ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឃុំ-សង្កាត់៖ គណបក្សយុវជន​កម្ពុជារបស់ ពេជ្រ ស្រស់ ជាប់ជា​ជំទប់ទី២នៅ​ឃុំចំនួន​៣
30, Jun 2022 , 9:59 pm        
រូបភាព
ដោយ: រួបរួម
 សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ គណបក្សយុវជន​កម្ពុជា ដែលដឹកនាំ​ដោយលោក ពេជ្រ ស្រស់ ទទួលបានអាសនៈ​ជាជំទប់ទី២នៅ​ចំនួន​បីឃុំ ពោលគឺ​ឃុំស្វាយពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, ឃុំ​ត្រពាំងបី ស្រុកឈូក ខេត្តកំពត និង ឃុំជ្រោយ​ស្វាយ ស្រុក​ស្រែអំបិល ខេត្តកោះកុង។

 
នៅឃុំស្វាយពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមាន​៧អាសនៈ លោក សួង សៀម ពីគណបក្ស​យុវជន​កម្ពុជា ជាប់ជាជំទប់ទី២ រីឯលោក នូ លាភ ពីគណបក្ស​ប្រជាជនកម្ពុជា ជាមេឃុំ និង​លោក គាន់ ថាត ពីគណបក្ស​ភ្លើងទៀន ជាជំទប់ទី១។ សមាជិក​៤រូបទៀត មាន លោក ហ៊ឹន អ៊ឺន, អ្នកស្រី ណយ វណ្ណះ, លោក សៀន សុខខន ពីគណបក្ស​ប្រជាជនកម្ពុជា និង​លោក យឿន វឿន ពីគណបក្សភ្លើងទៀន។
 
នៅឃុំ​ត្រពាំងបី ស្រុកឈូក ខេត្តកំពត លោក ប៊យ សុវណ្ណ ពីគណបក្សយុវជន​កម្ពុជា បានតំណែងជា​ជំទប់ទី២ ខណៈ លោក ប៉ុក សារិន ពីគណបក្ស​ប្រជាជន​កម្ពុជា ជាមេឃុំ និង​លោក ឆែម ស៊ីណាត ពីគណបក្ស​ភ្លើងទៀន ជាជំទប់ទី១។ សមាជិកពីររូបទៀត​ សុទ្ធតែមកពីគណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​ អ្នកស្រី ស៊ឹម ចាន់តារ៉ា និង​លោក ណឹប ប្រុស។
 
នៅឃុំជ្រោយ​ស្វាយ ស្រុក​ស្រែអំបិល ខេត្តកោះកុង ឯណោះវិញ លោក ឡាយ តាំ ជាសមាជិក​ក្រុម​ប្រឹក្សា​តែម្នាក់គត់ ដែលជាកូតាគណបក្ស​យុវជន​កម្ពុជា ដោយបានតំណែងជាជំទប់ទី២ ខណៈ​អ្នក​ជាប់ឆ្នោតផ្សេងទៀត សុទ្ធតែជា​សមាជិកគណបក្ស​ប្រជាជន​កម្ពុជា ដែលរួមមាន លោក ប៊ុន រ៉េ ជាមេឃុំ, លោក ថន រុន ជាជំទប់ទី១ លោក ជា សារិន និងអ្នក​ស្រី លេ ស៊ី ជា​សមាជិក។
 
គណបក្សយុវជន​កម្ពុជា ក៏បានចូលរួម​ប្រកួត​ប្រជែង​កាលពី​ការបោះឆ្នោតឃុំ-សង្កាត់​កាលពីឆ្នាំ២០១៧ ផងដែរ ប៉ុន្តែមិនទទួលអាសនៈឡើយ។ សម្រាប់​ការប្រកួត​ប្រជែងក្នុងអាណត្តិទី៥ គណបក្សយុវជន​កម្ពុជា បាន​ដាក់​បេក្ខភាព​ប្រកួត​ប្រជែងនៅ​១១៤ឃុំ-សង្កាត់ ក្នុង១៨រាជធានី-ខេត្ត។
 
យោងតាមលទ្ធផលផ្លូវការ គណបក្សចំនួន៩ក្នុងចំណោម១៧ បានទទួលអាសនៈក្នុងអណត្តិទី៥នេះ ដោយក្នុងចំណោម១១៦២២អាសនៈនៃ១៦៥២ឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជា ទទួលបានទៅដល់ ៩៣៧៦អាសនៈ គណបក្សភ្លើងទៀន បាន ២១៩៨អាសនៈ។
 
គណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅលេខ៣ ដោយបាន១៩អាសនៈ បន្ទាប់មកគណបក្សខ្មែររួបរួមជាតិ បាន១៣អាសនៈ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន៦អាសនៈ គណបក្សខ្មែរស្រឡាញ់ជាតិ បាន៥អាសនៈ គណបក្សយុវជនកម្ពុជា បាន៣អាសនៈ គណបក្សកម្ពុជានិយម បាន១អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បាន១អាសនៈ។
 
បើតាមគ.ជ.ប ពលរដ្ឋចេញទៅបោះឆ្នោត មានជិត៧,៤លាននាក់ ដែលស្មើនឹង៨០,៣២ភាគរយ ខណៈសន្លឹកឆ្នោតបានការមានជាង៧,២លានសន្លឹក និងមិនបានការមានជិត១៦ម៉ឺនសន្លឹក៕ 
 
 
 

Tag:
 បោះឆ្នោត
  យុវជន​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com