ជាតិ
ពិព័រណ៍សៀវភៅសៀមរាប លើកដំបូងទាក់ទាញសាធារណជន
28, Jun 2022 , 6:59 pm        
រូបភាព
សៀមរាប៖ ពិព័រណ៍សៀវភៅសៀមរាបលើកដំបូង ត្រូវបានរៀបចំឡើងនៅបរិវេណមជ្ឈមណ្ឌលខេមរសិក្សា ខេត្តសៀមរាប ដោយបានទាក់ទាញសាធារណជនជាច្រើន។



 
អ្នកស្រី ឈ ស៊ីវឡេង ប្រធានបណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សា បានឱ្យដឹងថា មានស្ដង់ពិព័រណ៍ចំនួន៣២ ដែលបានចូលរួមក្នុងពិព័រណ៍សៀវភៅលើកដំបូងនៅពេលនេះ ក្នុងនោះមានច្រើនជាអ្នកនិពន្ធ អ្នកបោះពុម្ពផ្សាយ អ្នកស្រាវជ្រាវ អប់រំ និងបណ្ណាល័យតាមសាកលវិទ្យាល័យមួយចំនួន។ តាមការបញ្ជាក់ពីអ្នកស្រី ឈ ស៊ីវឡេង ពិព័រណ៍នៅថ្ងៃទី២៥ ខែមិថុនា រៀបចំឡើងក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌលខេមរសិក្សា និងបណ្ណាល័យអាម៉េរិកសៀមរាប។ 
 


ដ្បិតជាពិព័រណ៍លើកដំបូង តែប្រធានបណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សាមើលឃើញថា សន្ទុះនៃអ្នកចូលរួម ក៏ដូចជាអ្នកគាំទ្រ គឺមានច្រើន ដែលនឹងជួយឱ្យអ្នករៀបចំ ពិចារណាក្នុងការរៀបចំបន្តបន្ទាប់ទៀតនៅឆ្នាំក្រោយ ហើយអាចធ្វើច្រើនថ្ងៃជាងពេលនេះ។ អ្នកស្រី ឈ ស៊ីវឡេង៖« មើលពីចំនួនអ្នកចូលរួម គឺលើសពីការរំពឹងទុក ព្រោះជាលើកទី១ មិនរំពឹងថាមានអ្នកចូលរួមច្រើនដល់ម្លឹងទេ ដល់ម៉ោងនេះ គឺយើងចាត់ទុកថាជោគជ័យដ៏ធំ របស់យើង យើងនឹងបន្តលើកកម្ពស់វិស័យនេះ និងត្រៀមរៀបចំកម្មវិធីនេះនៅឆ្នាំក្រោយទៀត ឱ្យបានកាន់ តែវែង»។
 


សូមបញ្ជាក់ថា ក្រៅពីពិព័រណ៍សៀវភៅនៅខាងផ្នែកខាងក្រៅហើយនោះ ក៏មានកម្មវិធីចែករំលែកចំណេះដឹង និងគន្លឹះនៃការទទួលអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ក៏ដូចជាក្នុងប្រទេស ពីសិស្សនិស្សិតមុនៗ ដែលមានបទពិសោធន៍ផងដែរ។ ក្នុងនោះ ក៏មានដែរ បទបង្ហាញពីគន្លឹះនៃការអាន ដែលរៀបចំក្នុងអគារប្រជុំមជ្ឈមណ្ឌលខេមរសិក្សា ដែលស្ថិតក្នុងបរិវេណវត្តដំណាក់ ក្រុងសៀមរាប៕
 



 
 

Tag:
 ពិព័រណ៍សៀវភៅសៀមរាប ២០២២
© រក្សាសិទ្ធិដោយ thmeythmey.com