ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ជំរុញឲ្យស្រាវជ្រាវដល់ «ឫសគល់» ពីទ្រព្យសម្បត្តិកខ្វក់របស់ឧក្រិដ្ឋជន
30, Jun 2022 , 2:27 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងកិច្ចប្រជុំអំពីលទ្ធផលការងារប្រឆាំងការសម្អាតប្រាក់ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។
សម្តេច ស ខេង ថ្លែងក្នុងកិច្ចប្រជុំអំពីលទ្ធផលការងារប្រឆាំងការសម្អាតប្រាក់ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មិនចង់ឲ្យសមត្ថកិច្ចកម្ពុជា បញ្ចប់ភារកិច្ចត្រឹមការចាប់ឧក្រិដ្ឋជន ហើយប្រគល់ឲ្យតុលាការផ្តន្ទាទោសនោះទេ តែត្រូវបន្តស្រាវជ្រាវរកឲ្យឃើញពីប្រភពធនធានកខ្វក់របស់ពួកគេ ដើម្បីឈានដល់ការរឹបអូស ឬការបង្កកធនធានកខ្វក់ទាំងនោះ។ 



សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ លើកយកករណីបង្ក្រាបគ្រឿងញៀនមកធ្វើជាឧទាហរណ៍។ សម្តេច មានប្រសាសន៍ថា បើបង្ក្រាបករណីជួញដូរគ្រឿងញៀនធំ១ ក្រៅពីការចាប់ជនល្មើសយកទៅផ្តន្ទាទោស សមត្ថកិច្ច ត្រូវស្រាវជ្រាវឲ្យដល់ឫសគល់ ដើម្បីរកឲ្យឃើញពីប្រភពធនធាន ដែលជនល្មើសប្រើប្រាស់ក្នុងការជួញដូរគ្រឿងញៀននោះ។ 
 
តើជនល្មើស មានធនធានប៉ុន្មាន? ហើយធនធានទាំងនោះ រួមមាន ថវិកា ដីធ្លី ផ្ទះសម្បែង មធ្យោបាយ (យានយន្ត) និងឧបករណ៍ផ្សេងៗទៀត តើជនល្មើស យកមកពីណា? ទាំងអស់នេះ សុទ្ធសឹងតែជាចំណុចសំខាន់ ដែលសម្តេច ស ខេង ជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) ណែនាំឲ្យសមត្ថកិច្ចស្រាវជ្រាវរកឲ្យឃើញ ហើយចុងក្រោយ តុលាការ នឹងធ្វើសេចក្តីវិនិច្ឆ័យក្នុងការបង្កក ឬការរឹបអូសធនធានទាំងនោះ។ 
 
មិនមែនតែបទល្មើសគ្រឿងញៀនឡើយ បទល្មើសផ្សេងទៀត ដូចជា អំពើពុករលួយ ព្រៃឈើ នេសាទ ជាអាទិ៍ ក៏សម្តេចឧបនាយករដ្ឋមន្រ្តី ប្រាប់សមត្ថកិច្ច ឲ្យប្រឹងប្រែងបង្ក្រាបដែរ។ សម្តេច សរុបជារួមថា បទល្មើសទាំងឡាយណា ដែលធ្វើឲ្យឧក្រិដ្ឋជន អាចប្រមូលលុយកាក់ យកទៅធ្វើអំពើភេរវកម្ម និងយកទៅបង្កើតអាវុធមហាប្រល័យ គ្រប់ក្រសួង ស្ថាប័ន និងសមត្ថកិច្ចកម្ពុជា ត្រូវរួមគ្នាប្រឆាំង។ 
 
ធ្វើជាអធិបតីក្នុងកិច្ចប្រជុំអំពីលទ្ធផលការងារប្រឆាំងការសម្អាតប្រាក់ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ សម្តេចប្រធានគណៈកម្មាធិការប្រឆាំងការសម្អាតប្រាក់ ថ្លែងដូច្នេះថា៖«នោះហើយជាកិច្ចការ ដែលយើងត្រូវធ្វើបន្ត តាមចំណុច IO7 គឺការបង្ក្រាបបទល្មើស និង IO8 គឺការបង្កក ការរឹបអូសទ្រព្យសម្បត្តិនោះឯង ដើម្បីកុំឲ្យទ្រព្យសម្បត្តិទាំងអស់នេះ ទៅបម្រើឲ្យអំពើភេរវកម្ម បម្រើឲ្យការពង្រីកអាវុធមហាប្រល័យ។ គោលដៅធំនៃការងាររបស់យើងនេះ គឺយ៉ាងដូច្នេះឯង»។ 
 
IO7 សំដៅលើកិច្ចការក្នុងការបង្រ្កាបបទល្មើសឧក្រិដ្ឋ ឯ IO8 សំដៅលើកិច្ចការក្នុងការបង្កក ឬការរឹបអូសធនធានកខ្វក់របស់ឧក្រិដ្ឋជន។ ស្ថាប័នអន្តរជាតិ១ ហៅថា ក្រុមការងារហិរញ្ញវត្ថុ (FATF) បានដាក់កម្ពុជាឲ្យស្ថិតក្នុងបញ្ជីប្រផេះនៃចំណោមប្រទេស ដែលមានហានិភ័យក្នុងការលាងលុយកខ្វល់ដោយឧក្រិដ្ឋជន។ 
 
សម្តេច ស ខេង លើកឡើងថា បើកម្ពុជា មិនត្រូវបានដកចេញពីបញ្ជីប្រផេះរបស់ FATF ទេនោះ ធនាគារនៅកម្ពុជា នឹងមានឧបសគ្គក្នុងការធ្វើប្រតិបត្តិការលើវិស័យធនាគារ។ សម្តេច អំពាវនាវឲ្យគ្រប់ក្រសួង ស្ថាប័ន អង្គភាព រួមគ្នាប្តេជ្ញាដកកម្ពុជាចេញពីបញ្ជីប្រផេះនេះឲ្យបាន។ 
 
ការស្រាវជ្រាវរកឲ្យឃើញពីប្រភពធនធានកខ្វក់របស់ឧក្រិដ្ឋជន ហើយឈានទៅដល់ការរឹបអូស ឬការបង្កកធនធានកខ្វក់ទាំងនោះ ត្រូវសម្តេច ចាត់ទុកជាកិច្ចការ ដែលកម្ពុជា ត្រូវបន្តធ្វើ ដើម្បីឲ្យកម្ពុជា អាចរួចផុតពីបញ្ជីប្រផេះ។ បើតាមសម្តេច FATF តម្រូវឲ្យកម្ពុជា សម្រេចឲ្យបានលទ្ធផលជាក់ស្តែង លើកិច្ចការ IO8 ពោលគឺ កម្ពុជា ត្រូវសម្រេចឲ្យបាននូវការរឹបអូស ឬការបង្កកធនធានកខ្វក់របស់ឧក្រិដ្ឋជន។ សម្តេច បានឲ្យដឹងថា នៅអំឡុងខែកក្កដា ឆ្នាំ២០២២នេះ កម្ពុជា នឹងរៀបចំធ្វើរបាយការណ៍អំពី IO8 ដាក់ជូន FATF៕ 
 
 

Tag:
 ស ខេង
  លុយកខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com