ជាតិ
សង្គមជាតិ
សារធាតុគីមី និងសារធាតុញៀនជាង៨០តោនទៀត​ នឹងត្រូវបំផ្លាញចោល
26, Jun 2022 , 5:19 pm        
រូបភាព
គ្រឿងជាង៦តោន ក្នុងចំណោម៩០តោន ត្រូវបានដុតចោលនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៦មិថុនា ឆ្នាំ២០២២
គ្រឿងជាង៦តោន ក្នុងចំណោម៩០តោន ត្រូវបានដុតចោលនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៦មិថុនា ឆ្នាំ២០២២
ភ្នំពេញ៖ អាជ្ញាធរ រឹបអូសបានគ្រឿងញៀន​និងសារធាតុញៀន​ប្រមាណ៩០តោន ដោយក្នុងនោះ គ្រឿងជាង៦តោនត្រូវបានដុតចោលនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦មិថុនា ឆ្នាំ២០២២នេះ ឯសារធាតុគីមី និងសារធាតុញៀនប្រមាណ៨៤តោនទៀត នឹងត្រូវបំផ្លាញចោលនៅពេលក្រោយ។

 
អាជ្ញាធររឹបអូសគ្រឿងញៀន សារធាតុគីមីផ្សំគ្រឿងញៀន និងសារធាតុគីមីពាក់ព័ន្ធផ្សេង រហូតដល៩០,៨០តោន។  លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា  បរិមាណគ្រឿងញៀនច្រើនសន្ធឹកសន្ធាប់នេះ គឺពួកក្រុមឧក្រិដ្ឋជនបានយក ធ្វើជាមុខរបរឬជំនួញរបស់ពួកគេ ដែលបានពង្វក់ស្មារតីអូសទាញដល់ជនស្លូតត្រង់ ភាគច្រើនជាយុវវ័យបណ្តាលឱ្យខូចសុខភាព និងហ៊ានប្រព្រឹត្តអំពើឃាតកម្ម ចាប់ជំរិត រំលោភសេពសន្ថវៈ លួច ឆក់ ប្លន់ទ្រព្យសម្បត្តិ និងប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ជាដើម។​
 
 
បើតាមលោក ច្រឹង ខ្មៅ គ្រឿងញៀទម្ងន់ជាង៩០នេះ គឺស្ថិតនៅក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៥៥ករណី  ដែលនឹងត្រូវបានបំផ្លាញចោលទៅតាមលក្ខណៈបច្ចេកទេស​ជាដំណាក់កាល។ នៅក្នុងនោះ មាន ៦  ២៥៩គីឡូក្រាម(ជាង៦តោន) ត្រូវបានដុតចោល ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៦មិថុនា ឆ្នាំ២០២២។  
 
ដោយឡែក សារធាតុញៀន សារធាតុគីមី និងសារធាតុគីមីផ្សំទម្ងន់ជិត៨៤តោនទៀត គណៈកម្មការដុតបំផ្លាញគ្រឿងញៀន សម្រេចប្រគល់ឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបន្សាប និងបំផ្លាញចោលតាមលក្ខណៈបច្ចេកទេស នាពេលក្រោយទៀត។ នេះជាការលើកឡើងរបស់លោក ច្រឹង ខ្មៅ ដោយបញ្ជាក់ថា សារធាតុញៀនទាំងនេះ គឺត្រូវបានរំលាយហើយដោយមានអាស៊ីត និងគីមីពុលឆាបឆេះខ្លាំង ដែលមិនអាចបំផ្លាញតាមវិធីសាស្ត្រដុត បានឡើយ។
 
នាឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌»  លោកបន្តមានប្រសាសន៍ដូច្នេះ៖ «សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅមានសំណុំរឿងគ្រឿងញៀនកំពុងចាត់ការ និងជាប់បណ្ដឹងឧទ្ធរណ៍ជាច្រើនទៀត។ នាពេលខាងមុខ គណៈកម្មការនឹងរៀបចំដុតបំផ្លាញ ជាបន្តបន្ទាប់តាមដំណាក់កាល នៅពេលទទួលបានសេចក្ដីសម្រេចរបស់តុលាការ»៕ 
 

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» _ក្រោមអធិបតីភាព សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ_



Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com