ជាតិ
សង្គមជាតិ
ម៉ៅ លីណា៖ កុំ​តែខ្ញុំ​ បានដើររៀនធ្វើការ​តាមពុក…
30, Jun 2022 , 8:59 am        
រូបភាព
 លោក ម៉ៅ លីណា អ្នកម៉ៅការសំណង់ធ្វើផ្ទះ។
លោក ម៉ៅ លីណា អ្នកម៉ៅការសំណង់ធ្វើផ្ទះ។
ឪពុករបស់​ លីណា ដែលជាជាងសំណង់​បាន​ទទួលមរណភាព នៅពេល​ដែល​លីណា​ត្រូវ​ចាប់ផ្តើម​ចូលរៀនថ្នាក់​មហាវិទ្យាល័យ។ បន្ទុកគ្រួសារ​ដែលមាន​ម្ដាយ​ចាស់ និង​ប្អូនប្រុស ត្រូវធ្លាក់លើ​ លីណា និងបងស្រី។ លីណា​ មិនបោះបង់ការសិក្សាឡើយ។ លីណា បន្ត​ប្រើប្រាស់​ជំនាញបន្តិចបន្តួច​ដែលបន្សល់ពី​ឪពុក​ ធ្វើជាទុន​ចិញ្ចឹម​ជីវិត​ដល់សព្វថ្ងៃនេះ។

 
ជាងមួយខែហើយ​ បុរស​សម្បុរ​ស​អាយុ​២៩​ឆ្នាំម្នាក់ ​តែងចេញចូល​នៅក្នុង​ផ្ទះល្វែង​មួយកម្ពស់​២ជាន់​នៅក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវដែលស្ថិតនៅក្នុង​ស្ថានភាព​ជួសជុលឡើងវិញ។ ម៉ៅ លីណា គឺជាអ្នកម៉ៅការ​ជួសជុល​ផ្ទះល្វែង​ដែល​ត្រូវបាន​គេ​ទុកចោល​ជាច្រើន​ឆ្នាំ​មកហើយ។
 
នៅក្នុងការដ្ឋាននេះ​មិនស្ងាត់ទេ។ គ្រាន់តែនៅជាន់ផ្ទាល់ដី ជាងម្នាក់កំពុង​​ឈូស​ថ្នាំចាស់ពីទ្វារ​ដែក ដើម្បី​ត្រៀម​លាប​ថ្នាំថ្មី។ ជាងម្នាក់នេះ បើកចម្រៀង​លោក​កែវ សារ៉ាត នៅក្នុង​យូធូប​ពី​ទូរសព្ទ​របស់​គាត់​ដែល​ដាក់​ចោលនៅលើគំនរ​បាវ​ស៊ីម៉ង់ត៍នៅក្បែរនោះ។ នៅផ្នែកខាងក្រោយផ្ទះឯណោះ ជាង២នាក់កំពុង​តែ​ប្រើ​ញញួរ​ជ័រ​ដំលើការ៉ូដែលពួកគេ​កំពុង​ក្រាល។ នៅជាន់ទី១វិញ ក្រុមជំនាញអគ្គិសនី​កំពុង​តែតបណ្ដាញ​អំពូល​​​អគ្គិសនី។ នៅជាន់ទី២ឯណោះ ដែលមានដំបូល​ស័ង្កសី​ច្រែះ ធ្លុះធ្លាយ ជាងដែកកំពុង​ប្រើម៉ាស៊ីន​កាត់ដែក ដែលធ្វើឱ្យលាន់លឺ​សង្កៀរ​ត្រចៀកជាខ្លាំង។
 
លីណា ត្រូវ​ឡើងចុះ​ត្រួតពិនិត្យ​ការងារ​ជាង​ទាំងអស់ផង ហើយក៏ត្រូវ​ធ្វើ​ដោយខ្លួន​ឯងខ្លះដែរ។ ជួយរៀប​ការ៉ូ​ផង ជួយជញ្ជូន​ដុំឥដ្ឋឡើងទៅជាន់លើផង តាម​រយៈម៉ាស៊ីន​យោងមួយ។
លីណា ចេះគ្រប់ជំនាញទាំងអស់នៅក្នុងការដ្ឋានសំណង់គេហដ្ឋាន។ វាមិនបាន​កើតឡើង​ដោយចៃដន់ឡើយ។ តាមពិត​ ម៉ៅ លីណា មានឪពុក​ជាជាងសំណង់​។ 


 
នៅក្នុង​ឆ្នាំ​២០០៧ នៅពេលដែល​ លីណា អាយុ​បាន​ត្រឹម​១៤​ឆ្នាំ ឪពុកលីណា បាន​នាំ​លីណា​ទៅការដ្ឋាន​រួចទៅហើយ ដើម្បី​ឱ្យលីណា​ជួយការងារ​ខ្លះផង និងបាន​រៀនសូត្រពីជំនាញ​នេះ​ខ្លះផង។ លីណា​ ​ដើរ​តាមឪពុក​បានត្រឹម​៥ឆ្នាំប៉ុណ្ណោះ។ នៅឆ្នាំ​២០១២ លោកឪពុក​របស់លីណា បាន​ធ្វើ​មរណកាលដោយសារជំងឺ។ ពេលនោះ​ជាពេលវេលា​ដ៏លំបាក​នៅក្នុងគ្រួសារ​លីណា។ 
 
