ជំនួបចុងក្រោយរបស់វិសាខាជាមួយក្រុមម៉ាឡេស៊ី Kedah Darul Aman ក្នុងពូល G នៃព្រឹត្តិការណ៍ AFC Cup នៅកីឡដ្ឋាន Kapten I Wayan Dipta នាវេលាម៉ោង៨ល្ងាចនេះជាការប្រកួតដ៏សំខាន់ ដោយពួកគេអាចក្លាយជាក្រុមដំបូងបំផុតរបស់កម្ពុជាដែលឆ្លងផុតវគ្គចែកពូលមុននពេលដែលភ្នំពេញក្រោន និង Young Elephants FC របស់ឡាវត្រូវប្រកួតបង្គ្រប់កិច្ចដូចគ្នាក្នុងពូល I នាវេលាម៉ោង៩នៅកីឡដ្ឋានThong Nhat។
ជំនួបពូល G៖ វិសាខារំពឹងបានកៅអីទៅវគ្គបន្ត
បន្ទាប់ពីឈ្នះក្លិបហ្វីលីពីន Kaya FC-Iloilo ២-១ និងបន្តឈ្នះម្ចាស់ផ្ទះឥណ្ឌូណេស៊ីBali United ៥-២ គ្រូបង្វឹកវិសាខា លោក មាស ចាន់ណាបានលើកឡើងពីភាពរីកចម្រើនរបស់ក្លិប ។ ទោះបីជាយ៉ាងណាក៏ដោយ តាមសំដីដែលដកស្រង់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបលោកបានបញ្ជាក់ថាលោកនឹងមិនឲ្យកីឡាករភ្លេចខ្លួននោះឡើយដោយបន្តការប្រឹងប្រែងជានិច្ច។
កីឡាករវិសាខា អបអរ បន្ទាប់ពីយកឈ្នះ ក្រុម Bali United រូបពី AFC Cup
«អ្វីដែលខ្ញុំធ្វើសតិអារម្មណ៍ជាមួយកីឡាករ គឺយើងមិនចង់ឲ្យមានប្រវត្តិច្រំដែលៗ បានន័យថា ធ្វើបានល្អហើយ យើងភ្លេចខ្លួន យើងទម្លាក់ខ្លួនមកវិញ គឺអត់ទេ យើងនៅតែបន្តការខិតខំប្រឹងប្រែងជានិច្ច»។ លោក មាស ចាន់ណា បានលើកឡើងយ៉ាងដូច្នេះ នៅមុនជំនួបជាមួយក្រុមខ្លាំងម៉ាឡេស៊ី Kedah ដោយចង់បង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ក្លិប និងប្រទេសជាតិទាំងមូល។
បច្ចុប្បន្ន វិសាខា ឈរលេខ១បណ្តោះអាសន្ននៅក្នុងពូល G ដោយលទ្ធផលត្រឹមស្មើ នឹងធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងបំផុតនៅកម្ពុជា ដែលឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់ តែបើភ្លាត់ស្នៀតចាញ់ ពួកគេត្រូវអ៊ុតមើលលទ្ធផលលេខ២នៃពូលផ្សេងទៀត។
ដោយឡែក ជ័យជម្នះរបស់ Kadah Aman លើក្រុម Kaya FC-Iloilo លទ្ធផល៤-១ គឺជាការលើកទឹកចិត្តដល់ក្រុម ដើម្បីដណ្ដើមឱកាសទៅវគ្គបន្ដ ក្រោយចាញ់ Bali United ២-០។ Bali United និង Kedah សុទ្ធតែមាន៣ពិន្ទុស្មើគ្នា ហើយត្រូវការឈ្នះដាច់ខាត ខណៈ វិសាខា ត្រូវការឈ្នះ ឬស្មើ។ វិសាខា ត្រូវប្រកួតជាមួយ Kedah ខណៈ Bali United ត្រូវជួប Kaya FC-Iloilo។Aidil Sahak គ្រូបង្វឹក Kedah Aman និយាយថា៖«កីឡាករប្រឹងប្រែងជាងមុនទៀតសម្រាប់ការយកជ័យជម្នះ។ ជាក់ស្ដែង យើងនៅមានឱកាសសម្រាប់វគ្គបន្ទាប់ ដែលវគ្គបន្ទាប់នេះគឺជាកាដូដល់កីឡាកររបស់យើង។»។
ជំនួបពូល I៖ ភ្នំពេញក្រោនប្រកួតបង្គ្រប់កិច្ច
ក្នុងថ្ងៃជាមួយគ្នានេះដែរ ភ្នំពេញក្រោន ក៏ត្រូវប្រកួតជាមួយ Young Elephants ក្លិបមកពីឡាវ បន្ទាប់ពីជំនួបរវាង Hougang និង ViettelFC។ ក្រុមមកពីសិង្ហបុរី និងក្រុម Viettel ប្រជែងយកលេខ១ក្នុងពូល។
ភ្នំពេញក្រោន បានចាញ់ពីរប្រកួត ដូច Young Elephants ដែលធ្វើឲ្យក្រុមទាំងពីរត្រូវហាលអាវដោយស្វ័យប្រវត្តិដូចគ្នា។ភ្នំពេញក្រោន បានចាញ់ Hougang ៤-៣ និង បន្តចាញ់ ម្ចាស់ផ្ទះវៀតណាមViettel ១-០ នៅកីឡដ្ឋាន Thong Nhat។
កីឡាករភ្នំពេញក្រោន គ្រប់គ្រងបាល់ ក្នុងជំនួបជាមួយ Viettel រូបពីក្លិបភ្នំពេញក្រោន
ទាក់ទងនឹងក្រុម Young Elephants លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានវាយតម្លៃថា៖ «ខ្ញុំគិតថា ក្រុមពួកគេគឺជាក្រុមដែលខ្លាំង ពួកគេមានការរៀបចំល្អ ជាមួយនឹងការព្យាយាមគ្រប់គ្រងបាល់ ហើយមានលឿន។ បើទោះបីជាពួកគេចាញ់២ប្រកួតពិតមែន ជាពិសេសក្នុងការប្រកួតជាមួយក្រុមសិង្ហបុរី គឺពួកគេកាន់តែគ្រោះថ្នាក់។ គ្រាប់បាល់តែងតែកើតឡើងគឺនៅពេលដែលពួកគេបង្កើតកំហុសលើកីឡាករម្នាក់២ប៉ុណ្ណោះ»៕