ជាតិ
សង្គមជាតិ
មេសហជីព​ គ្រោងស្នើដំឡើងប្រាក់ខែកម្មករជាង២០ដុល្លារ ខណៈអតិផរណាកើនខ្ពស់
30, Jun 2022 , 9:43 am        
រូបភាព
សកម្មភាពកម្មករ-កម្មការិនី បំពេញការងារក្នុងរោងចក្រមួយ
សកម្មភាពកម្មករ-កម្មការិនី បំពេញការងារក្នុងរោងចក្រមួយ
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ មេសហជីពគម្រោងដាក់តួលេខជាង២០ដុល្លារ ក្នុងកិច្ចចរចាប្រាក់ឈ្នួលអប្បបរមាកម្មករសម្រាប់ឆ្នាំ២០២៣ នាខែក្រោយនេះ។ មេសហជីព និងកម្មករ រំពឹងទទួលបានប្រាក់ខែគោលខ្ពស់ជាមុន ខណៈអតិផរណាកម្ពុជា ត្រូវបានព្យាករណ៍កើនឡើង៤ភាគរយ។

 
លោក អាត ធន់ ប្រធានសហភាពការងារកម្ពុជា រំពឹងថា ឆ្នាំ២០២៣ កម្មករទទួលបានប្រាក់ខែគោលខ្ពស់ ក្រោយកម្ពុជាអាចគ្រប់គ្រងស្ថានភាពកូវីដ-១៩ ខណៈទីផ្សារនាំចេញក៏កើនឡើង។ 
 
ប្រធានសហភាពការងារ បានប្រាប់សារព័ត៌មានថ្មីៗ(thmey thmey)តាមទូរស័ព្ទថា ក្រុមការងារលោក នឹងចុះសម្ភាសកម្មករប្រមាណ៥០០នាក់ ដើម្បីស្រាវជ្រាវបញ្ហាប្រឈមរបស់ពួកគេ ពិសេសផ្នែកហិរញ្ញវត្ថុ។ ការស្រាវជ្រាវនេះ ដើម្បីចង់ដឹងឲ្យបានស៊ីជម្រៅ ថាប្រាក់ខែ១៩៤ដុល្លារក្នុងមួយខែ ដែលកម្មករទទួលឆ្នាំ២០២២ សមស្របនឹងស្ថានភាពរស់នៅសព្វថ្ងៃទេ។ 
 
ជាមួយគ្នាដែរ លោក អាត ធន់ មានគម្រោងពិភាក្សាជាមួយមេដឹកនាំសហជីពផ្សេងទៀត ដើម្បី ស្វែងរកចំណុចរួមមួយមុនការចរចាប្រាក់ឈ្នួលអប្បបរមាកម្មករសម្រាប់ឆ្នាំក្រោយ ដែលនឹងចាប់ផ្ដើមនាខែកក្កដា។ លោកមើលឃើញថា ការចរចារប្រាក់ខែគោលកម្មករក្នុងឆ្នាំនេះ មានសភាពអំណោយផលជាងឆ្នាំមុន ព្រោះស្ថានភាពកូវីដ-១៩គ្រប់គ្រងបាន ហើយកម្មករចូលធ្វើការធម្មតា។ លើសពីនេះ ការនាំចេញ​ផលិតផល វាយនភណ្ឌ​កាត់ដេរ​នៅក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង ១១,៣ ​ពាន់​លាន​ដុល្លារ កើនឡើង​ប្រមាណ​ជាង ១៥ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ​ទោះបីជាកម្ពុជាបានបាត់បង់ការអនុគ្រោះ EBA ២០ភាគរយ និងGSP ក៏ដោយ។ 
 
«កម្មករគួរតែទទួលបានប្រាក់ខែយ៉ាងតិច២៥០ដុល្លារក្នុងមួយខែ សម្រាប់ការរស់នៅសមរម្យ ស្របពេលអតិផរណាឡើងខ្ពស់។ ដូច្នេះវាពិបាកសម្រាប់កម្មករក្នុងការបំពេញការចំណាយប្រចាំថ្ងៃរបស់ពួកគេ ជាពិសេសលើមុខទំនិញមូលដ្ឋានមួយចំនួនដូចជាអាហារ ឬប្រេងសាំង ដែលតម្លៃបានកើនឡើងច្រើន»។ នេះជាការលើកឡើងរបស់លោក អាត ធន់ ដោយបញ្ជាក់ថា តួលេខជាង២០ដុល្លារ ដែលគ្រោងនឹងទៅចរចា លោកពុំមានជំនឿថា បានដូចបំណងឡើយ ព្រោះការសម្រេចចិត្តចុងក្រោយ នឹងត្រូវធ្វើឡើងដោយក្រុមប្រឹក្សាជាតិស្តីពីប្រាក់ឈ្នួលអប្បបរមា បន្ទាប់ពីកិច្ចពិភាក្សាត្រីភាគីរវាងមន្ត្រីរដ្ឋាភិបាល សហជីពកម្មករ និងនិយោជក និងតំណាងឧស្សាហកម្ម។   
 