លីណា ដែលមានអាយុ​១៩ឆ្នាំ​នាពេលនោះ បានក្លាយជា​មនុស្សបង្គោល​ជាមួយបងស្រីដែលធ្វើជាកម្មការិនីនៅក្នុង​គ្រួសារ។ ចិញ្ចឹមម្ដាយចាស់ ចិញ្ចឹមប្អូន ហើយខ្លួនឯង​ទើប​ចាប់ផ្តើម​​​សិក្សា​ថ្នាក់ជំនាញ​គណនេយ្យ​ទៀត លីណា ត្រូវ​បន្ត​ការងារ​សំណង់​ពីឪពុក។ 
 
 «ខ្ញុំធ្វើការងារសំណង់ជាមួយប៉ាបានបួនឆ្នាំ ក៏គាត់ស្លាប់ចោលខ្ញុំ ដោយសារជំងឺ។ កាលណោះ ខ្ញុំមិនទាន់ចេះធ្វើអីច្រើនទេ។ ក្រោយមក​​ ខ្ញុំលួចរៀនពីជាង​ផ្សេងៗយូរៗទៅ ខ្ញុំចេះការងារម្តងបន្តិចៗ»។ នេះជាលើកឡើងរបស់លោក លីណា​​។ លោកបាននិយាយដូច្នេះ៖ «[ខ្ញុំ] ចេះពីជាងការ៉ូ ចេះពីជាងថ្នាំ ចេះពីជាងភ្លើង ដល់ពេលនោះហើយ​ បានខ្ញុំហ៊ានចេញដើរម៉ៅធ្វើផ្ទះឱ្យគេ។ ខ្ញុំបានការងារនេះតពីឪពុក ​ព្រោះមុនពេលគាត់ស្លាប់ គឺគាត់មានម៉ូយ ហើយម៉ូយហ្នឹងក៏អាណិតយើងដែរ! ពួកគាត់ឱ្យខ្ញុំធ្វើ[ផ្ទះ]ជាបន្តបន្ទាប់ៗរហូត ខ្ញុំមានសមត្ថភាព មានកូនជាងមកទល់សព្វថ្ងៃហ្នឹង»។ 
 
មកដល់កាលៈទេសៈនេះ លីណា គ្មាន​ជម្រើសអ្វី​ដែល​ប្រសើរ​ជាងការ​ខិតខំ​រៀនសូត្រ​បន្ថែម​នៅក្នុង​ការងារ​សំណង់ ដែល លីណា​ មាន​មូលដ្ឋានគ្រឹះ​រួចហើយនេះឡើយ។ នៅពេលនេះ​ទើប​ លីណា នឹកដឹងគុណ​ឪពុក​ដែល​តែងតែនាំ​លីណា​ដើរ​តាម​ការដ្ឋាន ក្នុងពេលកន្លងមក។ លីណា ក៏​សរសើរ​ខ្លួន​ឯង​ដែរ ដែល​មិនបាន​ខ្ជិលច្រអូស និងគេច​ពីការងារ​ដែល​ឪពុកបានប្រើ។ 


 
កំពុងអង្គុយកាន់ញញួរដុំឥដ្ឋកន្សែងយ៉ាងមមាញឹកនៅការដ្ឋានជួសជុលផ្ទះមួយកន្លែង នៅរាជធានីភ្នំពេញ យុវជនរូបនេះឆ្លៀតរឭក​ថា៖ «កាលណោះ បើសិនជាខ្ញុំអត់បានដើរធ្វើការងារជាមួយគាត់[ប៉ា] អត់បានយល់ពីការងារសំណង់ជាមួយគាត់ទេ​ ខ្ញុំក៏គ្មានពេលដូចថ្ងៃនេះដែរ»។ បើតាម លីណា ការងារជាអ្នកម៉ៅការសំណង់ពីឪពុកនេះ បានធ្វើឱ្យលោក​មានឯករាជ្យភាព​និងម្ចាស់ការលើខ្លួន ពិសេសគឺមានពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែម្តាយ និងប្រពន្ធកូន។ 
 
