ជាតិ
«ធុងខៀវ» ជាផ្នែកមួយជួយគ្រប់គ្រងសំណល់គីមីកសិកម្ម នៅតំបន់ការពារទេសភាពអន្លង់ព្រីង
26, Jun 2022 , 1:59 pm        
រូបភាព
ដោយ:
កំពត៖ ធុងដាក់សារធាតុគីមីកសិកម្មនៅតំបន់ការពារទេសភាពអន្លង់ព្រីង ជាផ្នែកមួយដ៏សំខាន់ ក្នុងការទប់ស្កាត់មិនឱ្យសារធាតុគីមីសាយភាយក្នុងប្រភពទឹកក្នុងតំបន់ការពារ។ ក្រៅពីធុងនេះ ការបង្កើតក្រុមអ្នកទិញអេតចាយដោយអង្គការ Naturelife ក៏ជាផ្នែកមួយជួយគ្រប់គ្រងសំណល់ប្លាស្ទិកនៅក្នុងសហគមន៍ឱ្យកាន់ប្រសើរ។


តំបន់ការពារទេសភាពអន្លង់ព្រីង នៅក្នុងស្រុកកំពង់ត្រាច នៅក្នុងខេត្តកំពត ជាទីតាំងសម្រាប់ការឈប់ចតរបស់សត្វ​ស្លាប​ទេសន្តរ​ប្រវេសន៍នៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះដែរ ទីតាំងខាងលើក៏ជាកន្លែងរកចំណីសម្រាប់សត្វក្រៀល នៅរដូវមិនបន្តពូជ បន្ទាប់ពីតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។
 
លោក ប៊ូ វរសក្ស ប្រធានអង្គការ Naturelife &Birdlife បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា គម្រោងគីមីកសិកម្មបង្កើតឡើងរយៈពេលបីឆ្នាំ ក្នុងគោលបំណងដើម្បីលើកទឹកចិត្ត និងជំរុញ​ឱ្យសហគមន៍ចូលរួមគ្រប់គ្រងសំណល់គីមីកសិកម្ម ដែលពលរដ្ឋបានប្រើប្រាស់ឱ្យបានត្រឹមត្រូវ។ មួយវិញទៀត ធុងនេះ ជាផ្នែកមួយអាចធ្វើឱ្យប្រភពទឹក នៅជិតដីស្រែនៅតំបន់ខាងលើ ចៀសផុតពីបំពុលដោយសំណល់គីមីកសិកម្ម ដែលអាចបង្កគ្រោះថ្នាក់ដល់សត្វស្លាប និងជីវចម្រុះក្នុងតំបន់។ 


លោក ប៊ូ វរសក្ស ប្រធានអង្គការ Naturelife_Birdlife

« យើងមានធុងខៀវធ្វើទុកនៅក្បាលស្រែ ដើម្បីទុកឱ្យកសិករអាចយកសំណល់គីមីកសិកម្មដែលប្រើប្រាស់រួចមករក្សាទុកនៅទីនេះ។ ជាមួយគ្នានេះយើងមានគណៈកម្មការដើម្បីប្រមូល យកទុកនៅកន្លែងមានសុវត្ថិភាពឱ្យបានត្រឹមត្រូវក្នុងរយៈពេលកំណត់មួយ បន្ទាប់​មកទើបយកទៅរំលាយតាមបច្ចេកទេស»។ នេះជាការលើកឡើងរបស់ វរសក្ស។
 
ធុងដាក់សំណល់គីមីកសិកម្មត្រូវបានធ្វើឡើងពីស៊ីម៉ង់ និងមានគម្របបិទជិត ដើម្បីរក្សាសំណល់នោះមិនឱ្យលេចធ្លាយសារធាតុគីមី ទៅក្នុងស្រែ ឬប្រភពទឹក។ ជាមួយគ្នានេះ គណៈកម្មការគ្រប់គ្រងសំណល់ប្លាស្ទិក តែងត្រួតពិនិត្យតាមទីតាំងនីមួយៗ ដើម្បីគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ​។
  

