ជាតិ
រដ្ឋមន្ត្រីកសិកម្ម៖ កសិករ មន្ត្រី និងនិស្សិត កង្វះបច្ចេកទេស ការ​អនុវត្ត និងការស្រាវជ្រាវ ក្នុងផលិតកម្មសត្វ
26, Jun 2022 , 10:59 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាជំនួបជាមួយ លោក Jae-Jin Chang ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន OrientCam Co., Ltd។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាជំនួបជាមួយ លោក Jae-Jin Chang ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន OrientCam Co., Ltd។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម។
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម មើលឃើញថាបច្ចុប្បន្ន ទាំងកសិករ មន្ត្រី និងនិស្សិត នៅកម្ពុជា មានចំណុចខ្វះខាតលើការងារបច្ចេកទេស ការអនុវត្តជាក់ស្ដែង និងការស្រាវជ្រាវជាច្រើន ក្នុង ច្រវាក់ផលិតកម្មសត្វនៅកម្ពុជា។


ការលើកឡើងបែបនេះ របស់លោក  វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ធ្វើឡើងនាជំនួបជាមួយ លោក Jae-Jin Chang ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន OrientCam Co., Ltd។ ជំនួបពេលនោះ គឺក្រុមហ៊ុននេះ មានបំណងសហការជាមួយក្រសួងកសិកម្ម ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់អនុវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ដល់អ្នកចិញ្ចឹមសត្វ និងមន្ត្រីជំនាញ។ 
 
ដោយមើលឃើញពីចំណុចខ្វះខាត លើផលិតកម្មសត្វនៅកម្ពុជា រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ សង្ឃឹមថា កសិករ មន្ត្រី និស្សិត ពួកគាត់នឹងមានឱកាសទៅចូលរួមវគ្គបណ្តុះបណ្តាល ដើម្បីបង្កើនសមត្ថភាពលើជំនាញរបស់ខ្លួនបន្ថែមដែលជាទុនដ៏សំខាន់សម្រាប់អភិវឌ្ឍខ្លួនគាត់ផ្ទាល់ ក៏ដូចជាអភិវឌ្ឍវិស័យផលិតកម្មសត្វ និងសុខភាពសត្វរបស់កម្ពុជាផងដែរនាពេលអនាគត។
 
ជាមួយគ្នានេះ លោក វេង សាខុន ក៏បានស្នើទៅលោក Jae-Jin Chang ផងដែរឱ្យជួយពិនិត្យលទ្ធភាព ធ្វើការបណ្តុះបណ្តាលមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លើការផលិតវ៉ាក់សាំងការពារជំងឺឆ្លងសត្វ។ ស្របពេលដែលកម្ពុជា ពុំទាន់មានសមត្ថភាពគ្រប់គ្រាន់នៅឡើយនោះ។ 
  

​ជំនួបរវាងលោក វេង សាខុន និង លោក Jae-Jin Chang ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន OrientCam Co., Ltd។ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងកសិកម្ម។

តាមរយៈកិច្ចសហប្រតិបត្តិការខាងលើនេះ លោក វេង សាខុន មានប្រសាសន៍ដូច្នេះថា៖ «សហប្រតិបត្តិការរបស់ក្រុមហ៊ុននេះ គឺជាចលករក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្ម ពន្លឿនកំណើនសេដ្ឋកិច្ច តាមរយ:បង្កើតការងារ ផ្សព្វផ្សាយបច្ចេកវិទ្យាទំនើបរបស់កូរ៉េ និងបង្កើនផលិតភាពផលិតកម្មចិញ្ចឹម បង្កើតរចនាសម្ព័ន្ធកែច្នៃ និងនាំចេញ ស្របតាមទស្សនវិស័យ និងគោលនយោបាលរបស់រាជរដ្ឋាភិបាល»។ 
 
ដោយឡែកភាគីខាងក្រុមហ៊ុនកូរ៉េវិញ ក៏បានអញ្ជើញរដ្ឋមន្ត្រីក្រសួងកសិកម្ម  និងសហការីពាក់ព័ន្ធទៅធ្វើទស្សនកិច្ច សិក្សាស្វែងយល់បន្ថែមអំពីក្រុមហ៊ុន ដែលមានមូលដ្ឋាននៅកូរ៉េ។ តបទៅសំណើនេះ លោក វេង សាខុន ថានឹងរកឱកាសសមស្របណាមួយស្នើសុំការអនុញ្ញាត  ពីប្រមុខរាជរដ្ឋាភិបាល នឹងដឹកនាំគណ:ប្រតិភូទៅបំពេញទស្សនកិច្ចនៅក្រុមហ៊ុន នាពេលអនាគតដ៏ខ្លី៕ 
 

Tag:
 ThmeyThmey
  វេង សាខុន
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com