ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានបក្សប្រជាជន ចាត់ទុកជ័យជម្នះនៅឃុំ-សង្កាត់ ជាមូលដ្ឋាននាំទៅរកជ័យជម្នះនៅថ្នាក់ជាតិឆ្នាំ២០២៣
28, Jun 2022 , 4:55 pm        
រូបភាព
​​សម្តេច ហ៊ុន សែន នាឱកាសរម្លឹកខួប៧១ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា
​​សម្តេច ហ៊ុន សែន នាឱកាសរម្លឹកខួប៧១ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា
ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ កាន់តែបង្ហាញឲ្យឃើញច្បាស់ថា ប្រជាជនកម្ពុជា ត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិទាំងនៅថ្នាក់មូលដ្ឋាន។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសប្រាប់សមាជិក-សមាជិកយ៉ាងដូច្នេះ ក្នុងពិធីរម្លឹកខួប៧១ឆ្នាំនៃការចាប់កំណើតគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានរៀបចំឡើងនៅវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលរបស់ខ្លួន នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ។

 
សម្តេច ហ៊ុន សែន បង្ហាញការមើលឃើញរបស់ខ្លួនថា៖«តាមរយៈជ័យជម្នះនេះ នឹងធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានមូលដ្ឋានកាន់តែរឹងមាំសម្រាប់ឈានទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ ហើយបានធ្វើឲ្យបរាជ័យនូវឧបាយកលនិងសកម្មភាពប្រទូសរ៉ាយទាំងឡាយរបស់ពួកប្រឆាំងជ្រុលនិយម និងពួកអគតិដែលដើរផ្ទុយពីឆន្ទៈនិងផលប្រយោជន៍របស់ប្រជាជន»។ 
 
ជាមួយគ្នានេះ សម្តេច បានអរគុណសមាជិក-សមាជិកការគណបក្ស និងប្រជាពលរដ្ឋ ដែលបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់។ សម្តេច អះអាងថា គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាប្រឹងប្រែងយ៉ាងពេញទំហឹង ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់ឲ្យបានជោគជ័យ ដើម្បីធ្វើឲ្យឃុំ-សង្កាត់ទូទាំងប្រទេស កាន់តែមានការរីកចម្រើនលើគ្រប់វិស័យ ប្រជាជនមានជីវភាពកាន់តែធូរធា ហើយបន្តរស់នៅយ៉ាងសុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងក្នុងសង្គមជាតិទាំងមូល។
 
ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលមានគណបក្ស១៦ ចូលរួមប្រកួតប្រជែងជាមួយខ្លួន គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈជាង៩,៣ពាន់ ក្នុងចំណោមអាសនៈសរុបជាង១,១ម៉ឺន។ ចំនួនអាសនៈឃុំ-សង្កាត់ ដែលគណបក្សកាន់អំណាចទទួលបាន គឺជាចំនួនច្រើនដាច់គេ បើប្រៀបធៀបនឹងគណបក្សទាំង១៦។ បន្ទាប់ពីគណបក្សកាន់អំណាច គឺគណបក្សភ្លើងទៀន ដែលទទួលបានអាសនៈឃុំ-សង្កាត់ច្រើនជាងគេ គឺទទួលបានជាង២ពាន់អាសនៈ។ 
 
គួររម្លឹកថា ដោយសារគណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំងដ៏ធំ ត្រូវបានរំលាយចោលនៅចុងឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា មានឱកាសទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៦ កាលពីឆ្នាំ២០១៨៕ 
 

Tag:
 CPP
  ហ៊ុន សែន
  បោះឆ្នោតឆ្នាំ២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com