ការពិត លីណា ចង់​ពន្យល់ថា កូនប្រុសស្រីគួរតែ​ឱហាត​ហាត់រៀនជំនាញ​ពីឪពុកម្ដាយ បើសិន​ជាឪពុកម្ដាយ​របស់​ពួកគេ​មាន​ជំនាញ​ ឬអាជីព​អ្វីមួយ។ ហ្វឹកហាត់​រៀនសូត្រ​បាន​ចំណេះហើយ បាន​ជួយ​ការងារ​ឪពុកម្ដាយរបស់​ពួកគេ​ទៀតផង។ លីណា យល់ថា ការ​ធ្វើបែបនេះបាន​វាជាការប្រសើរណាស់​សម្រាប់​យុវជន​។ លីណា លើកឡើងករណី​ខ្លួន​ឯងជាឧទាហរណ៍​តែម្តង។ ឪពុកទទួលអនិច្ចកម្ម​ គឺជា​ករណី​​ដែល​រូបគេ​មិនអាចដឹងមុនឡើយ។ ឪពុក​បាន​លាចាក​ផុតទុក្ខហើយ ប៉ុន្តែ​​អ្វីដែល លីណា មិនអាច​គេច​ផុតនោះ គឺ​ត្រូវ​ធ្វើការ​ងារ​ចិញ្ចឹម​គ្រួសារ។ វាគឺជាសំណាងរបស់​ លីណា ដែលរូបគេ​បានទទួល​ចំណេះខ្លះ​ពីឪពុក។
 
ដូច្នេះហើយ​តាំងពី​ឆ្នាំ​២០១២នោះមក លីណា ខិតខំ​ទទួល​ម៉ៅការសំណង់ផង រៀនអភិវឌ្ឍ​​ជំនាញ​ជាច្រើន​​ទៀត​នៅក្នុង​វិស័យសំណង់ផង និងបាន​បញ្ចប់ការ​សិក្សា​ផ្នែក​គណនេយ្យផង។ តែគួរឱ្យ​សោកស្ដាយ ដែល​លីណា មិន​អាចប្រើប្រាស់​ជំនាញ​គណនេយ្យ​ ដែល​គាត់​បាន​សិក្សា​ពី​គ្រឹះស្ថាន​សិក្សា​នោះទេ។
 
សព្វថ្ងៃនេះ លីណា មាន​សមាជិក​ក្រុមការងារ​ជាង​២០នាក់​ដែរ ដែលត្រៀម​ខ្លួន​ជួយការងារ​ម៉ៅការ​សំណង់ ដែល​លីណា ទទួលបានឥតដាច់​ពី​អតិថិជន។ 
 
 
«ទីផ្សារការងារខ្ញុំ គឺច្រើនណាស់ ខ្ញុំធ្វើអត់ទាន់ទេ។ ការងារដែលម្ចាស់ផ្ទះចង់ឱ្យយើងធ្វើ គឺយើងសួរគាត់បើគាត់អាចរង់ចាំយើងបានគឺចាំសិន តែបើមិនអាចចាំបានទេ ខ្ញុំក៏ទទួលដែរ។ ព្រោះខ្ញុំមិនចង់រត់ទៅធ្វើផ្ទះនេះបន្តិច ធ្វើផ្ទះនោះបន្តិច ឱ្យខូចកេរ្តិ៍ឈ្មោះខ្ញុំទេ»។ លោកលីណា បន្តរៀបរាប់បែបនេះដោយបន្ថែមថា ៖«​ម្ចាស់ផ្ទះភាគច្រើន គឺរង់ចាំខ្ញុំធ្វើឱ្យ! ដល់ពេលអ៊ីចឹង ផ្ទះគាត់នៅកន្លែងណា  គឺគាត់នៅតែតាមហៅយើងធ្វើឱ្យគាត់រហូតអ៊ីចឹងទៅ។ ផ្ទះដែលយើងធ្វើឱ្យគាត់ គឺមានគុណភាព តម្លៃសមរម្យ  សំខាន់គឺយើងផ្ទះមួយទាល់តែម្ចាស់ផ្ទះពេញចិត្ត! អ៊ីចឹង បានការងារខ្ញុំមានរាល់ថ្ងៃ»។ 
 
ម៉ៅ លីណា កំពុង​តែ​មមាញឹក​នៅក្នុង​អាជីព​សំណង់នេះហើយ ហើយក៏មិនបានគិត​នឹងផ្លាស់ប្ដូរ​អាជីព​នេះដែរ។ ផ្ទុយទៅវិញ លីណា ដែលបានរៀបការ​ ហើយមានកូនប្រុសអាយុ៤ឆ្នាំ​ម្នាក់ កំពុង​ពិចារណា​រកលទ្ធភាព​ពង្រីក​ក្រុមការងារ ឬដំឡើង​ទម្រង់ការងារ​ទៅជាក្រុមសំណង់​តែម្ដង។ ដើមទុន​ គឺជា​គន្លឹះ។ ប៉ុន្តែ មិនមែនមានន័យថា មិនអាចធ្វើបាននោះទេ។ លីណា ប្ដេជ្ញា​ខំប្រឹង​ធ្វើការ​សំណង់ឱ្យកាន់តែ​ល្អមានគុណភាព ទាក់ទាញអតិថិជន ដើម្បី​បង្កើនចំណូល​សម្រាប់ថ្ងៃអនាគត៕ 
 

Tag:
 យុវជន
  លោក ម៉ៅ លីណា
  BBC
© រក្សាសិទ្ធិដោយ thmeythmey.com