អន្តរជាតិ
ប៉េកាំងជំទាស់ការចោទរបស់ណាតូដែលថា ចិនធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់ពិភពលោក
30, Jun 2022 , 9:29 pm        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian នៅថ្ងៃទី៣០ ខែមិថុនា ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បានជំទាស់សេចក្តីប្រកាសរបស់អង្គការណាតូ (NATO) ដែលចាត់ទុកចិនធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ។ បើតាមក្រសួងការបរទេសចិន សេចក្តីប្រកាសនោះ គឺគ្មានខ្លឹមសារ និងជាការបង្ខូចកេរ្តិ៍ឈ្មោះប្រទេសខ្លួន។

 
សម្ព័ន្ធយោធាណាតូ នៅថ្ងៃទី២៩ ខែមិថុនា បានចេញសេចក្តីប្រកាសកិច្ចប្រជុំក្រុងម៉ាឌ្រីដ ដែលបានចាត់ទុកចិន បានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ សន្តិសុខ តម្លៃរបស់សមាជិកណាតូ រួមទាំងស្វះស្វែងរកការបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ។ នេះជាសេចក្តីថ្លែងការណ៍លើកដំបូង ដែលអង្គការណាតូកំណត់ចិន ជាប្រទេសធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់អន្តរជាតិ។
 
ជាការឆ្លើយតប ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Zhao Lijian អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បានជំទាស់សេចក្តីថ្លែងការណ៍កិច្ចប្រជុំក្រុងម៉ាឌ្រីដយ៉ាងដាច់អហង្ការ។ 
 
«ឯកសារយុទ្ធសាស្រ្តថ្មីរបស់ណាតូ មិនបង្ហាញការពិត ធ្វើឱ្យច្រឡំរវាងខ្មៅ និងស...និងបង្ខូចកេរ្តិ៍ឈ្មោះចិន»។ លោក Zhao បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ការចាត់ទុកចិន ជាការគំរាមកំហែង គឺគ្មានប្រយោជន៍។
 
ក្នុងថ្ងៃទី២៩ ខែមិថុនា អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជុំវិញបញ្ហាអ៊ុយក្រែន បានជំទាស់ការពាក់ព័ន្ធរបស់អង្គការណាតូ (NATO) មកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំងការបង្កើតសម្ព័ន្ធយោធាស្រដៀងអង្គការមួយនេះក្នុងតំបន់។ ប្រេសិតចិន បានទទូចឱ្យសម្ព័ន្ធយោធាណាតូ បញ្ឈប់ការបង្ករឿង និងបោះបង់គំនិតបែបសង្រ្គាមត្រជាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន Global Times។
 
លោក Zhang បានកត់សម្គាល់ថា ការពង្រីកសមាជិកអង្គការណាតូទៅតំបន់អឺរ៉ុបខាងកើត មិនត្រឹមតែធ្វើឱ្យប៉ះពាល់សន្តិសុខអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កឱ្យមានជម្លោះថែមទៀត។ បើតាមលោក Zhang នេះជាមេរៀនសម្រាប់ការពិចារណាដ៏មានតម្លៃ៕ 
 

Tag:
 ចិន
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com