ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំវៀតណាម ហៅទូរស័ព្ទទៅសម្តេច ហ៊ុន សែន អបអរខួបកំណើតបក្ស៧១ឆ្នាំ និងការឈ្នះឆ្នោតឃុំ-សង្កាត់
27, Jun 2022 , 9:59 pm        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក ង្វៀន ភូជុង នាពេលកន្លងមក។ រូបពីទីស្តីការគណៈរដ្ឋមន្រ្តី
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក ង្វៀន ភូជុង នាពេលកន្លងមក។ រូបពីទីស្តីការគណៈរដ្ឋមន្រ្តី
លោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានហៅទូរស័ព្ទ ទៅសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ដើម្បីអបអរសាទរខួប៧១ឆ្នាំ នៃការចាប់កំណើតគណបក្សប្រជាជនកម្ពុជា និងដើម្បីអបអរសាទរគណបក្សនេះ ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ ព័ត៌មានអំពីកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទអស់រយៈពេលជាង៣០នាទីនេះ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច។

 
គណបក្សប្រជាជន​កម្ពុជា នឹងរៀបចំពិធីប្រារព្ធខួបកំណើត៧១ឆ្នាំ នៅវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលរបស់ខ្លួន នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រោមវត្តមានសម្តេច ហ៊ុន សែន។ គណបក្សប្រជាជនកម្ពុជា បានកំណត់យកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជាថ្ងៃកំណើតរបស់ខ្លួន។ ដោយឡែក ចំពោះការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ដែលទើបបញ្ចប់ទៅ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈជាង៩,៣ពាន់អាសនៈ ដែលជាចំនួនច្រើនដាច់គេ បើប្រៀបធៀបនឹងចំនួនអាសនៈរបស់គណបក្សដទៃដែលទទួលបាន។ 
 
សម្តេច ហ៊ុន សែន បានអរគុណលោក ង្វៀន ភូជុង ដែលបានហៅទូរស័ព្ទទៅសម្តេចដោយផ្ទាល់ ដើម្បីអបអរសាទរខួប៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងអបអរសាទរលទ្ធផលជាវិជ្ជមាននៃការបោះឆ្នោតឃុំ-សង្កាត់ ដែលគណបក្សប្រជាជនកម្ពុជាទទួលបាន។ 
 
ក្នុងជំនួបតាមទូរស័ព្ទ សម្តេច ហ៊ុន សែន និងលោក ង្វៀន ភូជុង បានអបអរសាទរគ្នាទៅវិញទៅមក ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយបានបើកដំណើរការប្រទេស និងស្តារសេដ្ឋកិច្ចឡើងវិញ។ ទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បានសរសេរដូច្នេះថា៖«សម្តេចតេជោ និងឯកឧត្តម ង្វៀន ភូជុង បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំង២ ឲ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេឡើងថែមទៀត»៕
 
 

Tag:
 ហ៊ុន សែន
  ង្វៀន ភូជុង
  កម្ពុជា-វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com