កីឡាជាតិ
ជាតិ
AFC Cup ៖ វិសាខាអស់ឱកាស ក្រោយចាញ់ក្រុម Kedah FC លទ្ធផល ៥-១
30, Jun 2022 , 10:12 pm        
រូបភាព
រូបភាព៖ AFC Cup
រូបភាព៖ AFC Cup
ដោយ៖ ហៀក ឆក 

ក្លិបបាល់ទាត់វិសាខាអស់ឱកាស ក្រោយចាញ់ក្រុម Kedah FC លទ្ធផល ៥-១ វគ្គជម្រុះក្នុងពូល G នៃពានរង្វាន់បាល់ទាត់ AFC Cup ២០២២ តំបន់អាស៊ាន នាកីឡដ្ឋាន Kapten I Wayan Dipta ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី៣០ ខែមិថុនា។ ខ្សែបម្រើប្រយុទ្ធរបស់ Kedah FC កីឡាករ Mahmoud Mardi រកបាន Hat-Trick ក្នុងប្រកួតនេះ។


ដើមវគ្គទី១ នាទី១២ ខ្សែប្រយុទ្ធ R.Ngah របស់ក្រុម Kedah FC ទទួលបានបាល់ពិន័យ១១ម៉ែត្រផងដែរ បន្ទាប់ពីអ្នកចាំទីវិសាខា កែវ សុខសិលា បង្ករកំហុសក្នុងប្រអប់គ្រោះថ្នាក់ ប៉ុន្តែសំណាងសម្រាប់ក្រុមវិសាខា បន្ទាប់ពីខ្សែប្រយុទ្ធ R.Ngah ស៊ុតបាល់ពិន័យមិនចូល។ វិសាខាបើកការវាយបកមកវិញរកគ្រាប់បាល់នាំមុខ Kedah FC ១០ នៅនាទី១៩ ដោយខ្សែការពារកណ្តាល Mohammed Khan ក្រោយបញ្ជូនបាល់ពីខ្សែបម្រើ ទៀត គឹមហេង។
 
ការស្រេកឃ្លានជ័យជម្នះរបស់ Kedah FC ពិតជាគួរឲ្យចង់ទស្សនាពោល៨នាទីក្រោយ ខ្សែបម្រើប្រយុទ្ធពាក់លេខ ១០ Mahmoud Mardi បំប៉ោងសំណាញ់ទីវិសាខា បានសម្រេចបន្ទាប់ពីការបញ្ជូនបាល់ពីខ្សែបម្រើការពារ N’ Guessan។ មិនបញ្ចប់ត្រឹមនេះនោះទេមុននឹងសម្រាក ៤៥នាទីវគ្គទី១ Kedah FC បានបន្ថែមគ្រាប់ទី២ ដោយកីឡាករពាក់លេខ ១០ ដដែលនៅនាទី ៤៥+២។ បញ្ចប់ក្នុងវគ្គទី១ Kedah FC នាំមុខក្រុមបាល់ទាត់ វិសាខា បណ្ដោះអាសន្ន២-១។
 
ដើមវគ្គទី២ វិសាខា បានប្តូរខ្សែការពារ ទេស សម្បត្តិចូលជំនួសកីឡាករ Mohammed Khan។ ការប្រកួតមានការផ្លាស់ប្តូរយុទ្ធសាស្រ្ត និងកីឡាកររៀងៗខ្លួន ដោយនៅនាទី៥៤ គ្រាប់ទី៣ របស់ខ្សែបម្រើប្រយុទ្ធ Kedah FC បានស៊ុតបញ្ចូលទីបាន១គ្រាប់ទៀត ក្រោយបញ្ជូនបាល់ពីខ្សែបម្រើដូរចូលថ្មី F.Zulkifli។ ៥នាទីក្រោយខ្សែបម្រើទើបនឹងដូរចូលថ្មីនេះបាន ទម្លាយសំណាញ់ទី គ្រាប់ទី៤ជូនក្រុម បន្ទាប់បញ្ជូនបាល់ដោយខ្សែប្រយុទ្ធ R.Ngah និងគ្រាប់ទី៥ រកបានដោយខ្សែប្រយុទ្ធ R.Ngah នៅនាទី ៧៦។
 
បញ្ចប់ការប្រកួត ក្រុមបាល់ទាត់ Kedah FC យកឈ្នះទៅលើក្រុម វិសាខា ៥-១ ក្នុងជំនួបចុងក្រោយវគ្គជម្រុះពូល G នៃពានរង្វាន់បាល់ទាត់ AFC Cup 2022 នាកីឡដ្ឋាន Kapten I Wayan Dipta ប្រទេសឥណ្ឌូណេស៊ី។ 
 
សរុបលទ្ធផលក្នុងពូល G វិសាខា រក្សាតំណែងលេខ២ ក្នុងពូលដោយមាន៦ពិន្ទុ ឈរលើក្រុម Bali United មាន៦ពិន្ទុដូចគ្នា ប៉ុន្តែមានគ្រាប់ស៊ុតច្រើនជាង ខណៈ Kedah ឈរលេខ១ ឈ្នះកៅអីវគ្គ បន្ទាប់ និង Kaya FC ឈរលេខ៤។ 

ក្រោយចាញ់ការប្រកួតនេះ វិសាខាខកខានឈានជើងចូលវគ្គបន្ទាប់ ដ្បិតក្រុម Kuala Lumpur ដែលឈរលេខ២ពូល H មានតែ៣ក្រុម រកបាន៤ពិន្ទុ ឈ្នះកៅទៅវគ្គបន្ទាប់ក្នុងនាមជាក្រុមលេខ២ល្អ។ ក្រុមដែលឈានជើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ានមានក្រុម Kedah Darul Aman លេខ១ពូលG  ក្រុម PSM Makassar លេខ១ និង Kuala Lumpur CIty លេខ២ ពូល H និងក្រុម Viettel ពូល I។

ជំនួបពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Cup 2022 តំបន់អាស៊ាន នឹងធ្វើឡើងនៅថ្ងៃទី៩ ខែសីហា រវាងក្រុម PSM Makassar ទល់ក្រុម Kedah Darul Aman FC និងថ្ងៃទី១០ ខែសីហា ជំនួបរាងក្រុម Viettel FC ទល់ក្រុម Kuala Lumpur City៕
 

Tag:
 បាល់ទាត់
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com