ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ចំណាយពេលពីព្រឹកដល់យប់ ដើម្បីទទួលអ្នកគាំទ្រ ដែលទៅជូនពរលោកក្នុងថ្ងៃខួបកំណើត
28, Jun 2022 , 2:03 pm        
រូបភាព
លោក កឹម សុខា មានប្រសាសន៍ទៅកាន់តំណាងប្រជាពលរដ្ឋ ដែលទៅជូនពរលោក ដល់គេហដ្ឋានរបស់លោក ក្នុងថ្ងៃខួបកំណើត កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក
លោក កឹម សុខា មានប្រសាសន៍ទៅកាន់តំណាងប្រជាពលរដ្ឋ ដែលទៅជូនពរលោក ដល់គេហដ្ឋានរបស់លោក ក្នុងថ្ងៃខួបកំណើត កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលមិនទាន់អាចធ្វើនយោបាយបាននោះ បានចំណាយពេលពេញ១ថ្ងៃ គឺចាប់ពីម៉ោង៨កន្លះព្រឹក រហូតដល់ម៉ោង៨កន្លះយប់ ក្នុងការទទួយរាក់ទាក់តំណាងប្រជាពលរដ្ឋ ដែលទៅជូនពរលោក ដល់គេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ នាថ្ងៃខួបកំណើតរបស់លោក កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ លោក បានបង្ហោះព័ត៌មាននេះ លើទំព័រហ្វេសប៊ុករបស់លោក។

 
លោក កឹម សុខា លើកឡើងថា លោក មានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសណាស់ ដែលតំណាងប្រជាពលរដ្ឋ ដែលគាំទ្រ ស្រឡាញ់ និងរាប់អានលោក បានទៅជូនពរលោក។ លោក កឹម សុខា ដែលកើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ និងឈានចូលវ័យ៧០ឆ្នាំ ក្នុងឆ្នាំ២០២២នេះ បន្តថា តំណាងប្រជាពលរដ្ឋមកពី១៨ខេត្ត ដែលបានទៅជូនពរលោកដល់គេហដ្ឋាន ដោយលើកលែងតែតំណាងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តឆ្ងាយៗប៉ុណ្ណោះ​ ដែលពុំបានទៅជូនពរលោក។ 
 
លើបណ្តាញសង្គម គេ បានឃើញអ្នកដែលនិយមចូលចិត្តលោក កឹម សុខា បានបង្ហោះសារជូនពរលោក នាថ្ងៃខួបកំណើតរបស់លោក។ តាមរយៈទំព័រហ្វេសប៊ុក មេដឹកនាំប្រឆាំង ដែលសំណុំរឿងកំពុងរុំខ្លួនរូបនេះ បានអរគុណតំណាងប្រជាពលរដ្ឋ ដែលទៅជូនពរលោកផ្ទាល់ និងប្រជាពលរដ្ឋ ដែលបានផ្ញើរសារជូនពរទៅលោក។
 
សូមរម្លឹកថា នាអំឡុងខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានចោទពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ហើយសិទ្ធិនយោបាយរបស់លោក ត្រូវបានបិទចាប់តាំងពីពេលនោះមក។ តុលាការភ្នំពេញ បានបើកសវនាការលើសំណុំរឿងរបស់លោកអស់ជាង៤០លើកហើយ តែពុំទាន់អាចឈានដល់ការធ្វើសេចក្តីសម្រេចនៅឡើយទេ៕
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com