ជាតិ
លោក ជួង ចិន មានមោទកភាព ដែលបន្តការងារថែទាំអង្គរ ៣ជំនាន់ពីគ្រួសារ
28, Jun 2022 , 2:49 pm        
រូបភាព
លោក ជួង ចិន ជាអ្នកជំនាញចាំងថ្មម្នាក់ នៃក្រុមការងារជួសជុលរបស់អាជ្ញាធរជាតិអប្សរា។
លោក ជួង ចិន ជាអ្នកជំនាញចាំងថ្មម្នាក់ នៃក្រុមការងារជួសជុលរបស់អាជ្ញាធរជាតិអប្សរា។
ភ្នំពេញ៖ លោក ជួង ចិន ជាអ្នកជំនាញចាំងថ្មម្នាក់ នៃក្រុមការងារជួសជុលរបស់អាជ្ញាធរជាតិ  អប្សរា។ ចិន បានចូលរួមការងារថែសំណង់បុរាណតាំងពីឆ្នាំ២០២០មក ដោយចិត្តស្រឡាញ់ និងចង់បន្តការងារ ដែលជីតា និងលោកឪពុក បានធ្វើយ៉ាងស្វិតស្វាញ២ជំនាន់មកហើយ។ អ្នកជំនាន់ទី៣ រូបនេះ រីករាយ និងមោទកភាពយ៉ាងខ្លាំង ដែលខ្លួនបានធ្វើការងារជាអ្នកថែអង្គរបន្តពីលោកឪពុក និងលោកតា។

 
កើតនៅទឹកដីអង្គរ នៃខេត្តសៀមរាប យុវជន ជួង ចិន ជាកូនទី២ ក្នុងចំណោមបងប្អូនទាំង៦នាក់។ ក្រោយប្រឡងធ្លាក់សញ្ញាបត្រទុតិយភូមិ ចិន មិនមានលទ្ធភាពបន្តការងារសិក្សាឡើយ។ មុនក្លាយជាអ្នកជាអ្នកជំនាញចាំងថ្ម នៃក្រុមការងារជួសជុលនៃអាជ្ញាធរជាតិអប្សរា យុវជនវ័យ២៧ឆ្នាំរូបនេះ បានរកការងារធ្វើតាមផ្ទះ ដើម្បីបានចំណូលសម្រួលជីវភាពគ្រួសារ និងផ្គត់ផ្គង់ប្អូនរៀនសូត្រ។ នៅឆ្នាំ២០២០ យុវជនរូបនេះ បានដាក់ពាក្យចូលធ្វើការងារថែទាំអង្គរ ក្រោយឃើញសេចក្តីប្រកាសជ្រើសរើសបុគ្គលិក របស់អាជ្ញាធរជាតិអប្សរា។
 
 
តាំងពីឆ្នាំ២០២០នោះហើយ ដែល ជួង ចិន បានក្លាយជាជាកូនតែម្នាក់គត់ចំណោមបងប្អូនរបស់គេ ដែលបន្តការងារថែអង្គរ ពីឪពុក និងជីតា។ បច្ចុប្បន្ន ឪពុករបស់ ចិន ជាអ្នកបើកឡានស្ទូចថ្មប្រាសាទ នៅមុខអង្គរវត្ត និងធ្លាប់មានលោកតាជាអ្នករៀបថ្ម ដែលបានទទួលមរណភាពកាលពីឆ្នាំ២០២០។ នាមជាអ្នកបន្តវេននេះ បានធ្វើឱ្យលោក ជួង ចិន មានមោទកភាពចំពោះការងារនេះជាអនេក។ កន្លងមក ចិន បានប្តូរការងារជាច្រើន ប៉ុន្តែក្រោយបានចូលរួមជួសជុលសំណង់បុរាណខ្មែរ យុវជនរូបនេះ មិនអាចដកចិត្តស្រឡាញ់ពីការងារនេះបានឡើយ។ ផ្ទុយទៅវិញ យុវជនរូបនេះ ថែមទាំងអះអាងថា ពេញចិត្តលះបង់កម្លាំងកាយយចិត្ត បន្តជួសជុល ថែរក្សា និងអភិរក្សប្រាង្គប្រាសាទដែលបន្សល់ទុកពីដូនតានេះ បន្តទៅមុខទៀតផង។
 
ស្ថិតនៅមុខស្ពានហាលមុខអង្គរវត្ត យុវជនសម្បុរសណ្តែកបាយ ពាក់អាវខូវប៊យ ឈុតជាមួយខោពណ៌ស កំពុងកាយស៊ីម៉ងត៍ដាក់រទេះយ៉ាងញាប់ដៃ។ ធ្វើការបណ្តើរ យុវជន ជួង ចិន រៀបរាប់ទាំងញញឹមបណ្តើ ពីអារម្មណ៍រីករាយចំពោះកិច្ចការជួសជុលប្រាសាទ យ៉ាងដូច្នេះ៖ «មានការស្រឡាញ់ និងពេញចិត្តចំពោះការងារសំណង់បុរាណនេះ។ ការធ្វើហ្នឹងល្អ ឃើញគេធ្វើមក ស្អាតៗ ក៏ចេះតែរៀនតាមគេ ហើយក៏ចង់មកធ្វើការ»។
 


