កីឡាអន្តរជាតិ
អន្តរជាតិ
Bale យល់ព្រមលេងឱ្យ Los Angeles នៅអាម៉េរិក ខណៈ Pogba ត្រៀមទៅ Juventus វិញ
27, Jun 2022 , 3:28 pm        
រូបភាព
Gareth Bale បានសម្រេចចិត្តទៅចូលរួមជាមួយក្រុម Los Angeles FC នៃលីគកីឡាបាល់ទាត់កំពូលអាម៉េរិក (MLS) ដោយចុះកិច្ចសន្យារយៈពេលមួយឆ្នាំ។ ឯPaul Pogba ត្រៀមខ្លួនរួចស្រេចដើម្បីវិលត្រឡប់ទៅកាន់ក្រុម Juventus វិញ។

 
នៅលើផេកហ្វេសប៊ុកផ្លូការរបស់ខ្លួននៅថ្ងៃទី២៦ ខែមិថុនា Bale ដែលបានចាកចេញពី Real Madrid ក្រោយអស់កិច្ចសន្យានឹងគ្នានៅចុងបញ្ចប់រដូវកាលមុន បានបង្ហោះវីដេអូអំពីការទៅចូលរួមជាមួយ Los Angeles។

 

 
នៅក្នុងវីដូខ្លីនោះ ខ្សែប្រយុទ្ធដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្រុមជម្រើសជាតិវេល៍បង្ហាញខ្លួននៅ World Cup លើកដំបូងក្រោយរយៈពេល៦៤ឆ្នាំ បានពាក់អាវរបស់ Los Angeles រួចស្រេច សរសេរថាជួបគ្នាឆាប់ៗនេះ Los Angeles។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អតីតកីឡាករ Tottenham Hotspur និង Southampton រូបនេះ ព្រមព្រៀងកិច្ចសន្យាជាមួយ Los Angeles មួយរដូវកាល។ ក្រៅពី Bale ក្រុម Los Angeles យកបានខ្សែការពារ Giorgio Chiellini ដែលផុតកិច្ចសន្យាជាមួយ Juventus ។
 
Bale វ័យ៣២ឆ្នាំដែលបានផ្លាស់ពី Spurs ទៅចូលរួមជាមួយ Real Madrid ក្នុងតម្លៃបំបែកកំណត់ត្រាជាង១០០លានដុល្លាកាលពីឆ្នាំ២០១៣ មិនទទួលបានការចាប់អារម្មណ៍ពីអ្នកចាត់ការទូទៅក្នុងការដាក់រូបគេលេងនោះទេ ចាប់តាំងពីសម័យកាលលោក Zinedine Zidane ដឹកនាំម្លេះ។
 
ដោយឡែក Paul Pogba​ ដែលបានចាកចេញពី Manchester United ដោយសារផុតកំណត់កិច្ចសន្យាដែរនោះ ខិតជិតការវិលត្រឡប់ទៅក្រុមចាស់ Juventus វិញ នៅរដូវកាលថ្មីខាងមុខ។
Pogba ខ្សែបម្រើសញ្ជាតិបារំាង ដែលត្រូវបានក្រុមបិសាចក្រហមទិញយកមកវិញពីក្រុមយក្សអ៊ីតាលីក្នុងតម្លៃកំណត់ត្រាក្លិបជិត១០០លានដុល្លារកាលពីឆ្នាំ២០១៦ ហាក់មិនបានបង្ហាញអ្វីជាដុំកំភួនសម្រាប់ក្រុមឱ្យសមនឹងតម្លៃខ្លួនរបស់គេឡើយ។
 
លេងមិនសូវបានល្អ ព្រមទាំងតម្លៃពលកម្មថ្លៃរហូតដល់ជាង៣០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ផងនោះ Man Utd ដែលទើបតែងតាំងអ្នកចាត់ការថ្មី សម្រេចមិនបន្តកិច្ចសន្យាថ្មីឱ្យ Pogba ទៀតឡើយ។
 
បើតាមការចុះផ្សាយរបស់កាសែត Metro សមាជិកដែលជួយបារាំងឈ្នះ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី ត្រៀមខ្លួនពិនិត្យសុខភាពឆាប់ៗនេះ ដើម្បីចូលរួមជាមួយក្រុម Juventus នៅរដូវកាលក្រោយនេះ៕
 

Tag:
 Gareth Bale
  Paul Pogba
© រក្សាសិទ្ធិដោយ thmeythmey.com