 លោក ជុំ គា ជាគណៈកម្មការប្រមូលសំណល់គីមីកសិកម្មនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង

លោក ជុំ គា ជាគណៈកម្មការប្រមូលសំណល់គីមីកសិកម្មនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីងបានលើកឡើងថា ធុងដាក់សំណល់គីមីកសិកម្មនៅក្នុងតំបន់ការពារ និងតំបន់ជុំវិញសរុបទាំងអស់មានចំនួន ២៨កន្លែងនៅក្នុងភូមិចំនួនបួន។ ចំពោះធុងអាចមានលក្ខណៈខុសគ្នា ធុងអាចខ្លះមានមួយកំណាត់ ចំណែកឯធុងខ្លះមានពីរកំណាត់ អាស្រ័យលើតំបន់ដែលមានកសិករច្រើន ឬតិច។ ​
 
លោក ជុំ គា រៀប​រាប់​​ដូច្នេះ៖ «នៅពេលដើរប្រមូលសំរាម តាមធុងខ្លះពេញ ខ្លះមិនពេញ អាស្រ័យតាមការប្រើប្រាស់របស់កសិករ។ ក្នុងចំណោមបួនភូមិមានភូមិតែមួយ ឬពីរប៉ុណ្ណោះ ដែលមានសំណល់កសិកម្មច្រើន»។
 
ក្រៅពីការងារប្រមូលសំណល់កសិកម្ម ក្រុមគណៈកម្មការមានការងារមួយទៀតគឺ ប្រមូលទិញអេតចាយនៅក្នុងសហគមន៍។ លោក គា ថា ការងារទិញអេតចាយ ធ្វើឡើងនៅពេលក្រុមការងារទំនេរពីការប្រមូលសំណល់តាមធុងខៀវ ទាំង២៨ទីតាំង។ ដំណើរការនៃការទទិញអេតចាយ បាន​ជួយដល់ជីវភាពរបស់គណៈកម្មការបានមួយផ្នែក​ និងមួយផ្នែកទៀត អាចរក្សាទុកជាភាគរយ ដើម្បីទុកចំណាយនៅពេលអង្គការផុតគម្រោងពីតំបន់នេះ។
 
«​​ប្រាប់ចំណេញពីទិញអេតចាយ ចែកទៅនៅតិចតួច។ ប៉ុន្ដែប្រសិនបើប្រៀបធៀបទៅ អាចចំណេញផ្នែកបរិស្ថាន។ មុនមានកម្មវិធីទិញអេតចាយ សំរាម និងសម្បកកំប៉ុងរាយស្ទើរពេញផ្លូវ ពលរដ្ឋទុកដាក់គ្មានសណ្ដាប់ធ្នាប់ ប៉ុន្ដែបច្ចុប្បន្នអាចគ្រប់គ្រងបានច្រើន»។ នេះជាការអះអាងរបស់លោក គា។


លោក  អ៊ុយ ងីម ជាកសិករនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង

ជាមួយគ្នានោះ កសិករ អ៊ុយ ងីម បានលើកឡើងថា ធុងដាក់សំណល់គីមីកសិកម្មនៅតាមស្រែពិតជាបានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ការគ្រប់គ្រងសំណល់ដែលកសិករបានប្រើប្រាស់ក្នុងវិស័យកសិកម្ម ហើយនេះជាផ្នែកមួយជួយកាត់បន្ថយផលប៉ះពាល់ដល់ជីវិតមនុស្ស សត្វ នៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីងផងដែរ។ ជាមួយគ្នានេះ លោកងីម ក៏បានជួយណែនាំឱ្យកសិករដូចគ្នាចូលរួមប្រមូល  និងគ្រប់គ្រងសំណល់គីមីនេះ ដើម្បីអាចប្រែក្លាយតំបន់នេះ ឱ្យក្លាយទៅជាទីតាំងមានសុវត្ថិភាពសម្រាប់សត្វស្លាប និងមនុស្ស៕
 



Tag:
 កំពត
  ធុងដាក់កាក់សំណល់
  សត្វក្រៀល
© រក្សាសិទ្ធិដោយ thmeythmey.com