ជាតិ
អន្លង់ផ្សោតកាំពី ជាកន្លែងជិះទូកទស្សនាសត្វផ្សោតដ៏ពេញនិយមនៅដងទន្លេមេគង្គ ខេត្តក្រចេះ
28, Jun 2022 , 7:59 am        
រូបភាព
សត្វផ្សោតទន្លេមេគង្គ។ រូបភាពពីគេហទំព័រ អង្គការ WWF។
សត្វផ្សោតទន្លេមេគង្គ។ រូបភាពពីគេហទំព័រ អង្គការ WWF។
ក្រចេះ៖ «អន្លង់ផ្សោតកាំពី»​ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិនៅទន្លេមេគង្គលើ ខេត្តក្រចេះ។ ទេសចរ អាចជិះទូកទស្សនាសត្វផ្សោតអណ្ដែតខ្លួនទាំងគូៗ ហាក់ដូចម្ដាយនិងកូន, បង និងប្អូន កំពុងប្រឡែងគ្នាលើផ្ទៃទឹក។

 
 
ដើម្បីទៅកាន់ទីតាំងមួយនេះ អ្នកទេសចរត្រូវធ្វើដំណើរចេញពីក្រុងក្រចេះ ឆ្ពោះទៅកាន់ភូមិកាំពីឃុំសំបុក ស្រុកចិត្របុរី តាមផ្លូវខេត្តលេខ៣៧៧ ចម្ងាយប្រមាណ១៥គីឡូម៉ែត្រ។ ទេសចរ នឹងឃើញខ្លោងទ្វារធំមួយភ្ជាប់នឹងអក្សរមួយឃ្លាថា«រមណីយដ្ឋានអន្លង់ផ្សោត»។មុនចូលទៅកាន់កន្លែងទិញសំបុត្រ គេនឹងឃើញមានអាជីវករលក់ភេសជ្ជៈនិងគ្រឿងអនុស្សាវរីយ៍ពីឈើ នៅក្នុងបរិវេណទីតាំងនេះ។ 
 
ដើម្បីទៅទស្សនាសត្វផ្សោតបាន អ្នកទេសចរត្រូវធ្វើដំណើរតាមទូក។ ជិះទូកចេញពីកំពង់បានប្រមាណតែ១០នាទី ទេសចរ នឹងឃើញវត្តមានសត្វផ្សោត ងើបចេញពីផ្ទៃទឹក ដើម្បីដកដង្ហើម។ ការងើបមកដកដង្ហើមរបស់សត្វផ្សោតនេះ មិនមានរយៈពេលយូរឡើយ គឺចន្លោះពី២វិនាទី ទៅ៣វិនាទីតែប៉ុណ្ណោះ។ ម្ដងម្កាល វា​ក៏លោតផុតចេញពីផ្ទៃទឹក សឹង​ឃើញរូបរាងទាំងស្រុងរបស់វាទៅហើយ តែករណីនេះកម្របានឃើញណាស់។ 
 
មិនថារដូវប្រាំង ឬវស្សាឡើយ អ្នកទេសចរនៅតែអាចទៅទស្សនាសត្វផ្សោតនេះបានដដែល។ លោក ម៉ាន ឈុន អ្នកដឹកភ្ញៀវទេសចរណ៍សត្វផ្សោត រៀបរាប់ការរស់នៅសត្វផ្សោតដូច្នេះ៖ «ខែប្រាំងទឹករាក់ វានៅផ្ដុំគ្នា ឯខែវស្សាវាខ្ចាត់ខ្ចាយ វាចែកគ្នាដើររកស៊ី។ (ម្យ៉ាង)ស្រួលថតដែរ ទៅដល់ជួបជាហ្វូងវាប្រលែងគ្នាទៅ ចំបណ្ដោយ ស្រណុកថតបណ្ដោយ»។ 
 
