កីឡាជាតិ
ជាតិ
សាលី អ៊ូមើត៖ ខ្ញុំ មិនអាចប៉ានស្មានសមត្ថភាពដៃគូបានទេ
29, Jun 2022 , 4:51 pm        
រូបភាព
សាលី អ៊ូមើត ប្រកួត_ World Series 2021 រូបពី Jet Ski World Series
សាលី អ៊ូមើត ប្រកួត_ World Series 2021 រូបពី Jet Ski World Series
ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក (World Series Season 2022) ជុំទី១ នឹងធ្វើនៅប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី១៩-២៤ ខែកក្កដា ឆ្នាំ២០២២។ កីឡាករកម្ពុជា ៦រូប នឹងចេញទៅហ្វឹកហាត់ត្រៀមប្រកួតនៅប្រទេសអាឡឺម៉ង់ រយៈពេល២សប្ដាហ៍មុនពេលប្រកួត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ ក្នុងចំណោមកីឡាករ៦រូបនេះ សាលី អ៊ូមើត ម្ចាស់មេដាយមាសកម្រិតពិភពលោក មិនទាន់សង្ឃឹមខ្ពស់ទេ ដោយប្រទេសខ្លាំងៗ នៅតំបន់អឺរ៉ុបចូលរួមជាច្រើន។


ការប្រកួតនេះ មានការចូលរួមពីប្រទេសនៅតំបន់អ៊ឺរ៉ុបជាច្រើន។ សាលី អ៊ូមើត មិនទាន់មានជំនឿចិត្តខ្ពស់ប៉ុន្មានទេ ដោយសារខកខានប្រកួតនៅតំបន់អឺរ៉ុបជាង៣ឆ្នាំ។ កីឡាករកម្ពុជារូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា៖«ខ្ញុំ មិនអាចប៉ានស្មានសមត្ថភាពដៃគូបានទេ។ ខ្ញុំ មិនបានចូលរួមប្រកួតនៅអឺរ៉ុបចំនួន៣ឆ្នាំហើយ អ៊ីចឹងយើងមិនអាចដឹង ដៃគូប្រជែងយើងខ្លាំងដល់កម្រិតណាទេ ទាល់តែប្រកួតជុំទី១រួច ទើបខ្ញុំអាចដឹងថា កម្រិតរបស់គេបានដល់ណា។»។
 
ដោយឡែក ការហ្វឹកហាត់នៅប្រទេសអាឡឺម៉ង់ គឺមានរយៈ២សប្ដាហ៍ មុនពេលប្រកួត។ សាលី អ៊ូមើត បន្ថែមថា៖«កីឡាករទាំងអស់ ព្រមទាំងខ្ញុំបានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីប្រកួត ជាពិសេសទៀតយើងមានការហ្វឹកហាត់ មុនថ្ងៃប្រកួតមកដល់។»។
 
កីឡាករ៦រូប ដែលចូលរួមព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ មាន៖ សាលី អ៊ូមើត, ម៉ីន មូសស្ដាន, កៃ វ៉ាន់ស៊ីដែន, ម៉ីន អូស្មាន់, សាលី ហ្វីលីន និង ស៊ីម សាក់នី។ សាលី អ៊ូមើត និង ម៉ីន មូសស្ដាន នឹងប្រកួត លើវិញ្ញាសា Pro Ski GP និង Pro-Am Ski Lites។
 
អ្វី ដែលធ្វើឲ្យការប្រកួតជុំទីមួយ នៅប្រទេសប៉ូឡូញ មានការចាប់អារម្មណ៍ច្រើននោះ គឺប្រទេសប៉ូឡូញធ្វើព្រឹត្តិការណ៍លំដា​ប់ពិភពលោកនេះ ជាលើកដំបូង ដែលមានជើងខ្លាំងតំបន់អាស៊ី ទៅជួបជុំនៅទីនោះ។ ជាមួយគ្នានេះដែរ កីឡាករថៃ Sermsuwan ជើងឯករង Pro Runabout 1100 ពីការប្រកួតនៅសហរដ្ឋអាមេរិករដូវកាលមុន ក៏បានដាក់គោលដៅខ្ពស់ ដណ្ដើមយកជើងឯកឲ្យបានសម្រាប់ជុំទី១នេះ។ នេះ បើយោងតាមការផ្សាយលើវេបផ្សាយ Jet Ski World Series។
 
គួររំលឹកផងដែរថា ការប្រកួតនៅប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី១៩-២៤ ខែកក្កដា គឺជាជុំទី១ នៃព្រឹត្តិការណ៍ World Series Season 2022 ។ ចំណែកជុំទី២ ធ្វើនៅសហរដ្ឋអាមេរិក ថ្ងៃទី៥-៩ ខែតុលា និងជុំទី៣ នៅប្រទេសថៃ ចាប់ពីថ្ងៃទី១៤-១៨ ខែធ្នូ ឆ្នាំ២០២២។ 
 
កីឡាករ៦រូប ដែលកម្ពុជា​បានបញ្ជូនទៅភាគច្រើនជា ម្ចាស់ជ័យលាភីក្នុងតំបន់អាស៊ាន។ កីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាស វិញ្ញាសា Pro Am Ski Lites និងជាម្ចាស់ជើងឯកពិភពលោក PRO-AM SKI SUPER STOCK ឆ្នាំ២០១៩,  មីន មូស្ដាន ម្ចាស់មេដាយមាស លើវិញ្ញាសា Pro Ski Grand Prix, និង កៃ វ៉ាន់ស៊ីដែន ម្ចាស់មេដាយប្រាក់ Ski GP ក្នុងព្រឹត្តិការណ៍កម្រិតអន្ដរជាតិក្នុងតំបន់
 

Tag:
 ប្រណាំងម៉ូតូទឹក
  សាលី អ៊ូមើត
  World Series Season 2022
© រក្សាសិទ្ធិដោយ thmeythmey.com