អន្តរជាតិ
G7 នឹងកៀរគរលុយ៦00ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងទប់ទល់ផែនការខ្សែក្រវាត់និងផ្លូវរបស់ចិន
27, Jun 2022 , 10:29 pm        
រូបភាព
មេដឹកនាំក្រុមប្រទេសG7 ថតរូបជុំគ្នានៅអាល្លឺម៉ង់។ រូបថត AFP
មេដឹកនាំក្រុមប្រទេសG7 ថតរូបជុំគ្នានៅអាល្លឺម៉ង់។ រូបថត AFP
ក្រុមមេដឹកនាំនៃប្រទេសជឿនលឿនទាំង ៧ (G7)នៅថ្ងៃទី២៦ ខែមិថុនា ប្រកាសការប្ដេជ្ញាចិត្តក្នុងការកៀរគរប្រាក់ចំនួន៦០០ពាន់លានដុល្លារក្នុងរយៈពេល​៥ឆ្នាំ ដើម្បីប្រើជាមូលនិធិសម្រាប់ផ្ដល់ជំនួយគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធដល់ប្រទេសកំពុងអភិវឌ្ឍ។ ផែនការនេះ ជាការប្រឆាំងនឹងគម្រោងខ្សែក្រវាត់ និងផ្លូវដែលមានតំលៃរាប់ពាន់លានដុល្លាររបស់ចិនដែលកំពុងអនុវត្តពេញពិភពលោក​។



ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងមេដឹកនាំនៃប្រទេសជឿនលឿនទាំង ៧ (G7) ផ្សេងទៀត នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅថ្ងៃទី២៦ ខែមិថុនា បានសម្រេចបើកដំណើរការឡើងវិញនូវគម្រោងភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគជាសកល។
 
ពីកិច្ចប្រជុំនៅអាល្លឺម៉ង់ លោកប្រធានាធិបតិ ចូ បៃឌិន និយាយថា អាម៉េរិក នឹងកៀរគរថវិកាចំនួន ២០០ពាន់លានដុល្លារជាជំនួយ​លើការវិនិយោគដោយរដ្ឋនិងឯកជនក្នុងរយៈពេល៥ឆ្នាំ ដើម្បីគាំទ្រគម្រោងនានានៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។ ការដោះស្រាយវិបត្តិប្រែប្រួលអាកាសធាតុ​​ ការកែលម្អប្រព័ន្ធសុខភាពពិភពលោក ការពង្រឹងសមធម៌យេនឌ័រ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល សុទ្ធសឹងជាវិស័យដែលអាចទទួលបានការវិនិយោគ។
 
«ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់។ នេះមិនមែនជាជំនួយ ឬសប្បុរសធម៌ទេ។ វាជាការវិនិយោគ​ដែលនឹងផ្តល់ផលចំណេញសម្រាប់មនុស្សគ្រប់គ្នា»។ ប្រធានាធិបតីអាម៉េរិកលើកឡើងបែបនេះមុនបន្តថា វានឹងអនុញ្ញាតឱ្យប្រទេសនានាមើលឃើញពីអត្ថប្រយោជន៍ជាក់ស្តែងនៃការចាប់ដៃគូជាមួយប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។ 
 
បន្ថែមពីនេះ លោក បៃឌិន ក៏ប្រកាសថា​ ប្រាក់រាប់រយពាន់លានដុល្លារបន្ថែមទៀតអាចនឹងត្រូវផ្តល់ដោយធនាគារអភិវឌ្ឍពហុភាគី ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ និងប្រភពផ្សេង​ៗទៀត។
ចំណែកអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប អឺស៊ូឡា វ៉ុន ដឺ លៃអេន បញ្ជាក់ថា អឺរ៉ុបនឹងប្រមូលថវិកា៣០០ពាន់លានអឺរ៉ូសម្រាប់រយៈពេលដូចគ្នា ដើម្បីជាជម្រើសដល់ប្រទេសកំពុងអភិវឌ្ឍក្រៅតែពីគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលចាប់ផ្តើម​កាលពីឆ្នាំ២០១៣។
 
គម្រោងវិនិយោគរបស់ចិន កំពុងត្រូវបានអនុវត្តនៅប្រទេសជាង ១០០ ដោយផ្តោតលើការសាងសង់កំពង់ផែ​ ផ្លូវថ្នល់ និងគម្រោងអភិវឌ្ឍធំៗ។ លោកខាងលិច ចោទចិនថា ធ្វើឱ្យប្រទេសក្រីក្រធ្លាក់ចូលអន្ទាក់បំណុលដោយសារតែគម្រោងនេះ៕
 
 
 
 

Tag:
 ចិន
  G7
© រក្សាសិទ្ធិដោយ thmeythmey.com