អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិនច្រានចោលសម្ដីរបស់នាយករដ្ឋមន្រ្តីនូវែលសេឡង់​ដែលថាខ្លួនព្យាយាមកែច្បាប់អន្តរជាតិ
01, Jul 2022 , 1:55 pm        
រូបភាព
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា អាឌើន។ រូបថត AFP
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា អាឌើន។ រូបថត AFP
អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវេលីងតោន នៅថ្ងៃទី៣០ ខែមិថុនា បានបដិសេធការលើកឡើង​របស់នាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា អាឌើន អំឡុងកិច្ចប្រជុំកំពូលសម្ព័ន្ធយោធាណាតូ​ដែលចោទថា ចិនព្យាយាមកែច្បាប់ និងបទដ្ឋានអន្តរជាតិ។​ អ្នកនាំពាក្យដដែល​ចាត់ទុកការលើកឡើង​បែប​នេះជាការនាំទៅផ្លូវខុស។



អំឡុងកិច្ចប្រជុំកំពូលសម្ព័ន្ធយោធាណាតូនៅទីក្រុងម៉ាឌ្រីដនៅថ្ងៃទី២៩ ខែមិថុនា នាយករដ្ឋមន្ត្រី​នូវែលសេឡង់ ចាស៊ីនដា អាឌើន បានរិះគន់ក្រុងប៉េកាំងចំៗថា បានបង្កើនកម្លាំងទ័ពរបស់ខ្លួន និង​ប៉ុនប៉ងកែប្រែច្បាប់ និងបទដ្ឋានអន្តរជាតិនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

មិនទុកយូរឡើយ អ្នកនាំពាក្យស្ថានទូតចិនប្រចាំក្រុងវេលីងតោនបានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី៣០ ខែមិថុនា ដោយបានច្រានចោលការអះអាង​របស់ប្រមុខរដ្ឋាភិបាលនូវេលសេឡង់ ហើយ​ចាត់ទុកជាការអធិប្បាយនេះ ជាការខុសពីរឿងពិត ។

«យើងបានកត់សម្គាល់លើការអត្ថាធិប្បាយពាក់ព័ន្ធដែលធ្វើឡើងដោយភាគីនូវែលសេឡង់នៅការប្រជុំសម្ព័ន្ធយោធាណាតូដែលរួមមានការចោទប្រកាន់មិនត្រឹមត្រូវមួយចំនួនប្រឆាំងនឹងចិន»។ អ្នកនាំពាក្យ​ស្ថានទូតចិន បានលើកឡើងបែបនេះរួចបន្តថា​ការលើកឡើងបែបនោះ នឹងមិន​មានប្រយោជន៍​សម្រាប់​ការពង្រឹងទំនុកចិត្តទៅវិញទៅមករវាងប្រទេសទាំងពីរនោះឡើយ។

សេចក្ដីថ្លែងការណ៍ខាងលើដដែលនោះ បានហៅការអត្ថាធិប្បាយដោយលោកស្រី អាឌើន ជាការរំខាន និងធ្វើឱ្យមានអស្ថិរភាពនៅតំបន់សមុទ្រប៉ាស៊ីហ្វិកប៉ុណ្ណោះ។ ស្ថានទូតចិនបញ្ជាក់ថា ការកើន​ឡើង​ភាពតានតឹងនៅក្នុងតំបន់នោះ មិនមែនបណ្តាលមកពីកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយដៃគូកោះ​ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះទេ។

ដោយនិយាយដល់កិច្ចព្រមព្រៀងថ្មីៗរវាងចិន និងប្រទេសនៅតំបន់ប៉ាស៊ីហ្វិក អ្នកនាំពាក្យខាងលើ​អះអាងថា កិច្ចសហប្រតិបត្តិការនោះ មិនមានពាក់ព័ន្ធជាមួយការធ្វើយោធូបនីយកម្មនៅ​ក្នុងតំប​ន់​នោះ​ឡើយ។ ប៉ុន្តែបើមានមែន វាក៏មិនមែនជាចិនដែរ។

ទោះបីជាពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មជាមួយចិនក្ដី នូវេលសេឡង់ បានបង្កើនសំឡេងប្រឆាំងសកម្មភាពចុងក្រោយនៅតំបន់ប៉ាស៊ីហ្វិក ពិសេសការចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុនដែលនឹងពង្រឹងវត្តមានចិនក្នុងតំបន់កាន់តែខ្លាំង៕

Tag:
 ចិន
  នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com