ជាតិ
ហេដ្ឋារចនាសម្ព័ន្ធ និងព្រឹត្តិការណ៍ទេសចរណ៍ ធ្វើឱ្យព្រះសីហនុមានកំណើនទេសចរខ្លាំង
26, Jun 2022 , 11:19 am        
រូបភាព
ដោយ:
អាគារខ្ពស់ៗរូបសំណាកធំៗ ផ្លូវជាច្រើនខ្សែរបានលេចរូបរាងនៅខេត្តព្រះសីហនុដែលបានផ្ដល់មុខមាត់ថ្មីដល់ខេត្តជាប់ឆ្នេរមួយនេះ។ ក្រោយជំងឺកូវីដ-១៩ ធូរស្រាលជាពេលវេលាដែលខេត្តព្រះសីហនុបង្ហាញសម្រស់ដល់ភ្ញៀវទេសចរជិតឆ្ងាយ។ រយៈពេលប្រមាណ៦ខែមកនេះ កំណើនទេសចរក្នុងខេត្តមួយនេះកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់។

 
ខេត្តព្រះសីហនុបានឈរនៅលំដាប់លេខ១ជាខេត្តមានទេសចរទៅកម្សាន្តច្រើនជាងគេស្ទើរគ្រប់សប្តាហ៍។ ជាមួយគ្នានេះលោក ឡុងឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានThmeyThmey25 ថាទេសចរភាគច្រើនទៅកម្សាន្តនៅខេត្តព្រះសីហនុនៅថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ឬពេលមានពិធីបុណ្យទាន។ ក្រៅពីភ្ញៀវទេសចរជាតិខេត្តព្រះសីហនុក៏បានទាក់ទាញទេសចរបរទេសផ្ទៃក្នុងជាច្រើន ជាពិសេសជនជាតិចិន។
 
បើតាមលោក ឡុង ឌីម៉ង់មូលហេតុដែលធ្វើឱ្យខេត្តព្រះសីហនុ មានទេសចរច្រើនក្រោយស្ងប់ស្ងាត់ជំងឺកូវីដ-១៩ ព្រោះហេដ្ឋារចនាសម្ព័ន្ធ ដែលបានកែប្រែមុខមាត់ខេត្តជាប់ឆ្នេរមួយនេះ។ «ទីមួយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលមានកន្លែងថ្មើរជើងភ្លឺគ្រប់កន្លែង អនាម័យបរិស្ថាន។ ចំណែកឆ្នេរខ្សាច់ស្អាត មានអនាម័យ ហើយជាទីសាធារណៈ។


 បន្ទប់ទឹកសាធារណ នៅឆ្នេរក្នុងខេត្តព្រះសីហនុ ។ រូបភាព៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ

កាលពីមុនឆ្នេរមានការគ្រប់គ្រងមួយផ្នែកៗ ឥឡូវពីឆ្នេរអូរឈើទាល ដល់ចុងអូរត្រេះជាកន្លែងដែលល្អ។ យើងមានបន្ទប់ទឹកសាធារណ ១១កន្លែងទៀត»។នេះជាការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ ដោយបន្ថែមថាសេវាកម្មទេសចរណ៍នៅខេត្តព្រះសីហនុមានគ្រប់គ្រាន់ និងតម្លៃសមរម្យ។
 
លើសពីនេះ លោក តាំងសុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានលើកឡើងដែរថាការរៀបចំព្រឹត្តិការណ៍កីឡា ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗក៏បានរួមចំណែកទាក់ទាញទេសចរក្នុងខេត្តព្រះសីហនុ។កន្លងមកមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានចំពិធីតាំងពិព័រណ៍អាហារ ផលិតផលក្នុងស្រុក​និងការប្រណាំងកង់ជាដើម។​
 
លោក តាំង សុចិត្តគ្រឹស្នា ប្រាប់ថ្មីៗ២៥ដូច្នេះ៖« ចំណែកបញ្ហាតម្លៃក៏មិនមានឡើងដូចកាលពី ២-៣ ឆ្នាំមុនដែរ។មូលហេតុនេះហើយទើបធ្វើឱ្យខេត្តព្រះសីហនុមានកំណើនទេសចរខ្លាំង។ប៉ុន្តែភាគច្រើនជាភ្ញៀវទេសចរជាតិ និងបរទេសផ្ទៃក្នុងដែលសម្រាកឬរកស៊ីនៅស្រុកខ្មែរគឺមានការកើនឡើងខ្លាំងនៅខេត្តព្រះសីហនុ។​ តែទេសចរអន្តរជាតិមិនទាន់មានច្រើនទេបើទោះរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ តែប្រទេសខ្លះនៅបិទហើយជើងហោះហើរក៏មិនទាន់មានច្រើនដែរ»។
 
សូមជម្រាបថាបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ រយៈពេល៣សប្តាហ៍នៃខែមិថុនាខេត្តព្រះសីហនុមានភ្ញៀវដើរកម្សាន្តជិត ១៧ម៉ឺននាក់​ក្នុងនោះទេសចរបរទេសផ្ទៃក្នុងជិត២ម៉ឺននាក់។ ដោយឡែកភ្ញៀវទេសចរដើរកម្សាន្តទូទាំងរយៈពេល៣សប្តាហ៍នៃខែមិថុនា មានជិត១លាននាក់៕
 


លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។ រូបភាព៖ រដ្ឋបាលខេត្ត



 
 

Tag:
 ThmeyThmey25
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com