អន្តរជាតិ
យោធាចិន៖ យន្តហោះអាម៉េរិកនៅច្រកសមុទ្រតៃវ៉ាន់ គំរាមគំហែងដល់សន្តិភាព
26, Jun 2022 , 10:36 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
យោធាចិននៅថ្ងៃទី២៥ ខែមិថុនា បានលើកឡើងថា ការហោះហើរនាពេលថ្មីៗនេះរបស់យន្តហោះចម្បាំងអាម៉េរិកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដោយចេតនា បានរំខាន បង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

 
វរសេនីយ៍ឯកចិនលោក Shi Yi អ្នកនាំពាក្យនៃបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន ក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២៥ ខែមិថុនា បាននិយាយថា យោធាចិនបានរៀបចំកងកម្លាំងអាកាស និងជើងគោកដើម្បីត្រៀមខ្លួនធ្វើប្រតិបត្តិការ ក្រោយយន្តហោះអាម៉េរិកបានហោះហើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់​នៅថ្ងៃទី២៤ ខែមិថុនាកន្លងទៅ។ 
 
លើសពីនេះ វរសេនីយ៍ឯក Shi Yi បានបន្ថែមថា ចិនបានប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពរបស់អាម៉េរិក ហើយកងកម្លាំងចិននឹងបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់។ យ៉ាងណាមិញ ក្រោយការលើកឡើងនេះ កងទ័ពជើងទឹកអាម៉េរិកមិនបានឆ្លើយតបភ្លាមៗឡើយ។ 
 
ច្រកសមុទ្រតៃវ៉ាន់ ជាចំណុចនៃភាពតានតឹងផ្នែកយោធាចាប់តាំងពីរដ្ឋាភិបាលសាធារណរដ្ឋចិនបានភៀសខ្លួនទៅតៃវ៉ាន់ក្នុងឆ្នាំ ១៩៤៩ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិលជាមួយពួកកុម្មុយនិស្តដែលបានបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅទឹកដីចិនដីគោក ក្នុងឆ្នាំដដែលនោះ។
 
ជារឿយៗចិនតែងនិយាយថា ខ្លួនមានអធិបតេយ្យភាព និងយុត្តាធិការលើច្រកសមុទ្រតៃវ៉ាន់​ ខណៈដែលអាម៉េរិក និងតៃវ៉ាន់អះអាងថា ច្រកសមុទ្រនេះ គឺជាផ្លូវទឹកអន្តរជាតិ។
 
ភាពតានតឹងចុងក្រោយបង្អស់នៅច្រកសមុទ្រនេះកើតឡើងបន្ទាប់ពីតៃវ៉ាន់នៅថ្ងៃទី២៣ ខែមិថុនាបាននិយាយថា ខ្លួនបានបញ្ចេញយន្តហោះចម្បាំងដើម្បីព្រមានយន្តហោះចិនចំនួន ២២ គ្រឿងដែលបានចូលក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់។ 
 
តៃវ៉ាន់ ដែលចិនតែងអះអាងថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរជាញឹកញាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដ្បិតកងទ័ពអាកាសចិនម្តងហើយម្តងទៀតបើកយន្តហោះចម្បាំងចូលតំបន់ការពារដែនអាកាសរបស់កោះដែលប្រកាន់ប្រជាធិបតេយ្យមួយនេះ៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com