ជាតិ
សង្គមជាតិ
រដ្ឋបាលភ្នំពេញ ចោទថា បុគ្គលិកណាហ្កាវើលដ៍ ប្រើហិង្សា និងធ្វើឲ្យសមត្ថកិច្ចរបួស
28, Jun 2022 , 12:39 pm        
រូបភាព
ក្រុមបុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នា កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ រូបដោយ៖ កញ្ញា ឡាយ សុភាវតី
ក្រុមបុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នា កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ រូបដោយ៖ កញ្ញា ឡាយ សុភាវតី
បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ បន្តប្រមូលផ្តុំគ្នា នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ហើយក៏បានប៉ះទង្គិចជាមួយអាជ្ញាធរ។ បើមើលការបកស្រាយរបស់អាជ្ញាធរ ភាគី ដែលប្រើហិង្សា គឺជាក្រុមបុគ្គលិកណាហ្កាវើលដ៍។



តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញក្រោយការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងក្រុមបុគ្គលិកណាហ្កាវើលដ៍ រដ្ឋបាលរាជធានីភ្នំពេញ បានសរសេរដូច្នេះថា៖«អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺលើកនេះ ក្រុមបាតុករ បាននាំគ្នាចងក្រណាត់ពណ៌ខៀវរុំក្បាល ភ្ជាប់នូវពាក្យស្លោកដូចៗគ្នាថា កុំយកលុយ ទិញសិទ្ធិ ដែលបង្ហាញថា ក្រុមនេះ បានត្រៀមលក្ខណៈរួចជាស្រេច ក្រោមការរៀបចំផែនការទុកជាមុនរបស់មនុស្សមួយក្តាប់តូច ដើម្បីបង្កើតព្រឹត្តិការណ៍មិនល្អមកលើអាជ្ញាធរ និងបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ រហូតឈានដល់ការប្រើហិង្សាលើសមត្ថកិច្ច បណ្តាលឲ្យសមត្ថកិច្ចមួយចំនួនរងរបួសស្រាល ព្រមទាំងបាត់បង់វិទ្យុទាក់ទង៥គ្រឿង និងនាឡិកាដៃ១គ្រឿងផងដែរ»។

កញ្ញា ឈឹម ស៊ីថរ តំណាងបុគ្គលិកណាហ្កាវើលដ៍ មិនឆ្លើយតបវែងឆ្លាយទៅកាន់រដ្ឋបាលរាជធានីភ្នំពេញនោះទេ។ កញ្ញា សរសេរសារយ៉ាងខ្លីមកកាន់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាមថា៖«បេីសាលាក្រុង មានភុស្តតាង បង្ហាញមក។ ជាក់ស្ដែង យេីង មានវីដេអូសកម្មភាពហិង្សារបស់អាជ្ញាធរលេីកូដករទាំងអស់»។

រូបភាព ដែលកញ្ញាផ្ញើមកកាន់សារព័ត៌មានថ្មីៗ គឺជារូប ដែលអាជ្ញាធរបោចសក់របស់បុគ្គលិកណាហ្កាវើលដ៍ជាស្រ្តី និងជារូបភាព ដែលអាជ្ញាធរ លើកអេកូម វាយលើពួកគេ។ ចំណែកវីដេអូ ដែលសារព័ត៌មានថ្មីៗទទួលបានពីកញ្ញា គឺបង្ហាញពីសកម្មភាពរបស់អាជ្ញាធរ ដែលចាប់ក្រុមបុគ្គលិកណាហ្កាវើលដ៍បញ្ចូលក្នុងរថយន្ត ដើម្បីដឹកចេញពីទីតាំងប្រមូលផ្តុំគ្នា។ អាជ្ញាធរ និងបុគ្គលិកណាហ្កាវើលដ៍ បានប្រតាយប្រតប់គ្នាតិចតួច ដោយសារបុគ្គលិកណាហ្កាវើលដ៍ មិនចង់ឡើងរថយន្តតាមការបង្ខំរបស់អាជ្ញាធរ។ 

ចំពោះសកម្មមួយចំនួនរបស់អាជ្ញាធរ ដែលធ្វើទៅលើក្រុមបុគ្គលិកណាហ្កាវើលដ៍ ដូចជា ការចាប់បោចសក់របស់បុគ្គលិកណាហ្កាវើលដ៍ជាស្រ្តី ជាដើម ក៏គេ បានឃើញដែរ តាមរយៈរូបភាពនិងវីដេអូ ដែលត្រូវបានបង្ហោះជាសាធារណៈលើបណ្តាញសង្គម។  
 
