសហគមន៍អាចអង្កេតនូវបទល្មើសបានប្រសើរជាងមុន។
 
លោក ប៊ុយ លើក​ឡើង​ដូច្នេះ៖ «ប៉មនេះធ្វើពីដែក។ ពីមុនមិនដែលមានទេ ទើបឆ្នាំនេះដែលសហគមន៍ទទួលបានប៉មមើលទេសភាព សត្វស្លាប និងអាចមើលអ្នកដែលប្រព្រឹត្តិបទល្មើសកាន់តែងាយស្រួលជាងមុន»។ ប៉មនេះមានការកំណត់ចំនួនមនុស្សឡើង  និងមិនទាន់ត្រូវបានគិតតម្លៃដែលទេសចរត្រូវចំណាយសម្រាប់ការឡើងមើលទស្សនាឡើយ។
 
អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្ម បន្តថា ប៉មនេះភ្ញៀវឡើងម្ដងបាន១០នាក់។ សហគមន៍តំបន់ការពារធម្មជាតិ ទេសចរណ៍អាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យមានផ្ទៃដីសរុប ១២៦០៥០ ហិកតា ដែលមានបណ្ដាយ១៥គីឡូម៉ែត្រ និងមានទទឹង ១១គីឡូម៉ែត្រ។ ជាមួយគ្នានោះ ដែនសម្រាប់ការអភិរក្សតំបន់ត្រីមេពូជមានចំនួន៤០ហិកតា៕ ​  
 

 
 

Tag:
 ខេត្តបន្ទាយមានជ័យ
  អាងត្រពាំងថ្ម
  ប៉ម
© រក្សាសិទ្ធិដោយ thmeythmey.com