ជាតិ
លោក​ស្រី ឱម យុវណ្ណឌី ដំឡើង​របាំ​ឆ្មា ដែល​ពុំ​សូវមាន​អ្នក​បាន​ឃើញ​
26, Jun 2022 , 3:59 pm        
រូបភាព
​ភ្នំពេញ​៖ លោក​ស្រី ឱម យុវណ្ណឌី ​ដែល​ជា​ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​ដំឡើង​របាំ​ឆ្មា ដែល​ក្មេង​ជំនាន់​ក្រោយ​ពុំ​សូវ​មាន​អ្នក​បាន​ឃើញ​។ បើ​តាម​អ្នក​ស្រី​ ឱម យុវណ្ណឌី របាំ​ឆ្មា​ជា​របាំ​លើក​សរសើរ​ព្រះ​មហាក្សត្រ​ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ក៏​ដូច​ជា​លើក​សរសើរ​ព្រះ​មហាក្សត្រ ដែល​មាន​ទសពិធ​រាជ​ធម៌​គ្រប់​សម័យ​កាល​​​។


សូម​អស់​លោក លោក​ស្រី អ្នក​នាង​កញ្ញា អញ្ជើញ​ទស្សនា​បទ​សម្ភាស​ រវាង​កញ្ញា​ ប៉ូ សាគុន ជាមួយ​លោក​ស្រី ឱម​ យុវណ្ណឌី ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​ ដោយក្ដី​រីក​រាយ​៖


លោក​ស្រី ឱម យុវណ្ណឌី ​ជា​ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា របាំ​ឆ្មា​ត្រូប​បាន​បង្កើត​ឡើង​ ក្នុង​សម័យ​សង្គមរាស្ត្រ​និយម​។ លោក​ស្រីបន្ថែម​ថា សាច់​រឿង​ទាំង​មូល​របស់​របាំ​ឆ្មា គឺ​និយាយ​ពី​ការ​លើក​សរសើរ​ព្រះ​មហាក្សត្រ​ ព្រះ​បាទ​នរោត្តម​ សីហនុ ព្រះ​បរម​រតនៈកោដ្ឋ​ ដែល​បាន​ទាម​ទារ​ឯករាជពី​ប្រទេស​បារាំង​​​ និង​សរសើរ​ដល់​ព្រះ​មហាក្សត្រ​គ្រប់​ជំនាន់​ ដែល​បាន​កសាងប្រទេស​ឱ្យ​រុង​រឿង​ និង​មាន​ទសពិធរាជ​ធម៌​។​​​ 
 
ក្រោយសម័យ​សង្រ្គាម​ប៉ុលពតដួល​រលំ​ របាំ​ឆ្មា​បាន​សម្ដែង​ត្រឹម​តែ​២​ដង​ប៉ុណ្ណោះ​ ដោយ​ម្ដង​សម្ដែង​នៅ​ឆ្នាំ​២០១៥នៅ​ក្រសួង​វប្បធម៌ ហើយ​ម្ដង​ទៀត​សម្ដែង​ក្នុង​អំឡុង​ឆ្នាំ​២០២២​នេះ​ ក្នុង​ឱកាស​នៃ​ការ​សម្ដែង​របាំ​រឿង “​ព្រះ​បាទ​ជយវរ្ម័នទី​៧​" នាពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។​
  

លោក ស្រី ឱម_ យុវណ្ណឌី ទីប្រឹក្សា_ក្រសួង_វប្បធម៌ និង_វិចិត្រសិល្បៈ

​ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោកស្រី យុវណ្ណឌី អះ​អាងដូច្នេះ​៖«កាល​នោះ​​ព្រះ​មហាក្សត្រីយ៉ានី ស៊ីសុវត្ថិ កុសុមៈ ​នារីរ័ត្ន​សេរីវឌ្ឍនា សព្វ​ព្រះ​ទ័យ​នឹងព្រះ​បាទ នរោត្តម​ សីហនុ ដែល​ទ្រង់​បាន​​​ទាម​ទារ​ឯករាជ​ពីបារាំង​ សម្ដេច​ម៉ែ​ក៏​និពន្ធ​បទ​ចម្រៀង​ និង​ដំឡើង​របាំ​ឆ្មា​នេះ​ឡើង​។ ក្រោយ​ពី​សម្រិត​សម្រាំង​រើស​កុមារ​ទៅ​ហាត់​រាំ ក្នុង​នោះ​ក៏​មាន​ខ្ញុំ​ម្នាក់​ដែរ។ កាល​នោះ​​ខ្ញុំ​អាយុប្រហែល​៦ទៅ​៧​ឆ្នាំ។ ខ្ញុំ​មិន​ស្មាន​ដល់​សោះ​ ថា​ពេល​នេះ​ខ្ញុំ​អាយុ៦៥​ឆ្នាំ​ហើយ ខ្ញុំ​នៅ​ចាំ​របាំ​នេះ​បានទាំង​អស់»​។  ​
 
សូម​បញ្ជាក់​ថា​ក្រៅ​ពី​របាំ​ឆ្មា នៅ​មាន​របាំ​មាន់ របាំ​មេអំបៅ និង​របាំ​ជា​ច្រើន​ទៀត​ ដែល​មាន​តាំង​ពី​បុរាណ ហើយ​មិន​ទាន់​បាន​ដំឡើង​ជា​ថ្មី​ ដើម្បី​ផ្សព្វ​ផ្សាយ​ឱ្យ​​សាធារណជន និង​ក្មេង​ជំនាន់​ក្រោយ​បាន​ឃើញ​៕ 
 

Tag:
 របាំ​
  របាំបុរាណ​
  វប្បធម៌​
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com