អន្តរជាតិ
លោក Marcos Jr ស្បថចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនជាផ្លូវការ
30, Jun 2022 , 3:06 pm        
រូបភាព
លោក Ferdinand Marcos Jr ស្បថចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន។ រូបថត AFP
លោក Ferdinand Marcos Jr ស្បថចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន។ រូបថត AFP
លោក Ferdinand Marcos Jr បានស្បថចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនជាផ្លូវការ ក្នុងថ្ងៃទី៣០ ខែមិថុនា នាក្រុងម៉ានីល។ ពិធីដែលធ្វើឡើងនៅសារមន្ទីរជាតិនេះ ត្រូវបានដាក់ពង្រាយកម្លាំងសន្តិសុខប្រមាណ ១៥០០០នាក់ឯណោះ។

 
លោក Ferdinand Marcos Jr ក្នុងថ្ងៃទី៣០ ខែមិថុនា បានស្បថចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនជាផ្លូវការ ជំនួសលោក រ៉ូឌ្រីហ្គោ ឌូទើតេ។ នេះជាការវិលត្រលប់មកកាន់អំណាចវិញ នៃត្រកូល Marcos។ 
 
លោក Marcos Jr បានស្បថចូលកាន់តំណែងនៅម៉ោងប្រមាណ ១២ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នាសារមន្ទីរជាតិ ក្នុងក្រុងម៉ានីល ដោយមានវត្តមានប្រជាជនស៊ីវិលជាច្រើនពាន់នាក់ ដោយក្នុងនោះមានអ្នកសារព័ត៌មានផង។ អ្នកមានមុខមាត់មកពីប្រទេសធំៗ ក៏បានចូលរួមក្នុងពិធីដ៏អធិកអធមនេះដែរ ដូចជា អនុប្រធានាធិបតីចិន លោកWang Qishan, ស្វាមីអនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស​ លោកDoug Emhoff។
 
«អ្នកនឹងមិនខកចិត្តឡើយ។ ដូច្នេះ ចូរកុំមានការភ័យខ្លាច»។ លោក Marcos Jr បានថ្លែងបែបនេះ ក្នុងពិធីស្បថចូលកាន់តំណែង ដោយបន្ថែមថា នេះជាពេលវេលាប្រវត្តិសាស្រ្ត។ កូនប្រុសអតីតមេដឹកនាំផ្តាច់ការរូបនេះ បានចាត់ទុកសន្លឹកឆ្នោតរបស់ប្រជាជនគាំទ្រខ្លួន ជាការទាត់ចោលការបែងចែកនយោបាយក្នុងប្រទេស។ 
 
ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតកន្លងទៅ លោក Morcos បានសន្យាបង្រួបបង្រួមការបែកបាក់ក្នុងប្រទេស និងផលប្រយោជន៍ទៅប្រជាជនហ្វីលីពីនទាំងអស់។ 
 
លោក Marcos Jr អតីតសមាជិកសភាហ្វីលីពីន ក្នុងក្រសែអ្នកប្រឆាំង អាចនឹងដឹកនាំដូចឪពុកខ្លួនដែលបានកាន់អំណាចជិតពីរទសវត្សរ៍។ ក្នុងការដឹកនាំចាប់ពីឆ្នាំ១៩៦៥ លោក Ferdinand Marcos បានប្រើច្បាប់អាជ្ញាសឹក ចាប់ឃុំខ្លួនអ្នកប្រឆាំង និងប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំង មុនត្រូវបានបណ្ដេញចេញពីអំណាចនៅឆ្នាំ១៩៨៦។ 
 
ក្នុងពិធីនេះ ហ្វីលីពីន បានពង្រាយកម្លាំងសន្តិសុខប្រមាណ ១៥០០០នាក់ នៅក្នុងរដ្ឋធានីម៉ានីល ដើម្បីការពារសន្តិសុខ។ បន្ថែមពីការកាន់តំណែងជាប្រធានាធិបតី លោក Marcos Jr ក៏នឹងធ្វើជារដ្ឋមន្រ្តីកសិកម្មផងដែរ។ 
 
មុនពិធីតែងតាំងប្រធានាធិបតីថ្មី លោក ឌូទើតេ ក៏បានទទួលស្វាគមន៍លោក Marcos Jr ផងដែរ ទៅតាមទម្លាប់ពិធីការរបស់ហ្វីលីពីន។ លោកឌូទើតេ ក៏បានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងដែរ។
 
កូនស្រីលោក ឌូទើតេ គឺលោកស្រី Sara Duterte-Carpio ជាអនុប្រធានាធិបតីថ្មី៕ 
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com