អន្តរជាតិ
លោក ស៊ី ជិនភីង៖ ប្រជាធិបតេយ្យហុងកុង នៅតែស្របតាមគោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរ
01, Jul 2022 , 11:59 am        
រូបភាព
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន។ រូបភាព៖ CGTN
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន។ រូបភាព៖ CGTN
ប្រធានាធិបតិចិន ស៊ី ជិនភីង នៅថ្ងៃទី១ ខែកក្កដា អះអាងថា ប្រជាធិបតេយ្យហុងកុង នៅតែគោរពតាមគោលការណ៍«ប្រទេសមួយ ប្រព័ន្ធពីរ» ដដែល។ លោក ស៊ី  លើកឡើងបែបនេះក្នុងពិធីប្រារព្ធខួបលើកទី២៥ ដែលហុងកុងត្រូវអង់គ្លេសប្រគល់ឱ្យចិនវិញ ហើយដែលជាការឆ្លើយតប បណ្តាប្រទេសលោកខាងលិចដែលចោទប៉េកាំងថា លុបបំបាត់ប្រជាធិបតេយ្យ ក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ បន្ទាប់ពីការអនុម័តច្បាប់សន្តិសុខជាតិក្នុងឆ្នាំ២០២០ រួមទាំងកែប្រែប្រព័ន្ធបោះឆ្នោត។

 
ហុងកុង ក្នុងថ្ងៃទី១​ ខែកក្កដា បានប្រារព្ធខួបលើកទី២៥ នៃការវិលត្រលប់មកស្ថិតក្រោមការគ្រប់គ្រងរបស់ចិនវិញ បន្ទាប់ពីអង់គ្លេសប្រគល់ឱ្យនៅក្នុងឆ្នាំ១៩៩៧។ ក្នុងពិធីដ៏អធិកអធមនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ដែលទៅដល់ហុងកុងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ មកនោះ និយាយថា ការអនុវត្តប្រជាធិបតេយ្យក្នុងក្រុងហុងកុង នៅតែគោរពតាមគោរការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»។ 
 
«ប្រជាធិបតេយ្យរបស់ហុងកុង នៅតែស្របតាមគោលការណ៍ ប្រទេសមួយ ប្រព័ន្ធពីរ»។ លោក ស៊ី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ច្បាប់មូលដ្ឋានហុងកុង នៅតែធានាសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន និងរក្សាស្ថិរភាព រួមទាំងវិបុលភាពរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះដដែល។ 
 
ដោយចាត់ទុកគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ជាគំនិតផ្តួចផ្តើមដ៏អស្ចារ្យ មេដឹកនាំចិន បញ្ជាក់ទៀតថា គោលបំណងនៃគោលការណ៍មួយនេះ គឺប្រកាន់ខ្ជាប់អធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍរបស់ចិន។ លោក ស៊ី ក៏បាននិយាយការពារសកម្មភាពរដ្ឋាភិបាលប៉េកាំងនាពេលកន្លងមកផងដែរ ដោយអះអាងថា ដើម្បីរក្សាផលប្រយោជន៍របស់ចិន ហុងកុង និងម៉ាកាវ។ 
 
បើតាមលោក ស៊ី ដែលជាអគ្គលេខាបក្សកុម្មុយនីស្តចិនផងនោះ ចិននឹងបន្តអនុវត្ត «ប្រទេសមួយ ប្រព័ន្ធពីរ» ដោយគ្មានការរាថយឡើយ។ មិនតែប៉ុណ្ណោះ លោក ស៊ី ពន្យល់ថា គោលការណ៍មួយនេះ បានបម្រើផលប្រយោជន៍ចិន និងត្រូវបានគាំទ្រដោយប្រជាជន១,៤ពាន់លាននាក់ រួមទាំងទទួលស្គាល់ដោយសហគមន៍អន្តរជាតិទៀតផង។ 
 
ត្រង់ចំណុចនេះ ប្រធានាធិបតីចិន បានថ្លែងថា គ្មានហេតុផលអ្វី ដែលត្រូវផ្លាស់ប្តូរប្រព័ន្ធដឹកនាំនៅហុងកុងឡើយ។ លើសពីនោះ ប្រមុខរដ្ឋចិន ក៏សង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការអនុវត្តគោលការណ៍អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង។ ក្នុងន័យនេះ លោក ស៊ី បន្តថា ការរក្សាអំណាចនយោបាយនៅក្នុងដៃអ្នកស្នេហាជាតិ ជាវិធាននយោបាយ ដែលត្រូវបានប្រទេសជាច្រើនក្នុងពិភពលោកអនុវត្ត។ 
 