ចាំង គឺជាការធ្វើឱ្យរៀបស្មើ ដោយប្រើឧបករណ៍ ដឹង ។ នៅពេលចាំងថ្មម្តងៗ តែងមានធូលីដី កម្ទេចថ្មតូចធំខ្ទាត់ជាច្រើន ដែលវាអាចបង្កហានិភ័យដល់ភ្នែកជាយថាហេតុ។ ដ្បិតការចាំងថ្មមានការលំបាកបន្តិចក្តីតែ យុវជនរូបនេះ បានលើកឡើងថា៖«មានការលំបាកដែរ តែចេះតែធ្វើៗទៅ វាមិនលំបាកណាស់ណាទេ។ បើយើងធ្វើទៅល្អ ខ្លះក៏អត់ល្អទៅ វាលំបាកតិចតួច»។
 
មុនពេលក្លាយជាអ្នកចាំងថ្ម ចិន គឺជាអ្នកជីកដីម្នាក់ ប៉ុន្តែជាសំណាង ចិន ក៏ត្រូវបានអ្នកមើលការខុសត្រូវហៅទៅរៀនជំនាញចាំងថ្ម ដោយមានប្រធានក្រុមជាអ្នកបង្រៀន។ ការរៀនសូត្រដំបូង ហាក់មានការលំបាកខ្លះ សម្រាប់យុវជនរូបនេះ ព្រោះមិនទម្លាប់ជាមួយការងារ និងឧបករណ៍ ដែលប្រើប្រាស់។ 
 
ទោះមានការលំបាកយ៉ាងណាក្តី ចិន នៅតែមិនបោះបង់ការងារ ដែលខ្លួនស្រឡាញ់ឡើយ។ «គិតទៅចង់ប្តូរដែរ ប៉ុន្តែហេតុតែស្រឡាញ់ទៅ ប្តូរផ្តាច់ធ្វើឱ្យរួច ដើម្បីឱ្យឃើញថា សមិទ្ធផលរបស់យើងខំធ្វើយូរណាស់មកហើយ ឱ្យវាបានរួចទៅ»។ នេះជាការលើកឡើងរបស់អ្នកជំនាញចាំងថ្ម ជួង ចិន។ 
 
ជាការពិតណាស់ ការខិតខំប្រែង គឺដើម្បីទទួលបានលទ្ធផល ដែលជាទីគាប់ចិត្តមួយ។ យុវជនរូបនេះ រីករាយ នៅពេលដែលបានឃើញសមិទ្ធផលការងារជួសជុលរបស់លេចរូបរាង។ ចិន បានលើកឡើងថា៖«សប្បាយចិត្ត សមិទ្ធផលដែលយើងធ្វើមក បានឃើញថាជាជោគជ័យមួយ ដែលយើងខំធ្វើ ហើយមើលទៅល្អមើល និងល្អគន់»។ 
 
កន្លងមកយុវជន ជួង ចិន បានចូលរួមជួសជុលស្ពានហាលខាងលិច មុខអង្គរ និងបានរៀនដាប់ថ្មនៅស្រះស្រង់។ ចិន បានលើកឡើងពីសេចក្ដីត្រេកអរ ដែលចូលរួមការងារថែទាំសម្បត្តិបេតិកភណ្ឌជាតិរយៈពេល ២ឆ្នាំមកនេះ ដូច្នេះថា៖«ក្នុងនាមជាចំណែកមួយក្នុងការថែរក្សាសម្បត្តិបេតិភណ្ឌជាតិ មានអារម្មណ៍ថាសប្បាយ ព្រោះយើងបានចូលរួមថែរក្សាសំណង់បុរាណ ដែលដូនតាខំសាងសង់ទុកឱ្យយើង ហើយយើងរៀបចំកែលម្អបន្ថែមទៀត ដោយសារវាខូចខាត»។ 
 
ទន្ទឹមនេះ ចិន ក៏ចង់បន្តការងារនេះតទៅមុខទៀត ដោយសារវាជាការងារតក មកពីឪពុក និងជីតា ៣ជំនាន់ហើយ។ ជាមួយគ្នានោះ យុវជនរូបនេះ ក៏មានមោទកភាពចំពោះគ្រួសារ ជាពិសេស លោកឪពុក និងជីតា ដែលជាអ្នកជំនាន់មុន។ វត្តមានរបស់ទេសចរទាំងអស់ និងវត្តមានដ៏រឹងមាំនៃប្រាង្គប្រាសាទទាំងឡាយ គឺជាកម្លាំងចិត្តរបស់គ្រួសារ អ្នកថែអង្គរមួយនេះ៕
 
 

Tag:
 អ្នកថែអង្គរ
  ចាំងថ្ម
© រក្សាសិទ្ធិដោយ thmeythmey.com