ជាតិ
សេដ្ឋកិច្ច
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ អាជីវកម្មតាមអនឡាញ៦ប្រភេទ មិនតម្រូវឱ្យចុះបញ្ជីឡើយ
30, Jun 2022 , 6:49 pm        
រូបភាព
ម្ចាស់អាជីវកម្មអនឡាញ នាំគ្នាមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៣០មិថុនា ឆ្នាំ២០២២។
ម្ចាស់អាជីវកម្មអនឡាញ នាំគ្នាមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៣០មិថុនា ឆ្នាំ២០២២។
មួយសប្តាហ៍ចុងក្រោយនេះ អ្នករកស៊ីតាមអនឡាញបានសម្រុកមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដើម្បីចៀសវាងការរងពិន័យក្នុងទំហំទឹកប្រាក់១០លានរៀល(២ ៥០០ដុល្លារ)។ បើតាម លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីឬការស្នើអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្មនេះ ត្រូវបានលើកលែងចំពោះអាជីវកម្មចំនួន ៦ប្រភេទ។



លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា  មានអាជីវកម្មតាមអនឡាញចំនួន៦ប្រភេទ ត្រូវបានលើកលែង ក្នុងការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ ក្នុងនោះមាន អាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មនៃទំនិញឬសេវាកម្មតាមអនឡាញដែលមិនបង្កើតនូវសំណើនៃកិច្ចសន្យា។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបាននិយាយតាមរយៈសារសំឡេងដែលផ្តល់ផ្ញើឱ្យសារព័ត៌មានថ្មីៗ(ThmeyThmey)តាមប្រព័ន្ធតេលេក្រាម នារសៀលថ្ងៃទី៣០មិថុនា ថា ៖«សំណើនៃកិច្ចសន្យា គឺជាការទិញលក់ដែលធ្វើឱ្យគូរភាគីជាប់កាតព្វកិច្ច។ អ៊ីចឹង! អ្នកត្រូវច្បាស់ថា បើការផ្សព្វផ្សាយពាណិជ្ជកម្មមិនមែនបង្កើតសំណើនៃកិច្ចសន្យាទេ នោះម្ចាស់អាជីវកម្មមិនចាំបាច់មកសុំអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញតទេ»។

សម្រាប់ប្រភេទអាជីវកម្មដែលកក់បម្រុងទុកនូវសេវាណាមួយ ដែលមិនមានការកត់ប្រាក់ឬទូទាត់កម្រៃដោយអតិថិជនជាអ្នកប្រើប្រាស់ ក៏ត្រូវបានលើកលែង ផងដែរ។  នេះជាការលើកឡើងរបស់លោក សុវិជាតិ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ 

លោកបន្តរៀបរាប់ថា ចំពោះការលក់ទំនិញឬសេវារបស់រូបវន្តបុគ្គល/សហគ្រាសបុគ្គលដែលមានផលរបរក្រោមកម្រិតអ្នកជាប់ពន្ធតូច ចំនួន២៥០លានរៀលក្នុងមួយឆ្នាំ ក្រសួងក៏មិនតម្រូវឱ្យចុះបញ្ជីដែរ។ ត្រង់ចំណុចនេះ លោក សុវិជាតិ ប្រាប់ម្ចាស់អាជីវកម្មទាំងអស់ត្រូវប្រយ័ត្នខ្ពស់ ព្រោះកម្ពុជា ជាប្រទេសអនុវត្តរបបពន្ធស្វ័យប្រកាស ដែលម្ចាស់អាជីវកម្មម្នាក់ៗត្រូវប្រកាសដោយខ្លួនឯង។ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បញ្ជាក់ថា៖« ករណីនេះ ម្ចាស់អាជីវកម្មចាំបាច់ត្រូវតែមានការប្រកាសពន្ធឱ្យត្រឹមត្រូវដែលមានការទទួលស្គាល់ដោយអគ្គនាយកដ្ឋានពន្ធដារ»។

បើតាមលោក ប៉ែន សុវិជាតិ ការលក់ទំនិញឬសេវាតាមរដូវកាល, ការបង្ហាត់បង្រៀនតាមអនឡាញ និងការលក់ទំនិញឬសេវាកម្មដែលជាស្នាដៃសិល្បៈផ្ទាល់ខ្លួន ដូចជា៖ ការគូរគំនូរ ការឆ្លាក់រូបចម្លាក់នានា ដែលដាក់តាំងលក់លើហ្វេសប៊ុក ឬគេហទំព័រផ្ទាល់ខ្លួន ក៏មិនតម្រូវឱ្យម្ចាស់អាជីវកម្មនោះមកសុំអាជ្ញាប័ណ្ណ ឬមកចុះបញ្ជី ដែរ។

ជាមួយគ្នានេះ សុវិជាតិ បានក្រើនរឭកដល់និតិបុគ្គល ឬអ្នកសហការក្រុមហ៊ុនបរទេសដែលធ្វើប្រតិបត្តិការឬសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក( e-commerce) ដូចជា៖ សេវាគេហទំព័រពាណិជ្ជកម្ម, សេវាស្នើពាណិជ្ជកម្ម, សេវាទីផ្សារអនឡាញ, សេវាគេហទំព័រដេញថ្លៃ និងសេវាផ្សេងៗទៀត គឺចាំបាច់ត្រូវចុះបញ្ជី ឬសុំលិខិតអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម។ បើពុំដូច្នោះទេ ម្ចាស់អាជីវកម្មទាំងនោះនឹងរងការពិន័យដែលអាចឈានដល់ទំហំទឹកប្រាក់ ១០លានរៀល។

កន្លងមក ក្រសួងពាណិជ្ជកម្មបានពន្យារពេលពីរដងរួចហើយចំពោះម្ចាស់អាជីវកម្មតាមអនឡាញ។ ប៉ុន្តែមកទល់ពេលនេះ គឺមិនទាន់មានការណែនាំថ្មីពីថ្នាក់ដឹកនាំ ឱ្យបន្តពន្យារពេលទៀតនោះទេ។ លោក ប៉ែន សុវិជាតិ បានបន្ថែមដូច្នេះ ដោយបញ្ជាក់ថា៖ «ការផាកពិន័យចំពោះអ្នកដែលមិនទាន់បានចុះបញ្ជី នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១កក្កដា ឆ្នាំ២០២២ តទៅ»៕

Tag:
 ពាណិជ្ជកម្ម
  លោក ប៉ែន សុវជាតិ
  e-commerce
© រក្សាសិទ្ធិដោយ thmeythmey.com