«គ្មានប្រជាជន ប្រទេស ឬដែនដីណាមួយក្នុងពិភពលោក អនុញ្ញាតឱ្យអំណាចនយោបាយ ធ្លាក់ក្នុងដៃជនមិនស្រលាញ់ជាតិ ឬជនក្បត់ជាតិឡើយ»។ មេដឹកនាំចិន បានកត់សម្គាល់បែបនេះ ដោយបន្តថា ការផ្តល់អំណាចឱ្យជនស្នេហាជាតិ នៅក្នុងក្រុងហុងកុង គឺជាសំខាន់ណាស់ ដើម្បីការពារវិបុលភាព និងស្ថិរភាព រួមទាំងផលប្រយោជន៍របស់ប្រជាជន។ 
 
យ៉ាងណាមិញ ក្នុងសុន្ទរកថាប្រមាណ ៤០នាទីនេះ លោក ស៊ី មិនបានប្រើពាក្យសម្តីធ្ងន់ៗ ដាក់ប្រទេសលោកខាងលិច ដែលបានដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់ហុងកុងជាច្រើនរូប បន្ទាប់ពីច្បាប់សន្តិសុខជាតិត្រូវបានអនុម័តក្នុងឆ្នាំ២០២០ ឡើយ។ 
 
កន្លងមក ប្រទេសលោកខាងលិច បានរិះគន់រដ្ឋាភិបាលក្រុងប៉េកាំងយ៉ាងខ្លាំង ជុំវិញការរឹតត្បិតសិទ្ធិសេរីភាព និងប្រជាធិបតេយ្យនៅក្នុងតំបន់រដ្ឋបាលពិសេសមួយនេះ បន្ទាប់ពីការអនុម័តច្បាប់សន្តិសុខជាតិ និងធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ដែលអនុញ្ញាតឱ្យជនស្នេហាជាតិឈរឈ្មោះប៉ុណ្ណោះ។ 
 
លោកចន លីស្បថចូលកាន់តំណែងជាប្រធានប្រតិបត្តិហុងកុង ជាផ្លូវការ
 
មុនសុន្ទរកថារបស់ប្រធានាធិបតីចិន លោក ចន លី បានស្បថចូលកាន់តំណែងជាប្រធានប្រតិបត្តិហុងកុងជាផ្លូវការ ដោយប្តេជ្ញារក្សាស្ថិរភាព និងការអភិវឌ្ឍក្នុងទីក្រុង។ 
 
«ខ្ញុំនឹងដឹកនាំរដ្ឋាភិបាលហុងកុង ដើម្បីការរីកចម្រើន និងកសាងហុងកុងប្រកបដោយបរិយាប័ន្ន...»។ លោក ចន លី បានសង្កត់ធ្ងន់បែបនេះ បន្ទាប់ពីស្បថចូលកាន់តំណែង មុនរំឭកពីថ្ងៃដែលហុងកុង ត្រូវបានអង់គ្លេសប្រគល់ឱ្យចិនវិញ។ 
 
នៅចំពោះមុខប្រធានាធិបតីចិន និងមន្រ្តីជាន់ខ្ពស់ចិនផ្សេងទៀត ប្រមុខហុងកុង ដែលទើបស្បថចូលកាន់តំណែងរូបនេះ បានអរគុណដោយរដ្ឋាភិបាលកណ្តាល រួមទាំងប្រជាជនហុងកុង ដែលជួយមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ ក្នុងការជម្នះបញ្ហាផ្សេងៗ ដូចជាជំងឺកូវីដ-១៩ ជាដើម។
 
សូមបញ្ជាក់ថា លោក ចន លី ជាមេដឹកនាំហុងកុងមួយរូប ដែលស្ថិតនៅក្រោមទណ្ឌកម្មអាម៉េរិក បន្ទាប់ពីច្បាប់សន្តិសុខជាតិចូលជាធរមាននៅក្នុងឆ្នាំ២០២០៕ 
 

Tag:
 ហុងកុង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com