យ៉ាងណាមិញ កិច្ចចរចាប្រាក់ឈ្នួលអប្បបរមានាខែក្រោយនេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រាប់សារព៍ត័មានថ្មីៗ(thmey thmey)តាមប្រព័ន្ធតេលេក្រាមថា លោកពុំអាចដឹងមុនពីតួលេខដំឡើងប្រាក់ខែគោលរបស់កម្មករទេ ព្រោះជាយន្តការត្រីភាគី។ 
 
អ្នក ស្រី ឃុន សុខា ជាកម្មកររោងចក្រកាត់ដេរ នៅក្រុមហ៊ុន ឃែន ធើរេន ត្អូញត្អែរថា ប្រាក់ឈ្នួល១៩៤ដុល្លារក្នុងមួយខែ នាពេលបច្ចុប្បន្នមិនសមរម្យឡើយ។ អ្វីដែលធ្វើឲ្យអ្នកស្រីទើសចិត្ត គឺការចរចាប្រាក់ឈ្នួលក្នុងឆ្នាំ២០២២ បានឡើងត្រឹមតែ២ដុល្លារប៉ុណ្ណោះ ខណៈខ្លួន ក៏ដូចកម្មករដទៃ ជួបប្រទះជីវភាពដោយសារវិបត្តិកូវីដ-១៩។ 


 
កម្មកររូបនេះ រៀបរាប់ទាំងរអ៊ូថា តម្លៃទំនិញ ប្រេងសាំង ឡើងកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសចាប់តាំងពីមានសង្គ្រាមនៅអ៊ុយក្រែននិងរ៉ុស្ស៊ី។ បុគ្គលិកវ័យ៤០ឆ្នាំរូបនេះ ត្រូវចំណាយប្រមាណ៦០ដុល្លារក្នុងមួយខែ សម្រាប់ជួលផ្ទះ ទឹក និងភ្លើង។ ជាមួយគ្នាដែរ អ្នកស្រី មានបន្ទុកកូនបីនាក់ សុទ្ធតែជាវ័យកំពុងសិក្សា។
 
«ខ្ញុំសង្ឃឹមថា រដ្ឋនឹងដំឡើងប្រាក់ខែកម្មករឲ្យ២៥០ទៅ៣០០ដុល្លារ ក្នុងមួយខែ ដើម្បីឲ្យពួកខ្ញុំរស់នៅបានសមរម្យ ព្រោះចំណាយច្រើនណាស់ ហើយកម្មករដូចខ្ញុំនេះ ជាប់បំណុលធនាគារ ត្រូវបង់រាល់ប្រចាំខែទៀត»។ នេះជាការលើកឡើងរបស់អ្នកស្រី សុខា 
ដោយសង្កត់ធ្ងន់ថា ប្រសិនបើឆ្នាំក្រោយនេះ ប្រាក់ខែមិនឡើងឬ ឡើងត្រឹមតែ២ដុល្លារ ដូចឆ្នាំ២០២២ ការរស់នៅរបស់អ្នកស្រីនឹងកាន់តែពិបាក។ កម្មកររូបនេះ ជាប់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ ៣ពាន់ដុល្លារ ហើយត្រូវបង់ទៅវិញប្រមាណ១០០ដុល្លារក្នុងមួយខែ។ 
 
កាលពីខែ ឧសភា លោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានព្យាករថា នៅឆ្នាំ២០២២នេះ អតិផរណានឹងកើនឡើងចំនួន៤ភាគរយ ដោយសារកំណើនថ្លៃនៃម្ហូបអាហារ ប្រេងឥន្ធនៈ ដែលបណ្ដាលមកពីការរងឥទ្ធិពលពីសង្រ្គាមរុស្សី និងអ៊ុយក្រែន និងថ្លៃដឹកជញ្ជូន ខណៈខ្សែច្រវាក់ផ្គត់ផ្គង់មានការរអាក់រអួល និងការកើនឡើងនៃតម្រូវការក្នុងស្រុក។ 
 
ទេសាភិបាលរងរូបនេះ បានបន្ថែមថា នៅឆ្នាំនេះកម្ពុជារំពឹងនឹងទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំ ក្នុងអត្រា៥,៣ភាគរយ ដែលគាំទ្រដោយកំណើនក្នុងវិស័យកម្មន្តសាល៩,៦ភាគរយ, វិស័យសំណង់១,២ភាគរយ, វិស័យកសិកម្ម១,២ភាគរយ ។ ចំណែកវិស័យទេសចរណ៍ត្រូវបានរំពឹងថានឹ ងមានកំណើនវិជ្ជមាន៦ភាគរយ៕ 
 

Tag:
 កម្មករ
  ចរចាប្រាប់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com