អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី នឹងនាំសាររបស់អ៊ុយក្រែនប្រាប់លោកពូទីន ជុំវិញកិច្ចចរចាសន្តិភាព
30, Jun 2022 , 11:29 am        
រូបភាព
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី (ខាងស្តាំ) ចាប់ដៃជាមួយសមភាគីអ៊ុយក្រែន លោក លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាពបានពីTwitter របស់ប្រធានាធិបតីឥណ្ឌូណេស៊ី
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី (ខាងស្តាំ) ចាប់ដៃជាមួយសមភាគីអ៊ុយក្រែន លោក លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាពបានពីTwitter របស់ប្រធានាធិបតីឥណ្ឌូណេស៊ី
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី២៩ ខែមិថុនា បានបញ្ជាក់ថា លោកនឹងនាំសាររបស់សមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ទៅប្រាប់លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដើម្បីពន្លឿនដំណើរការស្វែងរកសន្តិភាពរវាងប្រទេសជិតខាងទាំងពីរ។

 
បន្ទាប់ពីចូលរួមកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) លោក ចូកូ វីដូដូ បានបន្តទស្សនកិច្ចនៅក្រុងកៀវដោយជិះរថភ្លើងប្រមាណ១២ម៉ោងតាមទឹកដីប៉ូឡូញដើម្បីស្វែងរកកិច្ចចរចាសន្តិភាព ក៏ដូចជាពិភាក្សាពីបញ្ហាសន្តិសុខស្បៀង។ បន្ទាប់ពីជំនួបជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីឥណ្ឌូណេស៊ី បានលើកឡើងថា លោកនឹងនាំសាររបស់អ៊ុយក្រែន ទៅប្រាប់លោកពូទីន ជុំវិញការចរចាសន្តិភាព ដែលបានជាប់គាំង។ 
 
«បើទោះវាពិបាកក្នុងការសម្រេច ប៉ុន្តែខ្ញុំបានបង្ហាញពីភាពចាំបាច់នៃដំណោះស្រាយសន្តិភាព»។ លោក ចូកូ បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា លោកនឹងលើកសំណើរបស់មេដឹកនាំអ៊ុយក្រែន ប្រាប់ប្រធានាធិបតីរុស្ស៊ី ដែលនឹងត្រូវជួបក្នុងពេលឆាប់ៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
លោក វីដូដូ ដែលជាប្រធានផ្លាស់វេននៃកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) នឹងបន្តទស្សនកិច្ចនៅរុស្ស៊ី ក្នុងថ្ងៃទី៣០​ ខែមិថុនា ដើម្បីជួបជាមួយលោកពូទីន ក្នុងការពិភាក្សាជុំវិញការបញ្ចប់សង្រ្គាម បញ្ហាសន្តិសុខស្បៀង និងបញ្ហាផ្សេងទៀត។
 
ក្នុងដំណើរទស្សនកិច្ចនៅអ៊ុយក្រែន ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលត្រូវបានស្គាល់ថា ចូកូវី ផងនោះ ក៏បានលើកឡើងពីការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅទីផ្សារសកលផង។ បើតាមលោកវីដូដូ កិច្ចខិតខំក្នុងការនាំចេញគ្រាប់ធញ្ញជាតិ ត្រូវតែធានាឱ្យបាន រួមទាំងការពារពីការដឹកជញ្ជូនតាមផ្លូវសមុទ្រប្រកបដោយសុវត្ថិភាពផង។ 
 
គ្រាប់ធញ្ញជាតិអ៊ុយក្រែនជាច្រើនលានតោន មិនអាចនាំចេញទៅទីផ្សារសកលបាន និងជាប់គាំងនៅក្នុងប្រទេស។ ប្រទេសលោកខាងលិច រួមទាំងក្រុងកៀវ បានចោទក្រុងមូស្គូថា បានបិទច្រកសមុទ្រខ្មៅ ដែលជាផ្លូវទឹកសម្រាប់នាវារបស់អ៊ុយក្រែន ប៉ុន្តែត្រូវបានរុស្ស៊ីបដិសេធ។ មុនរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅថ្ងៃទី២៤ ខែកុម្ភៈ អ៊ុយក្រែន ជាអ្នកផ្គត់ផ្គង់ស្រូវសាលីដ៏ធំបំផុតរបស់ឥណ្ឌូណេស៊ី។
 
ចំណែកលោក ហ្សេលេនស្គី តាមរយៈបណ្តាញសង្គម Facebook បានអរគុណលោក វីដូដូ ដែលបានធ្វើទស្សនកិច្ចមកអ៊ុយក្រែន ក្នុងនាមជាមេដឹកនាំអាស៊ីលើកដំបូង ចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ មេដឹកនាំអ៊ុយក្រែន​ បានបន្តថា លោករីករាយចំពោះការគាំទ្រពីសំណាក់ប្រជាជន និងមេដឹកនាំឥណ្ឌូណេស៊ី សម្រាប់សេរីភាព និងឯករាជ្យភាពរបស់អ៊ុយក្រែន៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  អ៊ុយក្រែន
  រុស្ស៊ី
  G20
© រក្សាសិទ្ធិដោយ thmeythmey.com