ជាតិ
សិស្សរាប់រយនាក់នៅក្រចេះ​ ចូលរួម«យុទ្ធនាការអន្ទាក់សូន្យ»ដើម្បីប្រឆាំងការបរិភោគ និងជួយដូរសត្វព្រៃ
26, Jun 2022 , 8:29 pm        
រូបភាព
សិស្សវិទ្យាល័យរាប់រយនាក់ចូលរួមដង្ហែ «យុទ្ធនាការអន្ទាក់សូន្យ» នៅក្នុងក្រុងក្រចេះ។ រូបភាពក្រសួងបរិស្ថាន។
សិស្សវិទ្យាល័យរាប់រយនាក់ចូលរួមដង្ហែ «យុទ្ធនាការអន្ទាក់សូន្យ» នៅក្នុងក្រុងក្រចេះ។ រូបភាពក្រសួងបរិស្ថាន។
ក្រចេះ៖ សិស្សវិទ្យាល័យរាប់រយនាក់ចូលរួមដង្ហែផ្សព្វផ្សាយ «យុទ្ធនាការអន្ទាក់សូន្យ» ក្នុងខេត្តក្រចេះ ដើម្បីចូលរួមបញ្ឈប់ការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ នៅតំបន់ការពារធនធានធម្មជាតិ។ ពួកគេយល់ឃើញថា ការជួញដូរ ការបរិភោគសាច់សត្វជារឿងមិនត្រឹមត្រូវ និងមិនគាំទ្រសកម្មភាពទាំងនោះឡើយ និងអំពាវនាវឱ្យអ្នកប្រព្រឹត្តត្រូវបញ្ឈប់ជាបន្ទាន់។



តទៅនេះសូមអញ្ជើញលោក អ្នកនាង ទស្សនាវីដេអូដូចតទៅ៖ 

«យុទ្ធនាការអន្ទាក់សូន្យ» បានអនុវត្តទៅដល់ខេត្តក្រចេះហើយ នៅថ្ងៃទី១៨​ ខែមិថុនា បន្ទាប់ពីបានធ្វើនៅខេត្តស្ទឹងត្រែង ព្រះវិហារ នាពេលកន្លងមក។ នាយុទ្ធនា​ការ ដែលប្រព្រឹត្តនៅព្រឹកថ្ងៃទី១៨ ខែមិថុនា នៅរង្វង់មូលវិមានឯករាជ្យក្រុងក្រចេះ មានសិស្សានុសិស្សប្រុសស្រីរាប់រយអ្នកបានចូលរួម ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ ក្នុងការបញ្ឈប់ការដាក់អន្ទាក់ ការជួញដូរសត្វព្រៃ និងបរិភោគសត្វព្រៃ។ 
 
យុវតី អុល ធារ៉ា ជាសិស្សថ្នាក់ទី១២មួយរូប ដែលចូលរួមក្នុងក្បួនដង្ហែយុទ្ធនាការនោះ លើកឡើងថា ខ្លួនមិនគាំទ្រឱ្យមានសកម្មភាពដាក់អន្ទាក់ ឬបរបាញ់សត្វព្រៃ និងបរិភោគនោះឡើយ។ យុវតីរូបនេះ យល់ឃើញថា ការសកម្មភាពទាំងអស់នេះ កំពុងបំផ្លិចបំផ្លាញធនធានធម្មជាតិ ហើយវានឹងអាចប្រឈមបាត់បង់នាពេលអនាគត។ 
 
ជំនួសសកម្មភាពទាំងនោះ កញ្ញា ចង់ឱ្យពលរដ្ឋគ្រប់រូបងាកមកចូលរួមថែរក្សាវិញ ដើម្បីបន្តវត្តមាននូវសត្វទាំងនោះ នៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យយុវជនជំនាន់ក្រោយ ក៏ដូចជាកញ្ញាផ្ទាល់បានស្គាល់សត្វទាំងនោះ។ 
 
យុវសិស្សមួយរូបទៀត លោក តាង សមិទ្ធិ ក៏មិនគាំទ្រនូវការជួញដូរ និងបរិភោគសាច់សត្វព្រៃនោះដែរ។ យុវសិស្សវ័យថ្នាក់ទី១២រូបនេះ លើកឡើងថា ការបរិភោគសាច់សត្វព្រៃ មិនត្រឹមតែវិនាសនូវធនធានកម្រទាំងនោះទេ ប៉ុន្តែវាថែមទាំងអាចធ្វើឱ្យប៉ះពាល់សុខភាព និងឆ្លងមេរោគផ្សេងៗថែមទៀតផង។ 
 
មិនខុសពីយុវជនទាំងពីរខាងលើឡើយ យុវតីមួយរូបទៀត កញ្ញា ឈន លក្ខិណា ក៏មិនគាំទ្រឱ្យមានការដាក់អន្ទាក់ ជួញដូរ និងបរិភោគសត្វព្រៃនោះឡើយ។ យុវតីថ្នាក់ទី១២រូបនេះ ក៏បានអំពាវនាវដល់សាធារនជន ជាពិសេសអ្នកប្រមាញ់សត្វព្រៃ និងបរិភោគ ត្រូវបញ្ឈប់សកម្មភាពទាំងនោះ ដើម្បីទាញផលចំណេញពីធនធានទាំងនោះ តាមរយៈវិស័យទេសចរណ៍វិញ។ 
 
គួររំឭកថា «យុទ្ធនាការអន្ទាក់សូន្យ» ធ្វើឡើងក្នុងគោលបំណង បញ្ឈប់ការដាក់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដើម្បីអភិរក្សសត្វព្រៃ និងការពារសត្វព្រៃឱ្យសម្បូរឡើងវិញ។ យុទ្ធនាការនេះ ត្រូវបានរៀបចំដោយក្រសួងបរិស្ថាន អង្គការដៃគូ និងអាជ្ញាធរខេត្ត មានរយៈពេល៦ខែ គឺចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ដែលចាប់ផ្ដើមយុទ្ធនាជារួម នៅរាជធានីភ្នំពេញ, ស្ទឹងត្រែង, ព្រះវិហារ, ក្រចេះ និងបន្តទៅ កាន់ខេត្តកំពង់ធំ មណ្ឌលគិរី និងរតនគិរី។
 
គិតត្រឹមឆ្នាំ២០២១កន្លងទៅ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូ បានដកអន្ទាក់ជាង៦ម៉ឺន ចេញពីតំបន់ការពារធម្មជាតិចំនួន៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀតនៅកម្ពុជា។ ក្នុងមួយឆ្នាំត្រូវបានគេប៉ាន់ប្រមាណថា មានអន្ទាក់ជាង ៤ម៉ឺន ត្រូវបានយកចេញពីតំបន់ការពារធម្មជាតិ៕
 
 
 

Tag:
 ThmeyThmey25
  បរិស្ថាន
  យុទ្ធនាការអន្ទាក់សូន្យ
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com