អន្តរជាតិ
លោកវីដូដូ៖ ឥណ្ឌូណេស៊ីត្រៀមខ្លួនជាស្រេចដើម្បីជួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែនចាប់ផ្តើមការចរចា
01, Jul 2022 , 9:59 am        
រូបភាព
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ជាមួយលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី (ខាងស្តាំ) នៅថ្ងៃទី៣០ ខែមិថុនា។ រូបភាពយកពីFacebook របស់ប្រធានាធិបតីឥណ្ឌូណេស៊ី
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ជាមួយលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី (ខាងស្តាំ) នៅថ្ងៃទី៣០ ខែមិថុនា។ រូបភាពយកពីFacebook របស់ប្រធានាធិបតីឥណ្ឌូណេស៊ី
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃទី៣០ ខែមិថុនា ក្នុងជំនួបជាមួយសមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានអះអាងថា លោកបានត្រៀមខ្លួនជាស្រេចក្នុងការជួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែនចាប់ផ្តើមការចរចាជាមួយគ្នាដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ បើតាមលោកវីដូដូ បើទោះពេលនេះ ស្ថានភាពក្នុងពេលបច្ចុប្បន្ន គឺពិបាក ប៉ុន្តែការដោះស្រាយជម្លោះប្រកបដោយសន្តិភាព ពិតជាសំខាន់ ខណៈទ្វារចរចានៅតែបើកចំហ។

 
បន្ទាប់ពីចាកចេញពីអ៊ុយក្រែន លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានធ្វើទស្សនកិច្ចនៅរុស្ស៊ីដើម្បីជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក្នុងថ្ងៃទី៣០ ខែមិថុនា ដើម្បីស្វែងរកកិច្ចចរចាសន្តិភាពរវាងក្រុងកៀវ និងក្រុងមូស្គូ។
 
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីរុស្ស៊ី លោក វីដូដូ បានអះអាងថា ឥណ្ឌូណេស៊ី បានត្រៀមខ្លួនជាស្រេច ក្នុងការជួយប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែនចាប់ផ្តើមទំនាក់ទំនងជាមួយគ្នា។ យ៉ាងណាមិញ ប្រធានាធិបតីឥណ្ឌូណេស៊ី មិនបានផ្តល់ការលម្អិតជុំវិញការលើកឡើងបែបនេះឡើយ។ កន្លងមក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានទទូចចង់ជួបចរចាដោយផ្ទាល់ជាមួយលោកពូទីន ជាច្រើនលើក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់វិមានក្រេមឡាំងចេញនៅថ្ងៃទី៣០ ខែមិថុនា។ 
 
ស្របគ្នានេះ លោកវីដូដូ ដែលជាប្រធានផ្លាស់វេនក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) ផងនោះ បានបន្តថា លោកក៏បានបញ្ជូនសារពីលោកហ្សេលេនស្គី ទៅប្រាប់លោកពូទីនផង ជុំវិញការចរចាសន្តិភាព។ 
 
នៅចំពោះមុខលោកពូទីន ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលត្រូវស្គាល់ថា លោក ចូកូវី នោះ បានយល់ថា បើទោះស្ថានភាពក្នុងពេលបច្ចុប្បន្នមានភាពលំបាក ប៉ុន្តែការដោះស្រាយជម្លោះប្រកបដោយសន្តិភាព គឺសំខាន់ណាស់ ក្នុងការឆ្ពោះទៅមុខ ខណៈច្រកទ្វារសម្រាប់កិច្ចចរចានៅតែបន្តបើកចំហរ។ 
 
បើតាមមេដឹកនាំឥណ្ឌូណេស៊ី ដែលបានចាត់ទុកទស្សនកិច្ចខ្លួនជាបេសកកម្មនាំសន្តិភាពសម្រាប់ក្រុងកៀវ និងក្រុងមូស្គូ បានបន្ថែមថា រដ្ឋាភិបាលក្រុងហ្សាការតា ចង់ឃើញសង្រ្គាមបញ្ឈប់ក្នុងពេលឆាប់ៗ និងច្រវាក់ផ្គត់ផ្គង់ប្រភពថាមពល ជី និងអាហារ អាចចាប់ផ្តើមវិញភ្លាមៗ។ សង្រ្គាមនៅអ៊ុយក្រែន​បានធ្វើឱ្យគ្រាប់ធញ្ញជាតិជាច្រើនតោនត្រូវជាប់គាំង និងមិនអាចនាំចេញបាន។ 
 
ចំណែកលោកពូទីនវិញ បានចាត់ទុកជំនួបជាមួយលោក វីដូដូ ថា ទទួលបានផ្លែផ្កាល្អ។ មេដឹកនាំរុស្ស៊ីបានបន្ថែមថា កិច្ចព្រមព្រៀងដែលសម្រេចដោយប្រទេសទាំងពីរ នឹងជួយពង្រឹងទំនាក់ទំនងក្រុងហ្សាការតា និងក្រុងមូស្គូបន្ថែមទៀត។​ 
 
យ៉ាងណាមិញ ក្នុងសន្និសីទសារព័ត៌មាននេះ លោកពូទីន មិនបានលើកឡើងពីស្ថានការណ៍នៅអ៊ុយក្រែនច្រើនឡើយ។ ប៉ុន្តែមេដឹកនាំរុស្ស៊ី បានប្រាប់លម្អិតពីស្ថានការណ៍នៅអ៊ុយក្រែនក្នុងជំនួបជាមួយមេដឹកនាំឥណ្ឌូណេស៊ី។ 
 
បន្ថែមពីបញ្ហាអ៊ុយក្រែន មេដឹកនាំរុស្ស៊ី និងឥណ្ឌូណេស៊ី ក៏បានពិភាក្សាពីពាណិជ្ជកម្មទ្វេភាគី ការអភិវឌ្ឍទំនាក់ទំនង ការកាន់តំណែងជាប្រធានក្រុមប្រទេសG20 របស់ឥណ្ឌូណេស៊ី ជំងឺកូវីដ-១៩ និងបញ្ហាផ្សេងទៀត៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com