កញ្ញា វ៉ាន់ រីណា បុគ្គលិកណាហ្កាវើលដ៍ម្នាក់ ដែលបានចូលរួមតវ៉ាដែរនោះ និយាយជាមួយវិទ្យុអាស៊ីសេរីថា អាជ្ញាធរ ស្លៀកពាក់សម្លៀកបំពាក់ជាអ្នកបម្រើរដ្ឋ តែពួកគាត់ បែរជាធ្វើបាបប្រជាពលរដ្ឋទៅវិញ។ កញ្ញា បន្តថា ទង្វើរបស់អាជ្ញាធរ ដែលធ្វើដាក់ក្រុមបុគ្គលិកណាហ្កាវើលដ៍ក្នុងការតវ៉ាលើកនេះ គឺបង្កការឈឺចាប់ដល់ពួកគេជាប្រជាពលរដ្ឋ។ 
 
កញ្ញា រៀបរាប់ថាដូច្នេះថា៖«ទង្វើថ្ងៃនេះ គឺមើលឃើញថា ពួកគាត់ មិនមែនជាអាជ្ញាធរទេ។ ពួកគាត់ អាចធ្វើបាបសូម្បីតែស្រ្តី។ គាត់លើកដៃវ៉ៃ គាត់លើកជើងធាក់ គាត់លើកជើងឡើងជង្គង់ ដែលមើលឃើញថាស្រ្តីកម្លាំងទន់ខ្សោយ។ ត្រឹមខ្ញុំ ត្រឹម៤៤គីឡូទេ តែយើងមើលអាជ្ញាធរ ដែលលើកជង្គង់ចំទ្រូងខ្ញុំ ទម្ងន់គាត់ មិនក្រោម៧០គីឡូទេ។ សោកស្តាយ ដែលអាជ្ញាធរ ធ្វើទង្វើបែបហ្នឹងមកលើប្រជាពលរដ្ឋរបស់ខ្លួន»។  
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ មានបុគ្គលិកណាហ្កាវើលដ៍ប្រមាណ៧០នាក់ ដែលប្រមូលផ្តុំគ្នា ហើយធ្វើដំណើរតាមវិថីសម្តេចសុធារស ចាប់ពីផ្សារទំនើបអេអន១ ដល់ស្តុបនាគបាញ់ទឹក។ ដូចលើកមុនៗដែរ រដ្ឋបាលរាជធានីភ្នំពេញ ហៅការប្រមូលផ្តុំគ្នាលើនេះរបស់ក្រុមបុគ្គលិកណាហ្កាវើលដ៍ ថាខុសច្បាប់។ 
 
កញ្ញា វ៉ាន់ រីណា អះអាងក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរីថា ក្រុមបុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នាធ្វើកូដកម្មទៅតាមច្បាប់ ដោយមិនធ្វើអ្វីឲ្យលើសពីច្បាប់ឡើយ។ 
 
ក្រុមបុគ្គលិណាហ្កាវើលដ៍ បាននាំគ្នាចេញតវ៉ានឹងក្រុមហ៊ុនរបស់ពួកគេ ចាប់តាំងពីចុងឆ្នាំ២០២១មកម្ល៉េះ ដោយមកដល់ពេលនេះ មានរយៈពេលកន្លះឆ្នាំហើយ។ បំណងធំរបស់ពួកគេ គឺទាមទារឲ្យក្រុមហ៊ុន ទទួលយកបុគ្គលិក ដែលត្រូវបញ្ឈប់ពីការងារ ចូលបម្រើការងារវិញ។ 
 
បុគ្គលិកណាហ្កាវើលដ៍ជាង៣៥០នាក់ ត្រូវបញ្ឈប់ពីការងារ ក្រោមមូលហេតុថា ក្រុមហ៊ុនមានវិបត្តិដោយសារជំងឺកូវីដ-១៩។ មកដល់បច្ចុប្បន្ន នៅសល់បុគ្គលិកប្រមាណ១៧០នាក់ ដែលនៅបន្តតវ៉ាពីការបញ្ឈប់នេះ ខណៈអ្នកផ្សេងទៀត យល់ព្រមទទួលយកការទូទាត់ប្រាក់ដំណាច់ ហើយបញ្ឈប់ការតវ៉ា៕ 
 
 

Tag:
 ណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com