កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន ផ្ដាំឲ្យសហព័ន្ធទាំងអស់ កុំឲ្យមើលស្រាលលើកីឡាករ និងកីឡាការិនី
30, Jun 2022 , 6:59 pm        
រូបភាព
សន្និសីទសារព័ត៌មានសង្វៀនគុណខ្មែរពិភពលោក រូបពីលោក រិន រចនា
សន្និសីទសារព័ត៌មានសង្វៀនគុណខ្មែរពិភពលោក រូបពីលោក រិន រចនា
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (Camsoc) ស្នើឱ្យយកចិត្តទុកដាក់លើកីឡាករ និងកីឡាការិនីច្រើន ដើម្បីទទួលបានផលប្រយោជន៍មកសហព័ន្ធនីមួយៗវិញ។ លោក វ៉ាត់ ចំរើន ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៃព្រឹត្តិការណ៍សង្វៀនគុនខ្មែរ ជើងឯកពិភពលោក (World Fight Tournament) បានរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នាព្រឹកថ្ងៃទី៣០ ខែមិថុនា នៅKhalandale Mall។


លោក វ៉ាត់ ចំរើន ជំរុញឲ្យមន្ដ្រីតាមសហព័ន្ធយកចិត្តទុកដាក់លើអត្ដពលិកទាំងអស់ ដើម្បីសម្រេចបានសមិទ្ធផលល្អលើទីលានប្រកួត ។ 
 
«តួឯក គឺកីឡាករ និងកីឡាការិនី។ យកចិត្តទុកដាក់លើកីឡាករ កីឡាការិនីឲ្យកាន់តែច្រើន យើង នឹងទទួលបាននូវកិត្តិយស និងអត្ថប្រយោជន៍ច្រើន។ ប្រសិនយកចិត្តទុកដាក់លើកីឡាករ កីឡាការិនី បានតិច អត់គុណភាព ខ្វះការទាក់ទាញ។ កុំមើលស្រាលគាត់ កុំផ្ដល់ក្ដីអស់សង្ឃឹមឲ្យគាត់។»។ លោក វ៉ាត់ ចំរើន បានថ្លែងក្នុងសន្និសីទសារព័ត៌មានដូច្នេះ។
 
ព្រឹត្តិការណ៍ World Fight Tournament ធ្វើនៅថ្ងៃទី១១ ខែកក្កដា ចាប់ពីម៉ោង៥:០០រសៀល ដល់ម៉ោង៧:០០យប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ គូទីមួយ កីឡាករ ខាន់ ម៉េងហុង ប្រកួតជាមួយ Dylan Eagle កីឡាករអូស្ដ្រាលី, គូទីពីរ ប៉ឺត សង្ឃឹម ប៉ះជាមួយ Pen Thep Eak Muangnon កីឡាករថៃ, គូទីបី ម៉ឺន មេឃា ប្រកួតជាមួយ Felype Souze កីឡាករប្រស៊ីល។

នៅសង្វៀនដដែរនេះ ​កីឡាការិនី តូច ចាន់វត្តី ប្រកួតជាមួយ កីឡាការិនីអេសតូនៀ Mare Ruumei បន្ទាប់ពីជំនួបរវាង កីឡាករថៃ ប៊ូខាវ និង កីឡាករប៉េឡារុស Varats Dzmitry ដែលជាគូទី៤។
 
ក្រៅពីជំរុញឲ្យយកចិត្តទុកដាក់ដល់កីឡាករ និងកីឡាការិនីហើយ អគ្គលេខាធិការ Camsoc រូបនេះ ក៏ជំរុញឲ្យគ្រឹះស្ថានឯកជនចូលរួមគាំទ្រវិស័យកីឡា ជាពិសេសព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា។ ការចូលរួមជួយវិស័យកីឡា ត្រូវបានចាត់ទុកថា ជាការជួយដល់សង្គមទាំងមូល។ 
 
«កីឡា គឺជាសកម្មភាពសង្គម មិនមែនធ្វើដើម្បីប្រយោជន៍បុគ្គលណាម្នាក់ទេ តែធ្វើជាប្រយោជន៍ដល់សង្គមទាំងមូល។»។ លោក វ៉ាត់ ចំរើន បន្ថែមបែបនេះ។
 
ក្នុងសន្និសីទដដែលនេះ លោក វ៉ាត់ ចំរើន ក៏ជំរុញឲ្យមានការផ្សព្វផ្សាយទូលំទូលាយ នូវកីឡាអត្ដសញ្ញាណជាតិ ដូចជាល្បុកត្ដោ គុនខ្មែរ និងអ៊ុកចាក់ត្រង់។ «យើង មានសិទ្ធដាក់កីឡាអត្ដសញ្ញាជាតិ ចូលក្នុងការប្រកួតស៊ីហ្គេម តែត្រូវទទួលបានការគាំទ្រពីប្រទេស ដែលចូលរួម។»។ អគ្គលេខាធិការ NOCC ប្រាប់ក្នុងសន្និសីទដូច្នេះ។
 
គណៈកម្មការជាតិកីឡាអាស៊ីអាគ្នេយ៍ នឹងមានកិច្ចប្រជុំ ត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម (Sea Games Preparation council) នៅថ្ងៃទី១១ ដល់ទី១៣ ខែកក្កដា នៅសណ្ឋាគាសុខា ដោយនឹងមានការចូលរួម ពីសហព័ន្ធកីឡាអន្ដរជាតិ នៃបណ្ដាលប្រទេសផ្សេងៗ។ កិច្ចប្រជុំនេះ នឹងក្លាយជាការប្រជុំចុងក្រោយ ដែលគណៈកម្មការរៀបចំ ត្រូវកំណត់ប្រភេទវិញ្ញាសាកីឡា សម្រាប់ស៊ីហ្គេម២០២៣៕
 

Tag:
 ប្រដាល់គុនខ្មែរ
  World Fight Tournament
© រក្សាសិទ្ធិដោយ thmeythmey.com