ទិដ្ឋភាពផ្សោតនៅអង្លង់កាំពីនេះ ពិតជាធ្វើឱ្យទេសចរជាតិ និងអន្តរជាតិ រំភើប​រីករាយ។ កញ្ញា ម៉ូណា ជាជនបរទេសមួយរូបមកពីប្រទេស ហូឡង់ ដែលបានមកទស្សនាសត្វផ្សោតជាលើកដំបូង។ កញ្ញាមានអារម្មណ៍រំភើបជាខ្លាំង ដែលមកទស្សនាសត្វផ្សោតទន្លេមេគង្គដែលជាប្រភេទសត្វកម្រនេះ។ 
 
កញ្ញានិយាយដូច្នេះ៖ «ខ្ញុំគិតថានៅទីនេះ​ ជាកន្លែងល្បីឈ្មោះបំផុតមួយ ដើម្បីទស្សនាសត្វផ្សោត។ ពីព្រោះនៅឯប្រទេសខ្ញុំមិនមានវត្តមានវានោះទេ។ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះខ្ញុំបានលឺសំឡេងពួកវា ប៉ុន្តែខ្ញុំមិនដឹងថាពួកវានៅកន្លែងណា រហូតទាល់តែម្ចាស់ទូកប្រាប់ថា អូហមើលវានៅទីនោះ ហើយពួកវាពិតជាខុសគ្នាពីលើកញ្ចក់ទូរទស្សន៍ណាស់។ នេះគឺជាបទពិសោធន៍ដ៏សប្បាយមួយ»។
 
កញ្ញា ម៉ូណា បន្ថែមទៀតថា៖ «វាពិតជាមានសារៈសំខាន់ណាស់សម្រាប់សាធារណជនទាំងអស់អ្នកទេសចរ ក៏ដូចជាពលរដ្ឋរស់នៅទីនេះ គឺត្រូវគិតគូរអំពីការបំពុលដូចជាកុំបោះចោលសំរាមទៅក្នុងទន្លេ កុំនេសាទហួសហេតុ ដើម្បីប្រាកដថាពួកគេមានជីវិតរស់នៅសុខសាន្តមួយនៅក្នុងទន្លេ និង បន្តជីវិតរស់នៅយូរអង្វែងទៀត»។ 
 
សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ លទ្ធផលនៃជំរឿនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ ដោយរដ្ឋបាលជលផលនិង អង្គការ WWF បានបង្ហាញថាមានសត្វផ្សោតចំនួនត្រឹមតែ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុង ទន្លេមេគង្គកម្ពុជា។​
 
គួរជម្រាបផងដែរ​ថា ចំពោះតម្លៃទូកវិញបែងចែកជា២ប្រភេទ គឺសម្រាប់ភ្ញៀវជាតិម្នាក់ ទៅ៦នាក់ តម្លៃ ៥ម៉ឺនរៀល ។ ឯតម្លៃទូកភ្ញៀវអន្តរជាតិវិញ គឺ១០ដុល្លារ សម្រាប់ភ្ញៀវពេញវ័យ ចាប់ពី១ ទៅ២នាក់ និងតម្លៃ៨ដុល្លារសម្រាប់ភ្ញៀវពេញវ័យចាប់ពី៣នាក់ឡើងទៅ។ ចំណែកភ្ញៀវអន្តរជាតិអាយុក្រោម១២ឆ្នាំ គឺមានតម្លៃ៥ដុល្លារ ក្នុងមនុស្សម្នាក់។ ដោយឡែករយៈពេលនៃការទស្សនាវិញ គឺមានរយៈពេល៦០នាទី សម្រាប់ខែវិច្ឆិកា ដល់ខែឧសភា និងមានរយៈពេល៩០នាទី នៅខែមិថុនា ដល់ខែតុលា៕
 
 
 

Tag:
 ThmeyThmey25
  អន្លង់ផ្សោតកាំពី
  ក្រចេះ
  ផ្សោត
© រក្សាសិទ្ធិដោយ thmeythmey.com