ជាតិ
វីដេអូ
សេដ្ឋកិច្ច
លោក ផាន អូន៖ ម្ចាស់ស្ថានីយ/ដេប៉ូ ​ បន្លំគុណភាពប្រេងឥន្ធនៈ អាចរងពិន័យដល់២០លានរៀល
27, Jun 2022 , 8:59 pm        
រូបភាព
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ។
ភ្នំពេញ៖  ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈទាំងឡាយណាដែលមិនមានអនុលោមភាពចំពោះអ្នកប្រើប្រាស់​ នឹងរងការពិន័យជាអន្តរការណ៍ ពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)។ លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាក់ថា  ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈដែលបន្លំគុណភាពឬប្រភពដើមនៃទំនិញចំពោះអ្នកប្រើប្រាស់ គឺអាចរងការពិន័យរហូតដល់២០លានរៀល(៥ ០០០ដុល្លារអាម៉េរិក)។​

 
ប្រេងឥន្ធនៈដែលលក់រាយនៅលើទីផ្សារកម្ពុជា​ ក៏ដូចនៅបណ្តាប្រទេសជុំវិញពិភពលោក បានឡើងថ្លៃជាបន្តបន្ទាប់ ព្រោះតែរងឥទ្ធិពលពីសង្គ្រាមនៅអ៊ុយក្រែន។ បច្ចុប្បន្ន សាំងធម្មតានៅកម្ពុជាមានតម្លៃ ៥ ៨០០រៀលក្នុងមួយលីត្រ។ រីឯ ប្រេងម៉ាស៊ូត ឡើងដល់ ៦ ៣០០រៀលក្នុងមួយលីត្រ។ នេះជាការកំណត់តម្លៃថ្មីដោយក្រសួងពាណិជ្ជកម្ម ដែលម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈនៅទូទាំងប្រទេសត្រូវអនុវត្តដល់ដំណាច់ខែមិថុនា ឆ្នាំ២០២២។ 

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកស្តាប់បទសម្ភាសរវាងកញ្ញា អ៊ូ សុខមាន អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ខាងក្រោមដូចតទៅ៖
 
 
ជាមួយគ្នានេះ លោក ផាន អូន បានណែនាំដល់ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈទាំងអស់មិនត្រូវលក់បន្លំគុណភាព ឬបរិមាណ ចំពោះអ្នកប្រើប្រាស់ឡើយ។ បើពុំដូច្នោះទេ ម្ចាស់ស្ថានីយប្រេងឥន្ធនៈនោះ នឹងការពិន័យជាអន្តរការណ៍ ខណៈ​រយៈពេល៥ខែមកនេះ ក.ប.ប រកឃើញម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈជាង៦០០កន្លែង ដែលល្មើសនឹងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។​ លោក បានបញ្ជាក់ថា​ ភាគច្រើនដែលម្ចាស់ស្ថានីយឥន្ធនៈប្រពឹត្តិខុសនោះ ​ គឺការល្មើសនឹងបទដ្ឋានព័ត៌មាន និងក្លែងបន្លំគុណភាព ចំពោះអ្នកប្រើប្រាស់។ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ(ThmeyThmey) លោក ផាន អូន បន្តនិយាយដូច្នេះ៖ «បទល្មើសក្រោមច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ​ចំពោះបទដ្ឋានព័ត៌មានសម្រាប់អ្នក​ប្រើប្រាស់ គឺមានកម្រិតអតិប្បរមា១០លានរៀល​ ឬអាចតូចជាងហ្នឹង។ ប៉ុន្តែ ក្នុងករណីបើយើងឃើញមានការបន្លំគុណភាព! ម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈនោះ អាចរងការពិន័យរហូតដល់២០លានរៀល»។ លោកបញ្ជាក់ថា ការពិន័យនេះ គឺជាដែនសមត្ថកិច្ចរបស់មន្ត្រីអនុវត្តច្បាប់ដែលសិក្សាពីកំហុសរបស់ម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈ ដោយឈរលើទំហំនៃការធ្វើពាណិជ្ជកម្ម, ផលប៉ះពាល់សង្គម រួមទាំងកត្តាជីវភាពជាក់ស្តែងរបស់ម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈនីមួយៗ។​
 
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប​.ប ក៏បានព្រមានដល់ម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈណាដែលបន្តប្រព្រឹត្តល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នេះ នឹងត្រូវព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណតែម្តង។  លើសពីនេះទៅទៀត ម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈទាំងនោះ អាចប្រឈមការកសាងសំណុំរឿងទៅតុលាការថែមទៀត​។​ លោក ផាន អូន បានរឭកថា​៖​  «កន្លងមក គឺមាន៤ករណីហើយដែលយើងកសាងសំណុំរឿងរបស់ស្ថានីយប្រេងឥន្ធនៈដែលបន្តប្រព្រឹត្តល្មើសនឹងច្បាប់ ទៅតុលាការ»៕ 
 

Tag:
 ពាណិជ្ជកម្ម
  ប្រេងឥន្ធនៈ
  លោក ផាន អូន
© រក្សាសិទ្ធិដោយ thmeythmey.com