អន្តរជាតិ
រដ្ឋមន្រ្តីទូវ៉ាលូ ដើរចេញពីសន្និសីទស្តីពីសមុទ្ររបស់ UN ក្រោយចិនជំទាស់វត្តមានប្រតិភូតៃវ៉ាន់
28, Jun 2022 , 9:47 am        
រូបភាព
សន្និសីទសមុទ្រអង្គការសហប្រជាជាតិនៅព័រទុយហ្កាល់។ រូបថត Flickr _ UN Ocean Conference
សន្និសីទសមុទ្រអង្គការសហប្រជាជាតិនៅព័រទុយហ្កាល់។ រូបថត Flickr _ UN Ocean Conference
ដោយ:
រដ្ឋមន្រ្តីការបរទេសទូវ៉ាលូ នៅថ្ងៃទី២៧ ខែមិថុនា បានដើរចេញពីសន្និសីទស្តីពីសមុទ្ររបស់អង្គការសហប្រជាជាតិ (UN) ដែលទើបតែចាប់ផ្តើមនៅព័រទុយហ្គាល់ បន្ទាប់ពីចិនរារាំងការចូលរួមរបស់ប្រតិភូតៃវ៉ាន់៣នាក់ដែលស្ថិតក្រោមបញ្ជីឈ្មោះរបស់ប្រតិភូទូវ៉ាលូ។ នេះបើតាមការផ្សាយរបស់វិទ្យុនូវែលសេឡង់ RNZ។

 
តៃវ៉ាន់ដែលចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន មិនមែនជាសមាជិកអង្គការសហប្រជាជាតិ(UN)ទេ ហើយវត្តមានតៃវ៉ាន់នៅក្នុងព្រឹត្តិការណ៍ពិភពលោកជាច្រើនត្រូវបានចិនជំទាស់ជានិច្ច។ សន្និសីទស្តីពីសមុទ្ររបស់ UN ដែលរៀបចំនៅព័រទុយហ្កាល់ក៏ដូចគ្នា ដោយចិនជំទាស់មិនទទួលស្គាល់ប្រតិភូតៃវ៉ាន់៣រូបដែលមានឈ្មោះចូលរួមក្រោមបញ្ជីប្រតិភូរបស់ទូវ៉ាលូឡើយ។ 
 
បើតាមវិទ្យុនូវែលសេឡង់ RNZ លោក Simon Kofe រដ្ឋមន្រ្តីការបរទេសទូវ៉ាលូបានដកខ្លួនចេញពីសន្និសីទនេះ ដើម្បីបង្ហាញការមិនពេញចិត្តចំពោះទង្វើចិនដែរ។ សន្និសីទស្តីពីសមុទ្ររបស់ UN កំពុងដំណើរការនៅទីក្រុងលីស្បោន ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០១ កក្កដា។ អ្នកចូលរួមប្រមាណ ៧ ពាន់នាក់ត្រូវបានរំពឹងថា នឹងមានវត្តមាននៅសន្និសីទដោយរាប់ចាប់ពីប្រមុខរដ្ឋរហូតដល់សកម្មជនបរិស្ថាន។
 
ជុំវិញរឿងនេះ ក្រសួងការបរទេសតៃវ៉ាន់បានអរគុណទូវ៉ាលូចំពោះការគាំទ្រខ្លួន ហើយក៏បានរិះគន់ចិនចំៗវិញដែរ។ 
 
«សម្ពាធតាមតែអំពើចិត្តរបស់ចិនដែលដាក់ទៅលើរដ្ឋសមាជិក UN គ្រាន់តែបង្ហាញឱ្យឃើញពីសន្ដានដ៏អាក្រក់របស់ខ្លួនជាថ្មីតែប៉ុណ្ណោះ»។ នេះបើតាមក្រសួងការបរទេសតៃវ៉ាន់។
 
ចំណែក អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានតបតទៅវិញដោយបញ្ជាក់ពីជំហររបស់ក្រុងប៉េកាំងជាថ្មីថា តៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ចិនដែលបាត់ទៅប៉ុណ្ណោះ។
 
«ការប៉ុនប៉ងរបស់អាជ្ញាធរតៃវ៉ាន់ក្នុងការចូលរួមនៅក្នុងសន្និសីទ UN ស្តីពីសមុទ្រ និងច្បាប់សមុទ្រ ដោយចូលរួមលើឆាកអន្តរជាតិ ឬដើរតួជាអ្នកអបពីក្រោយប្រទេសដទៃ នឹងគ្រាន់តែបង្អាប់មុខខ្លួនឯងប៉ុណ្ណោះ»។ លោក Zhao ថ្លែងបែបនេះអំឡុងសន្និសីទសារព័ត៌មាននៅក្រុងប៉េកាំង។ 
 
ជាកោះប៉ាស៊ីហ្វិកដែលមានប្រជាជន ១២ ០០០នាក់ ទូវ៉ាលូស្ថិតក្នុងចំណោមប្រទេស១៤ទៀតដែលនៅមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់។ កោះប៉ាស៊ីហ្វិកនេះបន្តមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ៕
 
 

Tag:
 ចិន
  ទូវ៉ាលូ
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com