អន្តរជាតិ
នាយករដ្ឋមន្រ្តីជប៉ុន ព្រមានពីការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយកម្លាំងទ័ព
27, Jun 2022 , 1:56 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអ។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអ។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី២៦ ខែមិថុនា បានព្រមានជាថ្មីពីការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយកម្លាំងទ័ព។ ការលើកឡើងរបស់មេដឹកនាំជប៉ុនបែបនេះ ទំនងសំដៅដោយចិន ដែលតែងគំរាមតៃវ៉ាន់ពីការប្រើប្រាស់កម្លាំងទ័ព ក្នុងករណីហ៊ានប្រកាសឯករាជ្យ ខណៈកូរ៉េខាងជើងបន្តសាកល្បងមីស៊ីលឥតឈប់ឈរ។

 
ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង៧ (G7) នៅតំបន់ភ្នំ Alps ដែលស្ថិតនៅភាគខាងត្បូងអាល្លឺម៉ង់ ប្រមុខរដ្ឋាភិបាលជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានលើកឡើងពីស្ថានភាពសន្តិសុខនៅតំបន់អាស៊ីខាងកើត ស្របពេលចិនកំពុងអុងអាត់ក្នុងតំបន់ តាមរយៈកម្លាំងយោធា និងកូរ៉េខាងជើងសាកល្បងមីស៊ីលជាច្រើនលើក។ មេដឹកនាំរូបនេះ ក៏បានបញ្ជាក់ពីវត្តមានទូកចិននៅក្បែរប្រជុំកោះ Senkaku និងតំបន់រុករកប្រេងនៅសមុទ្រខាងកើតដែរ។ 
 
«យើងបានឃើញពីការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងទ័ព ដែលបន្ត និងបង្កើននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ មន្រ្តីជាន់ខ្ពស់ជប៉ុនបានស្រង់សម្តីលោក គីស៊ីដា បែបនេះ។ ប្រមុខរដ្ឋាភិបាលជប៉ុន បានអំពាវនាវឱ្យមេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចទាំង ៧ ការពារសណ្តាប់ធ្នាប់អន្តរជាតិ និងធានាកុំឱ្យប្រទេសផ្សេងទៀត ទាញមេរៀនខុសពីស្ថានភាពនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo។ 
 
លោក គីស៊ីដា ទំនងសំដៅដល់ក្រុងប៉េកាំងដែលមួយរយៈចុងក្រោយបានព្រមានក្រុងតៃប៉ិជាថ្មី ជុំវិញការប្រើប្រាស់កម្លាំងយោធា ប្រសិនបើហ៊ានប្រកាសឯករាជ្យ។ 
 
ទន្ទឹមនេះ មន្រ្តីជប៉ុន បានបន្ថែមថា ប្រមុខរដ្ឋាភិបាលជប៉ុន ក៏បានជំរុញឱ្យចិនផ្តល់តម្លាភាពបន្ថែមជុំវិញចំនួនអាវុធនុយក្លេអ៊ែរផងដែរ។ តាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិក្រុងស្តុកខុល ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរមានប្រមាណ ៣៥០គ្រាប់។ ដោយបារម្ភពីបញ្ហាសន្តិសុខក្នុងតំបន់ នាយករដ្ឋមន្រ្តីរូបនេះ ក៏បានពន្យល់ពីការបង្កើនថវិកាការពារជាតិក្នុងរយៈពេល ៥ឆ្នាំផង។
 
សូមបញ្ជាក់ថា ចិន និងជប៉ុន តែងប៉ះសម្តីគ្នាទៅវិញទៅមក នៅក្នុងសមុទ្រចិនខាងកើត ដោយចិនតែងទាមទារប្រជុំកោះ Senkaku ដែលគ្រប់គ្រងដោយជប៉ុន ជារបស់ខ្លួន៕
 
 

Tag:
 ជប៉ុន
  ចិន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com